ភ្នំពេញ ៖ បុរសជាអ្នកបើករថយន្តទំនើប ១គ្រឿង បានរងនូវការរិះគន់យ៉ាងចាស់ដៃ ពីមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយវីដេអូ បង្ហាញពីសកម្មភាពរថយន្តខាងលើ បានបើកវ៉ាជែង ប៊ិះបុកអ្នក ថ្មើរជើងកំពុងឆ្លងថ្នល់ រួចថែមទាំងបកត្រឡប់ក្រោយ បម្រុងបុកអ្នកដើរនោះថែមទៀត។
រថយន្តដែលរងការរិះគន់នោះ ម៉ាក Mitsubishi Xpander ពាក់ផ្លាកលេខ ភ្នំពេញ 2BU-4356 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

យោងតាមវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព មានរយៈពេលប្រមាណ១នាទី ដែលត្រូវគេចែកចាយតាមបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា មានអ្នកថ្មើរជើង៣នាក់ បានដើរឆ្លងផ្លូវ ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវ រថយន្តខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន នៅក្នុងទីប្រជុំជន និងថែមទាំងវ៉ាជែងយានយន្តផ្សេងទៀត ហើ យទោះជាឃើញមានអ្នកឆ្លងផ្លូវយ៉ាងណា ក៏រថយន្តខាងលើ មិនបង្អង់ល្បឿននោះឡើយ។ មិនតែប៉ុណ្ណោះ អ្នកបើកបររថយន្តទំនើបនោះ នៅមិនអស់ចិត្ត ពេលទៅហួសហើយនោះ ក៏ជាន់ហ្វ្រាំងឈប់ ហើយបកត្រឡប់ក្រោយ ក្នុងចេតនាចង់ដេញបុកអ្នកថ្នើរជើងទាំង៣នាក់នោះតែម្តង។ ប៉ុន្តែក៏ត្រូវអ្នកថ្មើរជើងនោះស្រែក ហើយរត់គេចទាន់ និងធ្វើឱ្យទាក់ពាក្យសម្តីគ្នា រួចអ្នកបើករថយន្តនោះ បើកចេញទៅបាត់ទៅ។
ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៥៩២ ក្បែរស្តុបផ្សារមាន់អាំង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ករណីនេះ អ្នកបើករថយន្តខាងលើ បានរងនូវការរិះគន់ពីមហាជនពេញបណ្តាញសង្គម ពីទង្វើអសីលធម៌ និងប្រមាថដល់អាយុជីវិតអ្នកដទៃ រហូតអ្នកខ្លះសំណូមពរឱ្យសមត្ថកិច្ចហៅអ្នកបើកបរនោះ មកអប់រំណែនាំថែមទៀត៕