Wednesday, January 22, 2025
Homeព័ត៌មានជាតិទំនាស់ព្រំដី ប្រុសជេរប្រមាថស្រី ប៉ូលិសអន្តរាគមន៍ ស្រ្តីរងគ្រោះដាក់ពាក្យប្តឹង

ទំនាស់ព្រំដី ប្រុសជេរប្រមាថស្រី ប៉ូលិសអន្តរាគមន៍ ស្រ្តីរងគ្រោះដាក់ពាក្យប្តឹង

ខេត្តបាត់ដំបង ៖ ទំនាស់ព្រំដីមួយ បានកើតឡើងនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ផ្អើលបណ្តាញសង្គម បន្ទាប់ពីមានការបង្ហោះវីដេអូបុរសម្នាក់ ជេរប្រមាថស្ត្រីម្នាក់ជាអ្នកជិតខាង ធ្វើឲ្យសាធារណជនរិះគន់ដោយទាំងមន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដែលមានវត្តមាននៅកន្លែងកើតហេតុដែរ តែមិនឃើញមានអន្តរាគមន៍អ្វីសោះ ដែលករណីនេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាលោកអធិការនគរបាលស្រុកឯកភ្នំ ឱ្យហៅមន្រ្តីនគរបាលនោះ មកធ្វើការសាកសួរនិងអន្តរាគមន៍ឱ្យស្ត្រីរងគ្រោះដែលទទួលរងការជេរប្រមាថពីសំណាក់បុរសជាអ្នកជិតខាងនោះ មកដាក់ពាក្យបណ្តឹង ដើម្បីអនុវត្តតាមនីតិវិធី។

យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា នាប៉ុន្មានម៉ោងកន្លងទៅនេះ ឃើញមានការបង្ហោះរូបភាពជាវីដេអូ អំពីរឿងទំនាស់មួយ ក្នុងគណនីហ្វេសប៊ុក ឈ្មោះ Chhon Voeun ដែលក្នុងនោះ ឃើញមានការជេរប្រមាថដោយបុរស ទៅលើស្រ្តីស្ទើរតែក្លាយជាអំពើហិង្សាទៅហើយ។ ក្នុងជម្លោះនេះ ឃើញមានវត្តមានរបស់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ស្ថិតនៅទីនោះ ប៉ុន្តែមិនឃើញមានកិច្ចអន្តរាគមន៍អ្វីសោះ ហើយទិដ្ឋភាពនេះ បានបង្កឱ្យមានការរិះគន់ពីមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ចំពោះមន្រ្តីនគរបាល។  ឃើញសកម្មភាពបែបនេះ ក្រុមការងារបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈដែលលោកកំពុងធ្វើដំណើរវិលត្រឡប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) លើកទី១ រវាងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៍ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា នាប៉ុន្មានថ្ងៃកន្លងទៅនេះ។

សេចក្តីបំភ្លឺព័ត៌មានដដែល បន្តថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ ឱ្យហៅមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងអន្តរាគមន៍ឱ្យស្ត្រីដែលទទួលរងនូវការជេរប្រមាថពីសំណាក់បុរសខាងលើ មកដាក់ពាក្យបណ្តឹង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ជាមួយនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏សូមការអធ្យាស្រ័យចំពោះមហាជន ក៏ដូចអ្នកសារព័ត៌មាន ក្នុងការទំនាក់ទំនងមកលោក តាមរយៈទូរស័ព្ទ ត្បិតកិច្ចប្រជុំនៅក្រៅប្រទេស មិនអាចធ្វើការទំនាក់ទំនងបាន។

សូមបញ្ជាក់ថា សេចក្ដីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខាងលើនេះ បានធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋពីរគ្រួសារ ដែលមានដីជាប់គ្នា បានមានទំនាស់ព្រំដីនឹងគ្នា នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ តាមរយៈវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ ពាក់អាវក្រហម ជាគូភាគីទំនាស់ ដែលត្រូវបានគេស្គាល់ថា ឈ្មោះស៊្រា សុខស៊្រុន បានជេរបញ្ចោរ ប្រមាថភាគីម្ខាងទៀតដែលជាស្រ្តីភេទ ឈ្មោះឆុន វឿន ដោយក្នុងហេតុការណ៍នោះ ក៏មានអាជ្ញាធរមូលដ្ឋានម្នាក់ ស្ថិតនៅក្នុងជម្លោះនោះផងដែរ ។

ស្រី្តជាភាគីជម្លោះ ឈ្មោះ ឆុន វឿន ដែលជាអ្នកទម្លាយវីដេអូខាងលើនេះ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនឈ្មោះ «Chhon Voeun» បានប្រកាសថា រឿងនេះអត់ចប់ទេ អ្នកស្រីនឹងប្តឹងបុរសឈ្មោះស៊្រា សុខស៊្រុន និងបក្ខពួក រួមទាំងប្រពន្ធរបស់បុរសនោះ ឈ្មោះ ចាន់ លក្ខិណា ពីបទជេរប្រមាថ  និងបរិហារកេរ្តិ៍ជាសាធារណ: ខណ:ដែលរឿងបុរសប្ដីជេរប្រមាថអ្នកស្រី មិនទាន់ចប់ផង ស្ត្រីជាប្រពន្ធ ចេញមុខបរិហារកេរ្តិ៍អ្នកស្រីថែមទៀត។

ទោះបីជាយ៉ាងណា ស្ត្រីជាប្រពន្ធបុរសឈ្មោះស៊្រា សុខស៊្រុន ចេញមុខចោទប្រកាន់ស្ត្រីឈ្មោះ ឆុន វឿន ថាបានលួចចូលមកក្នុងដីផ្ទះរបស់គាត់ ដោយគ្មានការអនុញ្ញាត និងបានបាញ់ថ្នាំស្មៅជាប់ព្រំដី ធ្វើឲ្យសត្វមាន់ទា ក្ងាន របស់អ្នកស្រីងាប់ ហើយជេរប្តីអ្នកស្រី ហៅសុទ្ធតែអាទៀតផង ។ ស្ត្រីដដែល អះអាងថា ស្រ្តីម្នាក់នេះ ឈ្លោះប្រកែកជាមួយអ្នកជិតខាងក្នុងភូមិស្ទើរអស់ទៅហើយ សូម្បីតែម្តាយបង្កើត ក៏ហ៊ានជេរប្រមាថដែរ។

ស្រ្តីឈ្មោះ ចាន់ លក្ខិណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ថា “បុគ្គលនេះ ដែលមានហ្វេសប៊ុក ឈ្មោះ  Chhon Voeun សព្វថ្ងៃរស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលួចចូលមកក្នុងដីផ្ទះខ្ញុំ ដោយគ្មានការអនុញ្ញាត បានបាញ់ថ្នាំស្មៅជាប់ព្រំដី ធ្វើឲ្យសត្វមាន់ទា ក្ងានខ្ញុំស្លាប់ ហើយជេរប្តីខ្ញុំ ហៅសុទ្ធតែអាស្រ៊ុនៗ  ។ ដល់ពេលប្តីខ្ញុំខឹង ជេរវិញ វាថត live ឡាយវីដេអូ ថាខ្ញុំធ្វើរបងចូលដីគេ ទាំងខ្ញុំធ្វើរបងសំណាញ់លួស ដកគម្លាតដល់ទៅជិតកន្លះម៉ែត្រ ហើយមានការដឹងឮពីពូម្ចាស់ដីមុន (លក់ឲ្យខ្ញុំ) អ្នកជាប់ព្រំ អាជ្ញាធរភូមិ មេឃុំ មន្រ្តីនគរបាលប៉ុស្តិ៍ និងចាស់ព្រឹទ្ធាចារ្យ ដឹងឮក្នុងភូមិផងដែរ ។ បុគ្គលជាស្រ្តីម្នាក់នេះ ឈ្លោះប្រកែកជាមួយអ្នកជិតខាងក្នុងភូមិ អស់ហើយ សូម្បីតែម្តាយបង្កើត ក៏ជេរប្រមាថគាត់ថា គាត់ឆ្កួតឡប់ មិនសំចៃមាត់ដែរ ។ ក្នុងភូមិ-ឃុំនេះ នរណាក៏ដឹង ស្គាល់ម្នាក់នេះដែរ គេមិនហ៊ានជាមួយទេ ចូលចិត្តឈ្លោះទាស់ទែងមិនចេះហត់…“ ។

អ្នកស្រី ចាន់ លក្ខិណា បានសរសេរបន្ថែមថា “ស៊ែរមួយផងបងប្អូន កុំស្តាប់តែម្ខាង ចង់ដឹងរឿងច្បាស់ ចូលមើលវីដេអូ និងរូបក្នុងនេះទៅ ដឹងហើយ កុំតែតែស្ករតាមបុគ្គលខ្វះសតិ Chhon Voeun  ហ្នឹងពេក ចង់បានសូម្បីដីម្តាយខ្លួនឯង គាត់លក់ឲ្យខ្ញុំ ដោយសារគាត់មានជំងឺ តែនាងជាកូន មករករឿងច្រងេងច្រងាងដាក់ពួកខ្ញុំ ហើយចោទពួកខ្ញុំថា លួចដីវា បំពានដីវា ទាំងដែលអាជ្ញាធរភូមិ-ឃុំ និងញាតិជិតខាង ដឹងឮច្បាស់ ហើយថែមទាំងមកលួចជីកដាំបង្គោលរបង ចំកណ្តាលដីខ្ញុំ ដោយចិត្តឯង ដោយគ្មានអ្នកណាដឹងឮ សួរថាអ្នកណាបំពានអ្នកណាឲ្យប្រាកដ? បើខ្ញុំខុស លួចដីអ្នកឯង ម៉េចមិនទៅប្តឹងពួកខ្ញុំទៅ ខ្ញុំមកនៅ ៣ឆ្នាំជាងហើយ ទើបវាមករករឿង ចង់បានដីម្តាយវា ឈ្លោះគេឯង បែកទឹក បែកដី។ សូមមើលដោយការគួរ ហើយពិចារណា បុគ្គលនេះ រួមទាំងឪពុកជាលោកឆ្វេងណាស់ ភូមិ-ឃុំនិយាយក៏មិនស្តាប់ដែរ ដើរចោទគេពេញហ្នឹង ថាខ្លួនត្រូវ រស់នៅបំពុលសង្គមគេ…” ។

ស្រ្តីឈ្មោះចាន់ លក្ខិណា បានសរសេរបន្ថែមទៀតថា “បុគ្គលសន្សំរឿង គ្រាន់តែកូនចៅទៅយកព្រះភូមិ ចេញពីដីដែលដោះស្រាយរួចហើយ  ហើយក៏បានប្រាប់មេភូមិរួចដែរ វាមករករឿង ឡាយគេឯងដែរ ពូកែខាងបង្កជម្លោះពេញភូមិ គ្មានអ្នកណាចូលចិត្តសូម្បីតែក្មេង បាញ់ថ្នាំស្មៅអាខ្លាំង ឡើងងាប់មាន់ ក្ងានឯងអស់ គិតម៉េចវិញ ហ្នឹងហើយនារីទន់ខ្សោយ និយាយគ្មានស្តាប់អ្នកណា គឺឆ្វេងតែម្តង ភូមិ-ឃុំ អាជ្ញាធរ រវល់ឥតប្រយោជន៍ដោយសារតែនាង“ ។

ទោះបីយ៉ាងណា ជុំវិញទំនាស់ព្រំដីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ពីភាគីទំនាស់ទាំងពីរបានទេ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចខេត្តបាត់ដំបង ក៏មិនអាចទាក់ទងសុំការមតិយោបល់បានដូចគ្នា កាលពីម្សិលមិញ ។ ប៉ុន្តែយ៉ាងណា យើងរង់ចាំទទួលការស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ។

គួរបញ្ជាក់ថា យោងតាមលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ចុះហត្ថលេខាដោយមេភូមិតាគម កែវ យ៉ុង ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ជាក់ដោយមេឃុំពាមឯក អ៊ុង សារ៉ន ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា “ខ្ញុំបាទ/នាងខ្ញុំ ឈ្មោះទៀម ផា ភេទប្រុស កើតឆ្នាំ១៩៥៨ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧០៥៧៩៩៥៤ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៨ និងឈ្មោះឆោម ស៊ ភេទស្រី កើតឆ្នាំ១៩៧៨ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧១១៦៦៩៩៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ មានលំនៅបច្ចុប្បន្ន ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានព្រមព្រៀងផ្ទេរសិទ្ធិកាន់កាប់ដីភូមិ មួយកន្លែង មានទំហំ ១៦២០ម២ ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ ខាងជើង ទល់នឹងឆោម ស៊ ខាងត្បូង ទល់នឹងឈុត ឆាន ខាងកើត ទល់នឹងស្រ៊ា សុខស៊ុ្រន ខាងលិច ទល់នឹងទៀម ផា ទៅឲ្យឈ្មោះស៊ា សុខស៊្រុន ភេទប្រុស កើតឆ្នាំ១៩៨១ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧០៧៧០៤៥១ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ១៦៩ ក្រុមទី១៣ ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីកាន់កាប់និងប្រើបា្រស់បន្ត ។ ខ្ញុំបាទ/នាងខ្ញុំ ជាភាគីអ្នកផ្ទេរសិទ្ធិ សូមអះអាងថា បើថ្ងៃក្រោយមានជនណាមកទាមទារតវ៉ាយកដីនេះ ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន“ ៕   កុលបុត្រ

RELATED ARTICLES