Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រើល្បិចទិញភេសជ្ជៈ បន្លំលួចលុយ៦ពាន់ដុល្លារ

ប្រើល្បិចទិញភេសជ្ជៈ បន្លំលួចលុយ៦ពាន់ដុល្លារ

ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ២នាក់ បានធ្វើសកម្មភាពប្រើល្បិចទិញភេសជ្ជៈ នៅតូបលក់ដូរ និងបើកកន្លែងវេរលុយ មួយកន្លែង លុះម្ចាស់ផ្ទះភ្លេចខ្លួន ស្រាប់តែស្ត្រីសង្ស័យ បានបន្លំចូលទៅលួចយកលុយពីថតតុ អស់ចំនួនជាង៦ពាន់ដុល្លារ រួចនាំគ្នាគេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះវេរ លុយ “ទ្រូម៉ាន់នី” មួយកន្លែង ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជនរងគ្រោះ មានឈ្មោះប៉េង ចាន់នី ស្រី អាយុ២៦ឆ្នាំ មានមុខរបរលក់ដូរ និងវេរលុយ “ទ្រូម៉ានី”។ ចំណែកជនសង្ស័យ មានគ្នា២នាក់ (ប្រុស១ ស្រី១)។

ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងនៅលក់ដូរម្នាក់ឯង នៅខាងមុខផ្ទះ ខណៈម្តាយនាងកំពុងធ្វើការងារនៅផ្ទះបាយខាងក្រោយ។ ពេលនោះមានជនសង្ស័យ ២នាក់ ដោយមានស្ត្រីម្នាក់ជាអ្នកជិះម៉ូតូមកឈប់នៅខាងមុខផ្ទះនាង រួចធ្វើជាចូលមករកទិញគ្រឿងភេសជ្ជៈ រីឯបុរសម្នាក់ទៀត បានបន្លំដើរចូលទៅលួចលុយក្នុងថតតុ ដែលទុកនៅក្នុងបន្ទប់វេរលុយ។

ប្រភពដដែល បន្តថា ដំបូងមានស្ត្រីម្នាក់ បានឈប់ម៉ូតូនៅលើថ្នល់មុខផ្ទះ រួចចុះដើរចូលមករកទិញភេសជ្ជៈ ដែលគិតជាប្រាក់ អស់ចំនួនជាង ៥ម៉ឺនរៀល។ ពេលទិញរួច ស្ត្រីនោះមិនកាន់យកទៅទេ ហើយក៏មិនទាន់ឱ្យលុយដែរ បានដើរទៅឡើងជិះម៉ូតូ ហើយឱ្យនាងកាន់យកទៅ ឱ្យដល់ម៉ូតូ។ ពេលយកទំនិញទៅឱ្យ ស្ត្រីនោះបានហុចលុយឱ្យនាង មួយដុំ រាប់ចំនួនជាង ៥ម៉ឺនរៀល សុទ្ធតែលុយរាយ។ ស្ត្រីចោរនោះ បានបង្ខំឱ្យនាងរាប់ច្រើន លើកច្រើនសា បើទោះជានាងរាប់គ្រប់ចំនួនហើយក្តី ។

ត្រង់ចំណុចនេះ ជនរងគ្រោះបានពន្យល់ថា តាមពិតស្ត្រីចោរនោះ បង្គាប់ឱ្យនាងរាប់លុយម្តងហើយម្តងទៀត ដើម្បីផ្តល់ឱកាសឱ្យជនម្នាក់ (ប្រុសនិងជាបក្ខពួក) បន្លំចូលពីចំហៀងផ្ទះ ទៅលួចលុយនៅក្នុងបន្ទប់វេលុយ ក្នុងផ្ទះនាង ដែលនាងទុកក្នុងថតតុ។

ជនរងគ្រោះ បានបញ្ជាក់ថា នាងបានដឹងបាត់លុយ នៅពេលនាងយកលុយទៅទុក ព្រោះឃើញលុយធ្លាក់រប៉ាត់រប៉ាយ។ ពេលដឹងភ្លាម នាងក៏ប្រញាប់ឆែកមើលកាម៉េរាសុវត្ថិភាព ស្រាប់តែឃើញបុរសម្នាក់ ដើរចូលទៅប្រមូលយកលុយនៅក្នុងបន្ទប់វេលុយ ខណៈពេលនាង កំពុងឈររាប់លុយជាមួយស្ត្រីម្នាក់ នៅលើថ្នល់ខាងមុខផ្ទះ ទើបមានការភ្ញាក់ផ្អើល តែហួសពេលទៅហើយ ព្រោះស្ត្រីនោះបានជិះម៉ូតូទៅបាត់ រីឯជនដៃដល់ចូលលួចលុយ ក៏បាត់ដែរ ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចបានចុះមកដល់ ទីតាំងកើតហេតុ ដើម្បីសួរនាំជនរងគ្រោះ និងពិនិត្យរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប៕

RELATED ARTICLES