ពេជ្រ ចរណៃ បានបាត់មុខពីសកម្មភាពសិល្បៈ ជិត២ឆ្នាំមកហើយ ក្រោយមានដំណឹងថា នាងទៅបើកមុខជំនួញជាមួយក្រុមគ្រួសារនាង លែងខ្វល់ខ្វាយរឿងថតសម្ដែង ប្រមូលប្រាក់ល្អិតទៀតនោះ។ ប៉ុន្តែកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាងពេជ្រ ចរណៃ បែរជាលេចមុខនៅក្នុងកម្មវិធីសម្ពោធរឿង ”ពូជខ្ញុំចឹង” វគ្គ២ នៅផ្សារស្ទឹងមានជ័យថ្មី នោះទៅវិញ ដោយធ្វើឲ្យគេចាប់អារម្មណ៍ផងដែរ ព្រោះតែនាងបានបណ្ដើរតារាសម្ដែងលោកលាង ឧត្តម ដូចគូស្នេហ៏អីចឹង ទើបធ្វើឲ្យគេសង្ស័យថា ពួកគេគឺជាគូសង្សារនឹងគ្នា ព្រោះល្អូកល្អិនគ្នាសម្បើមណាស់។
ពេជ្រ ចរណៃ បានប្រកែកនៅពេលដែលត្រូវសាកសួររឿងស្និទ្ធស្នេហ៏ជាមួយលោកលាង ឧត្តម នោះ ដោយនាងអះអាងថា ”ខ្ញុំនិងបងឧត្តម គ្រាន់តែមកជាមួយគ្នាតើ! ព្រោះខ្ញំផ្អាកសិល្បៈយូរដែរហើយ មិនសូវស្គាល់តួថ្មីៗទេ គឺមានតែបងឧត្តម ដែលធ្លាប់រាប់អានគ្នាជាយូរមកហើយ ហើយថែមទាំងធ្លាប់ថតតួឯកក្នុងស្ពតអប់រំជាមួយគា្នទៀតផងទើបពេលត្រឡប់ចូលសិល្បៈវិញ គឺមានតែបងឧត្តម ទេ ដែលខ្ញុំស្និទ្ធជាងគេ គឺគ្មានទំនាក់ទំនងអីផ្សេងឡើយ គឺជាមិត្តសុទ្ធសាធតែម្ដង ព្រោះមុនឈប់ពីសិល្បៈមុនហ្នឹង ស្គាល់គាត់ជាងគេ”។
តាមរយៈការសម្រេចចិត្តវិលត្រឡប់មករកអាជីពចាស់សារជាថ្មីឡើងវិញនេះ ពេជ្រ ចរណៃ ឆក់បានការថតភាពយន្ដដល់ទៅ៤រឿង វិញភ្លាមៗតែម្ដង ដែលនាងមានជំនឿយ៉ាងមុតមាំថា ប្រាកដជានឹងអាចស្ដារមុខមាត់របស់នាង ឲ្យគេចាប់អារម្មណ៍ដូចមុនជាមិនខានឡើយ ព្រោះតែពេលនេះ នាងបានតាំងចិត្តថា នឹងបន្ដប្រឡូកសិល្បៈជាថ្មីឲ្យពេញទំហឹងដូចមុនវិញហើយព្រោះតែចិត្តនៅតែមិនទៅណាឆ្ងាយពីសិល្បៈនោះទេ។
ពេជ្រ ចរណៃ ប្រាប់ថា ”ពេលនេះ ខ្ញុំសប្បាយចិត្តដែលបានខាងផលិតករផ្សេងៗ ហៅខ្ញុំថតឡើងវិញ ហើយខ្ញុំសម្រេចចិត្តទម្លាក់ការងារមុខជំនួញរបស់ឪពុកខ្ញុំមួយអន្លើសិន។ រឿងដែលខ្ញុំបានទទួលនោះ មានដូចជារឿង ”ទឹកភ្នែកកក” របស់អ្នកនិពន្ធប៊ុន ចាន់និមល, រឿង ”បញ្ចប់ស្នេហ៏ត្រឹមអូន” របស់លោកសុវណ្ណ មករា នៅប៉ុស្ដិ៍បាយ័ន និង២រឿងផ្សេងទៀត ខាងផលិតកម្មមិនទាន់ឲ្យបញ្ចេញចំណងជើង”។
គួរបញ្ជាក់ថា ពេជ្រ ចរណៃ មុនពេលបាត់ខ្លួនជិត២ឆ្នាំនោះ នាងធ្លាប់ថតរឿងមួយចំនួន ដែលទទួលបានការគាំទ្រ ដូចជារឿង ”ស្រមោលស្នេហ៍អតីត”, ”កូនឥតខាន់ស្លា”, ”ចៅស្រទបចេក”, ”ព្រាយចិញ្ចឹមកូន”, ”នេះឬឪពុក?”, ”វិញ្ញាណស្នេហ៍បាតបឹងកំពីងពួយ” និងរឿងមួយចំនួនទៀត ដែលក្នុងនោះ ចរណៃ ទទួលបានតំណែងសុទ្ធតែជាតួឯក និងតួសំខាន់តែម្ដង ព្រោះតែនាងអាចសម្ដែងបានជាតួជាច្រើនទម្រង់ ដូចជាតួកាច ស្លូត និងតួកម្សត់ បង្ហូរទឹកភ្នែក រួមទាំងជាតួក្រមិចក្រមើម ជាដើម។
សម្រាប់ឆ្នាំ២០១៧ នេះ ពេជ្រ ចរណៃ គ្រោងនឹងបន្ថែមអាជីពថ្មីថែមទៀត ដើម្បីរក្សាលំនឹងក្នុងសិល្បៈនោះ គឺនាងចង់ធ្វើជាអ្នកបង្ហាញម៉ូដ និងពិធីការិនីអាជីពផងដែរ ព្រោះជាការងារដែលនាងស្រលាញ់ជាយូរមកហើយ៕