Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ២នាក់ ជួញថ្នាំញៀនជិត៧០០គីឡូ

វ៉ៃខ្នោះ២នាក់ ជួញថ្នាំញៀនជិត៧០០គីឡូ

ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីករណីជួញដូរគ្រឿង ញៀន នៅចំណុចទីតាំងចំនួន២ផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ចំនួន២នាក់ ព្រមទាំងដកហូតថ្នាំញៀន សរុបប្រមាណជិត ៧០០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅគោលដៅចំនួន២ ទី១-ស្ថិតនៅខុនដូហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងគោលដៅទី២- ស្ថិតនៅខុនដូ ផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹង កេងកងទី១ ខណ្ឌបឹងកេងកង។

 តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦ៈ៤០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅគោលដៅទី១ ៖ ចំណុចខុនដូហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងគោលដៅទី២ ៖ ចំណុចខុនដូផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួន ជនល្មើសចំនួន២នាក់ រួមមាន ទី១-ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀត ណាម អាយុ៤៥ឆ្នាំ និងទី២-ឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ និងដកហូតវត្ថុតាង រួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ក្រាម (ជិត៦០០គីឡូក្រាម)។ អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩,០១ក្រាម (ជិត៥០គីឡូក្រាម)។ កេតាមីន (KETAMINE) ទម្ងន់ ៧  ៩៩០,០៤ក្រាម (ជិត៨គីឡូក្រាម)។ កញ្ឆា (MARIJUANA) ទម្ងន់ ១៧ ០០០ ក្រាម (១៧គីឡូក្រាម) សារធាតុមិនច្បាស់ ទម្ងន់ ៨៧៦ក្រាម។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវ ដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES