Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាងផឹកស៊ី «ផ្ទះស្បូវបុកល្ហុង» ភ្លើងឆេះហ្មត់

ហាងផឹកស៊ី «ផ្ទះស្បូវបុកល្ហុង» ភ្លើងឆេះហ្មត់

ខេត្តកណ្តាល ៖ ហាងផឹកស៊ីខ្នាតតូច ១កន្លែង ដែលបើករកស៊ីដោយប្តីប្រពន្ធ ២នាក់ មានដាក់តុផឹកស៊ីប្រមាណតែ ៤-៥តុប៉ុណ្ណោះ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ភ្លាមៗ ទើបភ្លើងរលត់ទៅវិញទាំងស្រុង ដោយមិនរាលដាលដល់ផ្ទះក្បែរខាងឡើយ។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ហាងផឹកស៊ី «ផ្ទះស្បូវបុកល្ហុង» មានទីតាំងស្ថិតក្នុងភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល។

ហាងផឹកស៊ីដែលត្រូវអគ្គិភ័យឆេះបំផ្លាញខាងលើ សាងសង់ពីដែកប្រក់ស័ង្កសី និងមានតុបតែងដោយស្បូវ ព្រមទាំងភ្លើងពណ៌ជាដើម ដែលការបើកកន្លែងស៊ីផឹកនោះ មានត្រឹមតែ ៤ទៅ៥តុ តែប៉ុណ្ណោះ។ ចំណែកម្ចាស់ហាងខាងលើ មានឈ្មោះវ៉ា លីត្រា ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះអោ ស្រីស្រស់ អាយុ៣១ឆ្នាំ ស្នាក់នៅទីតាំងកើតហេត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានការឆ្លងចរន្តអគ្គិសនី រួចក៏បង្កជាអណ្តាតភ្លើងឆាបឆេះហាងខាងលើនេះ សន្ធោសន្ធៅតែម្តង ដោយសារតែសម្ភារៈតុបតែងក្នុងហាងមួយចំនួនធំ ធ្វើពីស្បូវ ដែលងាយបង្កការឆាបឆេះ។ ភ្លាមៗនោះ ម្ចាស់ហាង និងអ្នកជិតខាង ព្យាយាមពន្លត់ភ្លើងដែរ តែទប់ទល់មិនឈ្នះ ក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យ ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលស្រុកអង្គស្នួល កម្លាំងនគរ បាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ សហការជាមួយកម្លាំងជំនាញអគ្គិភ័យ រួមទាំងប្រជាពលរដ្ឋ សរុបចំនួន៤៧ នាក់ បានចុះជួយពន្លត់ភ្លើង ហើយដោយមានការជួយ អន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យផង ទើបភ្លើងរលត់ទៅវិញទាំងស្រុង។

គ្រោះអគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាតសម្ភារៈក្នុងហាង រួមមាន គ្រឿងសម្រាប់តុបតែងក្នុងហាង ធុងបាស់ មុង ភួយ ពូក ខ្នើយ ទូខោអាវ ព្រមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួនទៀត។ ប៉ុន្តែហេតុការណ៍នេះ មិន បណ្តាលមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ។ ចំណែកទំហំនៃការខូចខាត ក៏មិនទាន់អាចបូកសរុបបាននៅ ឡើយដែរ៕

RELATED ARTICLES