ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បើករថយន្តតាមផ្លូវសុខៗ ស្រាប់តែរេចង្កូតទៅបុកម៉ូតូកង់បី ១គ្រឿង ពេញទំហឹង បណ្តាលឱ្យខ្ទាតជិត ១០ម៉ែត្រ បង្កការខូចខាត១ចំហៀង តែសំណាងល្អមិនបង្កឱ្យមានអ្នកបើកបររងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចជិតរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ១គ្រឿង ពណ៌ក្រហម កំពុងឈប់នៅលើចិញ្ចើមផ្លូវ ខណៈនោះ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក Toyota Hilux Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-1246 បើកបរដោយបុរសចំណាស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ (ផ្លូវលេខ២៧៤) ខណៈមកដល់ចំណុច ជិតរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត ស្រាប់តែរថយន្តបានរេចង្កូតទៅបុកម៉ូតូកង់បី ពីចំហៀងខាងឆ្វេង ផ្នែកខាងក្រោយ បណ្តាលឱ្យម៉ូតូកង់បី ខ្ទេចមួយចំ ហៀង។ ចំណែករថយន្តរងការខូចខាតចំហៀងខាងឆ្វេង ផ្នែកខាងមុខ។ ប៉ុន្តែមិនបានបង្កឱ្យនរណាម្នាក់រងរបួសឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចបន្តទាក់ទងទៅកម្លាំងជំនាញ នៃការិយាល័យចរាចណ៍ផ្លូវគោក ដើម្បីមកវាស់វែង យករថយន្ត និងម៉ូតូកង់បី ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕