Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះលក់ចាប់ហួយ អស់ជាង១ម៉ឺនដុល្លារ

ភ្លើងឆេះផ្ទះលក់ចាប់ហួយ អស់ជាង១ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ ផ្ទះលក់ចាប់ហួយ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតអីវ៉ាន់ចាប់ហួយ និងទ្រព្យសម្បត្តិក្នុងផ្ទះ គិតជាទឹកប្រាក់ប្រមាណជាង ៤០លានរៀល ស្មើនឹងជាង១ម៉ឺនដុល្លារ។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិសក្តា ឃុំបឹងមា ស្រុកស្វាយលើ។

ផ្ទះលក់ចាប់ហួយដែលទទួលរងការឆាបឆេះ មានទំហំ ៤,២០ម៉ែត្រ គុណនឹង ១៥ម៉ែត្រ សង់ពីឈើ ជញ្ជាំងស័ង្កសី ប្រក់ដំបូលស័ង្កសី ចាក់សាប ជាកម្មសិទ្ធិរបស់ឈ្មោះហ៊ា ណុក ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ចាប់ហួយ មានលំនៅបច្ចុប្បន្ន ភូមិសក្តា ឃុំបឹងមាលា ស្រុកស្វាយលើ។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់ថា ករណីអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ របស់ប្រជាពលរដ្ឋ នៅចំណុចភូមិសក្តា ឃុំបឹងមា ស្រុកស្វាយលើ បណ្តាលឱ្យរងការខូចខាតទាំងស្រុង។ ដែលក្នុងនោះ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ខោអាវ ស្បែកជើង សាំង ភេសជ្ជៈគ្រប់មុខ និងសម្ភារៈផ្ទះបាយ សរុបជាទឹកប្រាក់ប្រហែល ៣០លានរៀល និងឆេះអស់លុយសុទ្ធ ១២លានរៀលទៀតផង។ សរុបការខូចខាត ជាង៤២លានរៀល (ស្មើនឹងប្រមាណជាង ១ម៉ឺនដុល្លារ)។

ករណីអគ្គិភ័យខាងលើនេះ បានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃដដែល ដោយរថយន្តពន្លត់អគ្គិភ័យស្រុកស្វាយលើ ពុំបានប្រើប្រាស់ទឹកទេ ដោយសារទទួលព័ត៌មានយឺត។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES