Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបការជីករ៉ែមាសខុសច្បាប់ ៤កន្លែង

បង្ក្រាបការជីករ៉ែមាសខុសច្បាប់ ៤កន្លែង

ខេត្តព្រះវិហារ ៖ ទីតាំងរណ្តៅជីករុករករ៉ែមាសខុសច្បាប់ ចំនួន៤កន្លែង ត្រូវបានកម្លាំងចម្រុះរបស់ខេត្ត ចុះបង្ក្រាបនិងកម្ទេចចោល ហើយរឹបអូសបានសម្ភារមួយចំនួនធំ ដឹកយកមករក្សាទុក។

ការចុះបង្ក្រាបទីតាំងរ៉ែមាសខុសច្បាប់នេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ស្ថិតត្រង់ចំ ណុចភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ដែលដឹកនាំដោយលោកស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងចម្រុះ ចុះពិនិត្យនិងរកឃើញទីតាំងជីកយករ៉ែមាសដោយខុសច្បាប់ចំនួន៤រណ្តៅ នៅចំណុចខាងលើនោះ ទើបយកគ្រឿងចក្រកាយកម្ទេចចោល និងរឹបអូសសម្ភារមួយចំនួន ដូចជា ម៉ូតូ ចំនួន៦គ្រឿង ម៉ាស៊ីនខ្យល់ ១គ្រឿង ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនិតិវិធី។

លោកស៊ុន ចន្ទ័រក្សា បានបញ្ជាក់ប្រាប់ថា  កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាស ដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ប្រសិនជាជីកយករ៉ែមាស ត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញមិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។

គេសង្កេតឃើញថា រណ្តៅរ៉ែមាសខ្លះ មានជម្រៅរហូតដល់ទៅ៥០ ឬ១០០ម៉ែត្រក៏មាន។ រណ្តៅជ្រៅៗបែបនេះ នាំឱ្យមានគ្រោះថ្នាក់ រហូតបាត់បង់ជីវិតថែមទៀតផង។ ដូចនេះមន្ទីរជំនាញ និងអាជ្ញាធរ ត្រូវតែធ្វើការហាមឃាត់ ក្នុងន័យដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋតែ ប៉ុណ្ណោះ៕

RELATED ARTICLES