Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឡានដឹកធ្យូង២គ្រឿង ប្រុងលោតឆត្រទៅថៃ

បង្ក្រាបឡានដឹកធ្យូង២គ្រឿង ប្រុងលោតឆត្រទៅថៃ

ខេត្តឧត្តរមានជ័យ ៖ រថយន្តកែច្នៃ ចំនួន២គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើធ្យូង ដោយគ្មានលិខិត អនុញ្ញាត ត្រូវបានជំនាញមេព្រៃ នៃសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល ធ្វើការបង្ក្រាបបាន ខណៈដែលក្រុមឈ្មួញកណ្តាលទាំងនោះ បម្រុងលោតឆត្រ ដឹកយកទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកគង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថា រថយន្តដឹកធ្យូង ទាំង២គ្រឿងនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍មកថា បានដឹកជញ្ជូនធ្យូង ដោយអត់ច្បាប់។ ខណៈនោះលោកបានដឹកនាំមន្ត្រីជំនាញ សង្កាត់ ចុះធ្វើការបង្ក្រាបភ្លាមៗ ដោយយករថយន្តទាំង គ្រឿង ខាងលើ មករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

លោកគង់ សារ៉េត បញ្ជាក់ថា ចំពោះការដឹកជញ្ជូនផលអនុផល ព្រៃឈើ ដោយគ្មានអនុញ្ញាត នេះដែរ តាមលោកដឹង គឺពុំមែនតែរថយន្ត ២គ្រឿងប៉ុណ្ណោះទេ គឺនៅមានក្រុមឡានដឹកធ្យូងផ្សេងជាច្រើនទៀត ហើយក្នុងនាមលោកជាមន្ត្រីជំនាញ នៅតែបន្តទប់ស្កាត់បង្ក្រាបជាបន្តបន្ទាប់ ដូចភ្លៀងរលឹម តែឡានដឹកធ្យូងទាំងនេះគេ ដឹកច្រើនកន្លែង ពិបាកនឹងបង្ក្រាបណាស់ យូរៗទើបជួបម្តង។ ម៉្យាងទៀត ក្រុមឈ្មួញដឹកក្នុង ១ឡាន ចាប់ពី៥០បាវ ទៅ៦០បាវ ហើយការដឹកជញ្ជូនផលអនុផលព្រៃឈើនេះ គ្មានលិខិតស្នាមអ្វីទាំងអស់ ដោយឈ្មួញកណ្តាល គេដើរប្រមូលទិញពីឡដុតធ្យួងរបស់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ។

លោកអ៊ឹម សៅរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថា ករណីនេះ ខាងសង្កាត់ បានរាយការណ៍មកលោករួចអស់ហើយ ហើយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល នឹងបញ្ជូនមកខណ្ឌ ចាត់ការបន្ត ហើយមួយទៀត ដោយរង់ចាំម្ចាស់ចូលខ្លួនមកសិន ដើម្បីពិន័យអន្តរការណ៍ ទៅតាមផ្លូវច្បាប់ ប្រសិនបើម្ចាស់មិនព្រមចូលខ្លួនមកពិន័យតាមច្បាប់នោះទេ នឹងធ្វើកំណត់ហេតុបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីបន្ត ដោយគ្មានការលើកលែងឡើយ ។

គួរបញ្ជាក់ថា ការដឹកជញ្ជូនផល អនុផលព្រៃឈើ ធ្យូង រាល់ថ្ងៃនេះ គេសង្កេតឃើញជាក់ស្តែងហាក់មានការកក្រើកឡើងវិញយ៉ាងខ្លាំង ដោយមួយថ្ងៃៗ ឈ្មួញដឹកគ្រប់មធ្យោបាយយ៉ាងភ្លូកទឹកភ្លូកដី តាមគោយន្តកន្ត្រៃ ឡានកែច្នៃ ឡានធុនធំ លើដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ៕

RELATED ARTICLES