Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកសង្សារទៅទិញថ្នាំញៀនលក់ ជាប់ខ្នោះ

ដឹកសង្សារទៅទិញថ្នាំញៀនលក់ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ គូស្នេហ៍មួយគូ បានជិះម៉ូតូដឹកគ្នាទៅទិញថ្នាំញៀន បំណងយកមកទុកលក់បន្ត លុះធ្វើដំណើរត្រឡប់មកវិញ ជួបនឹងកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ មានការសង្ស័យ ឃាត់សាកសួរ ស្រាប់តែជនសង្ស័យព្យាយាមទម្លាក់ចោលថ្នាំញៀន ប៉ុន្តែត្រូវសមត្ថកិច្ចឃើញទាន់ ក៏ចាប់ក្របួចជាប់ ព្រមទាំងដកហូតបានថ្នាំញៀន ចំនួន៩កញ្ចប់ និងឈានដល់ឃាត់ខ្លួនបក្ខពួក ៣នាក់បន្ថែមទៀត នាំយកមកចាត់ការតាមច្បាប់។ប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្ពានឆ្លងស្ទឹងខាងលិច ភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ចម្ងាយប្រហែល៤០០ម៉ែត្រ (ចំណុចស្មុគស្មាញ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលតាបែន បានចេញល្បាតដឹកនាំដោយ ៖ ១-លោកវរសេនីយ៍ទោ រឿន សាយកន ឋានៈអធិការរង ២-លោកវរសេនីយ៍ត្រី ស៊ុន គឿត ឋានៈ អធិការរង បានចេញល្បាតនៅចំណុចស្ពានឆ្លងស្ទឹង ខាងលិចភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ចម្ងាយប្រហែល ៤០០ម៉ែត្រ ដែលជាចំណុចស្មុគស្មាញ រួចបានជួបយុវជនប្រុសស្រី ២នាក់ ទី១-ឈ្មោះរិត សីហា ហៅកែប ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិគោកខ្វាវ ឃុំរលួស ស្រុកស្វាយចេក (ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន) និងទី២-ឈ្មោះផ្លាង ផាក់ប៊ុង ភេទស្រី អាយុ១៧ឆ្នាំ មានលំនៅ ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី កំពុងជិះម៉ូតូ ១គ្រឿង។

ប្រភពដដែល បន្តថា ភ្លាមនោះ សមត្ថកិច្ចមានការសង្ស័យ ក៏បានឃាត់សាកសួរ និងធ្វើការឆែកឆេរ ស្រាប់តែពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឈ្មោះរិត សីហា បានលូកដៃឆ្វេងចូលហោប៉ៅខោខាងក្រោយ ផ្នែកខាងឆ្វេង បម្រុងទម្លាក់អ្វីចោល ក៏ត្រូវសមត្ថកិច្ចចាប់ដៃជាប់ និងរកឃើញម្សៅក្រាមពណ៌សថ្លា ១កូនថង់ និង២ដុំទៀត មានចំនួន៨ថង់ ឃើញនៅនឹងដីក្បែរជើងឈ្មោះសីហា ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅសាកសួរ។

ប្រភពខាងលើ បន្តថា លុះមកដល់វេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃដដែល មានឈ្មោះហ៊ូ ពិដោរ ហៅតឿ ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅ ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក បានទូរស័ព្ទមកកុម្មង់ទិញថ្នាំញៀន ពីឈ្មោះរិត សីហា ហៅកែប ក្នុងតម្លៃ ១៥ ០០០រៀល ដើម្បីយកទៅប្រើប្រាស់ ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះហ៊ូ ពិដោរ ហៅតឿ នៅចំណុចខ្លោងទ្វារវត្តស្លក្រាម ភូមិគោកតាឯក ឃុំតាបែន។

យោងតាមចម្លើយសារភាពរបស់ឈ្មោះរិត សីហា ហៅកែប បានឱ្យដឹងថា ថ្នាំញៀន ទាំង៩កូនថង់ខាងលើ គឺឈ្មោះយ៉ុន ទីណូ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិគោកខ្វាវ ឃុំស្វាយចេក បានឱ្យខ្លួនទៅយកនៅចំណុចដីឡូត៍ថ្មី ខាងលិចឃុំតាបែន ស្រុកស្វាយចេក ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ដើម្បីយកមកលក់បន្ត។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សមត្ថ កិច្ចជំនាញ បន្តឃាត់ខ្លួនជនសង្ស័យ ២នាក់បន្ថែមទៀត រួមមាន ទី១-ឈ្មោះយ៉ុន ទីណូ (ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ១៥កូនថង់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១គឿង) ទី២-ឈ្មោះសុភាព ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក។

ជនសង្ស័យប្រុសស្រីទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES