Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស្រាថ្នាំអស់២ដប ស្លា...ប់រឹងស្តូក

ផឹកស្រាថ្នាំអស់២ដប ស្លា…ប់រឹងស្តូក

ភ្នំពេញ ៖ បុរសម្នាក់ មានជំងឺប្រចាំកាយ និងញៀនស្រាផង តែងផឹកស្រាជាប់ជាប្រចាំ លុះចុងក្រោយ បានទិញស្រាថ្នាំ ចំនួន២ដប យកចូលបន្ទប់ ផឹកតែម្នាក់ឯង លុះព្រឹកឡើង មិត្តភក្តិមកគោះទ្វារហៅទៅធ្វើការ ស្រាប់តែប្រទះឃើញដេកស្លាប់រឹងស្តូក។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

បុរសរងគ្រោះ មានឈ្មោះម៉ី កែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា មានស្រុក កំណើតនៅភូមិស្វាយរន្ធ ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមប្រភពអ្នកជិតខាង បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ គេឃើញជនរងគ្រោះបានទិញស្រាថ្នាំ ចំនួន២ដប យួរចូលទៅក្នុងបន្ទប់ ដើម្បីផឹកតែម្នាក់ឯង ខណៈជនរងគ្រោះជាមនុស្សឧស្សាហ៍ហូបស្រាជាប្រចាំផងដែរ។ លុះព្រឹកឡើង មានអ្នករួមការងារ បានមកហៅជនរងគ្រោះ បំណងចេញទៅធ្វើការជាមួយគ្នា តែពេលស្រែកហៅមិនឆ្លើយ ក៏រុញទ្វារបន្ទប់ ចូលទៅមើល គាប់ជួនទ្វារបន្ទប់មិនបានដាក់គន្លឹះនោះទេ រួចក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ស្តូកស្តឹងនៅលើឥដ្ឋ ទើបមានការភ្ញាក់ផ្អើលដល់អ្នក ជិតខាង និងម្ចាស់ផ្ទះ រាយការណ៍បន្តប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចមកពីជំងឺបេះដូងនិងញៀនស្រាជា ប្រចាំ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES