Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបបទល្មើសកាប់ព្រៃ ទន្ទ្រានដីរដ្ឋ ៧ថ្ងៃ ឃ្លុំដីជាសម្បត្តិរដ្ឋ ជិត៥លានហិកតារ

បង្ក្រាបបទល្មើសកាប់ព្រៃ ទន្ទ្រានដីរដ្ឋ ៧ថ្ងៃ ឃ្លុំដីជាសម្បត្តិរដ្ឋ ជិត៥លានហិកតារ

ខេត្តពោធិ៍សាត់ ៖ ពិតជាមិនធម្មតាមែន ! ប្រតិបត្តិការបង្ក្រាបបទល្មើសកាប់ព្រៃ ទន្ទ្រានដីរដ្ឋ  នៅ នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ត្រឹមតែ ៧ថ្ងៃ សមត្ថកិច្ចចម្រុះ បានឃ្លុំដីទុកជាសម្បត្តិរដ្ឋ ជិត៥លានហិកតារ និងឃាត់ខ្លួនជនល្មើសជាច្រើននាក់។

ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងកងអន្តរាគមន៍ប្រមាណជិត ៣០០នាក់ ជាមួយមធ្យោបាយ-គ្រឿងបំពាក់ ចេញទៅភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីជួយគាំទ្រទៅដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ព្រៃ ទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ បានសហការជាមួយកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយគាំទ្រនិងចុះប្រតិបត្តិការនៅលើគោលដៅសំខាន់ៗចំនួន ១០ក្នុងភូមិសាស្ត្រផ្សេងៗគ្នា នៃស្រុកវាលវែង និងស្រុកភ្នំក្រវាញ ហើយដែលគោលដៅទាំង១០ នោះ មានដូចជា ៖

គោលដៅទី១- (ចំណុចខ្នង១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)

គោលដៅទី២- (ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង)

គោលដៅទី៣- (ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ ឃុំអន្លង់រាប និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង)

គោលដៅទី៤- (ចំណុចសហគមន៍ក្រាំងរងៀង ក្នុងភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង)

គោលដៅទី៥- (ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង)

គោលដៅទី៦- (ចំណុចជើងភ្នំខ្មោច ក្នុងភូមិចម្កាការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០ ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង)

គោលដៅទី៧- (ចំណុចខាងមុខ និងចំណុចខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រមោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើពីរ វាលវែង)

គោលដៅទី៨- (ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើពីរ ស្រុកវាលវែង)

គោលដៅទី៩- (ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រមោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវាញ)

និងគោលដៅទី១០- (ចំណុចអូរទី២ អូរតាសូ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រំ ភូមិឈើទាលជ្រំំ ឃុំប្រមាយ ស្រុកវាលវែង)។

យុទ្ធនាការនៃការបង្ក្រាបបើគិតមកទល់ពេលនេះ គឺមានរយៈពេល ៩ថ្ងៃ ដោយគិតពីថ្ងៃទី១៣-២១ខែមីនា ឆ្នាំ២០២៤នេះ សម្រាប់លទ្ធផលក្នុងរយៈពេល ០១សប្តាហ៍កន្លងមកនេះ (ពីថ្ងៃទី១៣-១៩ ខែមីនា ឆ្នាំ២០២៤) មានដូចខាងក្រោម ៖

ទី១- បានឃ្លុំដីទុកជាសម្បត្តិរដ្ឋ បានចំនួន ៤ ៧៤៣ ៧១២ហិកតារ។

ទី២- បានបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន១នាក់។

ទី៣- ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ (ស្រី២នាក់) ប្រគល់ឱ្យមន្ទីរបរិស្ថានខេត្ត។

ទី៤- បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន៣ករណី។

ទី៥- បានកំណត់មុខសញ្ញា ចំនួន៨នាក់ បន្តនីតិវិធីទៅតុលាការ។

ទី៦- បានធ្វើការអប់រំនិងធ្វើកិច្ចសន្យាឱ្យវិលទៅលំនៅឋានវិញ បានចំនួន ២៦នាក់។

ទី៧- សម្ភារៈដកហូតរក្សាទុកជាវត្ថុតាង ម៉ូតូ ៥គ្រឿង រ៉ឺម៉ក ១គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ ៤គ្រឿង រណារយន្ត ២៣គ្រឿង ម៉ាស៊ីនខួងរណ្តៅ ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ៥គ្រឿង ធុងបាញ់ថ្នាំស្មៅ ២ធុង ម៉ាស៊ីនកាត់ស្មៅ ១២គ្រឿង ផាលត្រាក់ទ័រ ៦ផាល ផ្លែរណារយន្ត ២ផ្លែ តាបឈូសឈើ ១គ្រឿង កាំភ្លើងកែច្នៃ ៤ដើម កាំបិត ៦ដើម ម៉ែត្រ ១ដុំ អាគុយ ៤ធុង ផាលគាស់ដំឡូង ១គ្រឿង ឧបករណ៍ឆក់ត្រី ១គ្រឿង ស៊ីទែនទឹក១ ប្រគល់ឱ្យជំនាញបរិស្ថានខេត្ត។

ទី៨- បានធ្វើការរុះរើខ្ទមប្រក់ស័ង្កសី ២៨ខ្ទម រោងប្រក់កៅស៊ូតង់ ៤២រោង រោងប្រក់ស្លឹក ៩រោង ខ្ទមបណ្តោះអាសន្ន ៣៤ខ្ទម បង្គោលរបងឈើ ១៣៧២ដើម បន្លាលួស ១២០០ម៉ែត្រ។

ទី៩- បានធ្វើការកាប់បំផ្លាញ ដុតចោលនៅហ្នឹងកន្លែង រោងប្រក់កៅស៊ូតង់ ៦០រោង រោងប្រក់ស័ង្កសី ៣៩រោង រោងប្រក់ស្លឹក ២២រោង ផ្ទះប្រក់ស័ង្កសី ៤ខ្នង ផ្ទះប្រក់ស្បូវ ២ខ្នង ខ្ទមបណ្តោះអាសន្ន ១១ខ្ទម បង្គោលរបងថ្ម ២០ដើម បង្គោលរបងឈើ ៧៨៥ដើម ដើមត្របែក ៥០ដើម ដើមមៀន ២៩ដើម ដើមសាវម៉ាវ ៥០ដើម ដើមល្ហុង ៤០ដើម ដើមក្រូច ៤៨៧ដើម ដើមចេក ១០៤១ដើម ដើមស្វាយ ១០៣ដើម ដើមដូង ៣៥៧ដើម ដើមម្កាក់ ២០ដើម ដើមខ្នុរ ០៤ដើម ដើមដំឡូងមី ១៦២៣៨បាច់ និង៥ហិកតារ មើមដំឡូងមី ៥០បាវ និងដំណាំចម្រុះ ២៩០ដើម។

ទន្ទឹមនឹងលទ្ធផលខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានប្រឈមនឹងបញ្ហាមួយចំនួនដូចជា អាកាស ធាតុក្តៅ និងពិបាកទឹកប្រើប្រាស់ នៅគោលដៅមួយចំនួន ភូមិសាស្ត្រជួបការលំបាកក្នុងការចុះប្រតិបត្តិការ ទីតាំងប្រតិបត្តិការមួយចំនួននៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះ ភូមិសាស្ត្រដែលត្រូវចុះប្រតិបត្តិការមួយចំនួន មិនមានសេវាទូរស័ព្ទ អាចទាក់ទងគ្នាបាន៕

RELATED ARTICLES