Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងគេសួរចំឈ្មោះ ដា...ល់...បែ...ក...មាត់

ខឹងគេសួរចំឈ្មោះ ដា…ល់…បែ…ក…មាត់

ខេត្តស្វាយរៀង ៖ យុវជនឈាមរាវម្នាក់ បានទៅអង្គុយមើលល្ខោន នៅពិធីបុណ្យមួយ នៅក្នុងភូមិ ស្រាប់តែបន្តិចក្រោយមក មានយុវជនម្នាក់ទៀត ដើរមកក្បែរ សួររកឈ្មោះខ្លួន ស្រាប់តែផ្ទុះកំហឹង ដាល់គេបែកមាត់ ពកក្បាល បង្កការភ្ញាក់ផ្អើលពេញរោងល្ខោន និងត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនភ្លាមៗ។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤  នៅត្រង់ចំណុចវាលស្រែ ក្នុងពិធីបុណ្យបច្ច័យបួន មានការសម្តែងសិល្បៈល្ខោនបាសាក់ ១កន្លែង ស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល។

ជនសង្ស័យដែលដាល់គេបែកមាត់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡឹក ជីវន្ត  អាយុ១៨ឆ្នាំ មុខរបរកម្មករលើកភេសជ្ជៈ មានលំនៅ ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ៅ នឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិតាខេង ឃុំម៉ឺនជ័យ ស្រុករំដួល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងភូមិ មានពិធីបុណ្យបច្ច័យបួន លុះដល់ពេលយប់ ម្ចាស់បុណ្យ មានដាក់សិល្បៈល្ខោនបាសាក់ ដើម្បីឱ្យបងប្អូនក្នុងភូមិមកមើលទស្សនាកម្សាន្តទៀតផង។ លុះមកដល់វេលាម៉ោងកើតហេតុ ជនសង្ស័យបានទៅអង្គុយមើលល្ខោន ក្រោយមក លេចមុខជនរងគ្រោះ បានដើរទៅក្បែរ រួចសួររកឈ្មោះរបស់ជនសង្ស័យ ស្រាប់តែរំពេចនោះ ជនសង្ស័យខឹងសម្បា ស្ទុះទៅដាល់ជនរង គ្រោះជាច្រើនដៃ បណ្តាលឱ្យរងរបួសបែកមាត់ និងជាំចិញ្ចើម ពកក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលពេញរោងល្ខោនតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេក ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES