Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់លុយ១ម៉ឺនដុល្លារ ឆែកបន្ទប់ ឃើញថ្នាំញៀន

បាត់លុយ១ម៉ឺនដុល្លារ ឆែកបន្ទប់ ឃើញថ្នាំញៀន

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបាត់លុយជាង ១ម៉ឺនដុល្លារ និងសង្ស័យថាអ្នកស្នាក់នៅបន្ទប់ជិតខាង និងក៏ជាមិត្តភក្តិជិតស្និទ្ធផង បានលួចលុយនោះ ទើបប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ដោយសហការជាមួយម្ចាស់ផ្ទះជួល ព្រមទាំងស្ត្រីសង្ស័យជាម្ចាស់បន្ទប់ផង ចុះឆែកឆេរដល់ក្នុងបន្ទប់ ស្រាប់តែមិនឃើញលុយ បែរជាប្រទះឃើញថ្នាំញៀន ចំនួន១០កញ្ចប់ ទើបឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនូ ភី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកសម្ភារៈចាប់យក រួមមាន ១-ម្សៅក្រាមសថ្លា ចំនួន១០កញ្ចប់ធំល្មម ២-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ១គ្រឿង ៣- ឧប ករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន និងថង់ប្លាស្ទិក សម្រាប់ច្រកថ្នាំញៀន ជាច្រើនថង់ និង៤-ទូរស័ព្ទ ចំនួន ២គ្រឿង (ពណ៌ក្រហម ១គ្រឿង  ពណ៌ខ្មៅ ១គ្រឿង )។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ បានសហការជាមួយអាជ្ញាធរភូមិនិងសង្កាត់ និងនារីរងគ្រោះម្នាក់ ដែលបានប្តឹងថា នាងបានបាត់លុយប្រមាណជាង ១ម៉ឺនដុល្លារ និងសង្ស័យទៅលើស្ត្រីម្នាក់ដែលស្នាក់នៅបន្ទប់ជួលជិតគ្នា និងជាអ្នកស្និទ្ធស្នាលជាមួយគ្នា។ ដោយមានការសង្ស័យ ក៏ស្នើសុំពីម្ចាស់ផ្ទះជួល ដោយមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរផង ជនរងគ្រោះសុំឆែកឆេរនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ បានប្រទះឃើញម្សៅសថ្លា តែមិនចាប់អារម្មណ៍នោះទេ ខំរកតែលុយរបស់ខ្លួន។

ប្រភពដដែល បន្តថា ខណៈពេលនោះ ស្ត្រីសង្ស័យហាក់មានអារម្មណ៍ភិតភ័យ ហើយពេលនោះស្ត្រីរងគ្រោះដែលបាត់លុយ បានសួរថា “អានេះស្អីនេះ ថ្លាៗនេះ?” ទើបកម្លាំងសមត្ថកិច្ចចូលទៅពិនិត្យមើល ដឹងថាជាថ្នាំញៀន ចំនួន១០កញ្ចប់ធំល្មម មានជញ្ជីងសម្រាប់ថ្លឹង សម្ភារៈសម្រាប់ជក់ និងថង់ប្លាស្ទិកសម្រាប់ច្រក ជាច្រើនថង់។ ចំណែកបុរសជាប្តីរបស់ជនសង្ស័យ អំឡុងពេលនោះ បានមកដល់ដែរ តែពេលឃើញសមត្ថកិច្ច ក៏បានរត់ឡើងជិះម៉ូតូកង់បីឥណ្ឌា គេចខ្លួនបាត់។ ចំណែកស្ត្រីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរភ្លាមៗ។

ស្ត្រីសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញគ្រឿង ញៀន នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES