Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបា...ញ់...៣...គ្រាប់ ១៨ម៉ោង ជាប់ខ្នោះ

បា…ញ់…៣…គ្រាប់ ១៨ម៉ោង ជាប់ខ្នោះ

ខេត្តតាកែវ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបើករថយន្ត ១គ្រឿង ដេញតាមស្ទាក់រថយន្ត ១គ្រឿងទៀតរបស់អតីតគូទំនាស់ខ្លួន រួចដកកាំភ្លើងបាញ់ប្រហារសំដៅជនរងគ្រោះ ចំនួន៣គ្រាប់ បំណងផ្តាច់ជីវិត បណ្តាលឱ្យជនរងគ្រោះ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកខ្មាន់កាំភ្លើង បានព្យាយាមរត់គេចខ្លួន បាន១៨ម៉ោង ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីបាញ់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង។ រហូតមកដល់វេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូងវេងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះឌីត និមល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអាជីវករបោះដុំប៊ីចេង ស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិតាំងកសាង រាជធានីភ្នំពេញ រងរបួស ចំនួន៣គ្រាប់ (កំពុងសង្គ្រោះនៅមន្ទីរពេទ្យ)។

តាមប្រភពសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង មានករណីឃាតកម្មមួយ បានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្ត សញ្ញាណ បើកបររថយន្ត ១គ្រឿង ប្រភេទរថយន្តកូរ៉េ ពណ៌ស ចំណុះ១តោនកន្លះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ (ទីតាំងកើតហេតុខាងលើ) រថយន្តកូរ៉េខាងលើ បានបើកវ៉ាជែង រួចកាក់ស្ទាក់រថយន្ត ១គ្រឿងទៀត ប្រភេទួរីស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2K-8528 បើកបរដោយជនរងគ្រោះឈ្មោះឡេង កាក់ឱ្យឈប់ ហើយភ្លាមនោះ ជនសង្ស័យបានធ្វើសកម្មភាពទាញកាំភ្លើងខ្លី បាញ់សំដៅទៅលើជនរងគ្រោះ ត្រូវចំនួន៣គ្រាប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដួលសន្លប់នៅកន្លែងកើតហេតុ។

បន្ទាប់ពីបាញ់ប្រហារជនរងគ្រោះរួចហើយ ជនសង្ស័យបានបើករថយន្តគេចខ្លួនសំដៅទៅទិសខាងជើងបាត់។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ចុះអន្តរាគមន៍ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ចំពោះវត្ថុតាង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង ខេត្តតាកែវ យកទៅរក្សាទុកនៅប៉ុស្តិ៍។

ក្រោយពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងទទួលដឹកនាំនាយកដ្ឋាន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តម សេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត កែវ និង អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងប្រើរយៈពេល ១៨ម៉ោង រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះឌីត និមល នៅចំណុចផ្លូវឧកញ៉ា ឌួង ងៀប កែងផ្លូងវេងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នាំខ្លួនទៅកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES