ភ្នំពេញៈ នៅក្នុងឱកាសប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ដែលប្រព្រឹត្តទៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន” (Yes We Can End BT) សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិ ដោយលើកឡើងថា ការងារប្រយុទ្ធនឹងជំងឹរបេង នៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យយើងបង្កើនល្បឿននៃការខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅប្រកបដោយចីរភាពកម្ពុជា និងសកលលោក ។ ជាពិសេសសម្ដេចនាយករដ្ឋមន្រ្តី ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ៤ចំណុច ។
សារលិខិតរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ខែផល្គុន ឆ្នោះថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្ដេចសូមសម្ដែងនូវការអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ នាឱកាសប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ដែលប្រព្រឹត្តទៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន” (Yes We Can End BT) ។ ការប្រារព្ធទិវានេះ គឺក្នុងគោលបន្តជំរុញនិងបង្ហាញនូវការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការគាំទ្រ គាំពារសុខភាពប្រជាពលរដ្ឋឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងបំផុសការយល់ដឹងលើការប្រយុទ្ធជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមជាតិទាំងមូល ។
ក្នុងឱកាសដ៏ប្រពៃនេះ សម្ដេចនាយករដ្ឋមន្រ្តី សុំសម្ដែងនូវសេចក្ដីរីករាយជាអនេកកប្បការ ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់រយៈប្រមាណប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែល២០ឆ្នាំមុន ប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយលើពិភពលោក ចំពោះការងារកម្ចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ។ លទ្ធផលដ៏គាប់ប្រសើរនេះបានកើតចេញពីការខិតខំរួមគ្នារបស់ប្រទេសជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង តាមយុទ្ធសាស្រ្តដូតស៍ ដែលគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍នៅទូទាំងប្រទេសផងដែរ ។ យើងក៏បានធ្វើការស្រាវជ្រាវ និងផ្ដល់ការព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ ។ ជាក់ស្ដែងអត្រាស្លាប់ដោយសារជំងឺរបេង បានថយចុះក្នុងអត្រា៤៥% ពី៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ១០ម៉ឺននាក់ នៅឆ្នាំ២០២០ មកត្រឹម២៣ករណី ក្នុងចំណោមប្រជាពលរដ្ឋ១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២ ។ រីឯករណីឆ្លងជំងឺរបេងថ្មី ក៏បានធ្លាក់ចុះពី៥៧៩ករណី ក្នុងចំណោមប្រជាជន១០ម៉ឺននាក់ នៅឆ្នាំ២០២០ មកត្រឹម៣២០ករណី ក្នុងចំណោមប្រជាជន១០ម៉ឺននាក់ នៅឆ្នាំ២០២២ គឺបានថយចុះ៤៥%ផងដែរ ។ សមិទ្ធផលទាំងនេះបានអនុញ្ញាតឲ្យកម្ពុជាសម្រេចគោលដៅសហស្សវត្សរ៍ ពាក់ព័ន្ធទៅនឹងការកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង នៅមុនកាលកំណត់៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយ ដែលប្រទេសតិចតួចប៉ុណ្ណោះ នៅលើពិភពលោកអាចសម្រេចបាន ។
ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏សម្ដេចនាយករដ្ឋមន្រ្តី យល់ថា ការងារប្រយុទ្ធនឹងជំងឹរបេង នៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យយើងបង្កើនល្បឿននៃការខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅប្រកបដោយចីរភាពកម្ពុជា និងសកលលោក ។ ក្នុងស្មារតីនេះ សម្ដេចបញ្ជាក់ថា យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តជំរុញយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេង ប្រកបដោយស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សំដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាក់ក្នុងសារលិខិតថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿនដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប ។ ពោលគឺដើម្បីឆ្លើយតបនឹងប្រធានបទនេះ សម្ដេចសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព៤ចំណុច រួមមាន៖ ទី១ បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធនឹងជំងឺរបេង តាមផែនការជាតិ និងសកលលោក ។ ទី២ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្ម នៅតាមសហគមន៍ និងវត្តអារាម ។ ទី៣ បន្តថែរក្សាឲ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេងឲ្យបានលើសពី៩០% និងទី៤ ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឲ្យការងារប្រយុទ្ធនឹងជំងឺរបេង ៕