ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា កម្ពុជា ជំពាក់បំណុលបរទេសប្រមាណ ១១,១៩ពាន់លានដុល្លារ ត្រូវបង់សងការប្រាក់ ក្នុង១ឆ្នាំ ជាង២០០លានដុល្លារ ហើយក្នុងចំនួនប្រជាជនខ្មែរ សរុបទាំងអស់ ១៦លាននាក់ ទាំងចាស់ក្មេងនិងកូនង៉ា ជំពាក់បំណុលបរទេស ក្នុងម្នាក់ៗ ចំនួន ៧០០ដុល្លារ។
លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា “គម្រោងសាងសង់ស្ពាននិងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ ប្រវែងជាង ៥៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាជិត ២៥០លានដុល្លារ កំពុងរង់ចាំថវិកាកម្ចីពីប្រទេសចិន។ លុយរាស្រ្តបង់ពន្ធផ្លូវ និងពន្ធផ្សេងៗ ហូរចូលហោប៉ៅលោកធំ និងយកទៅទិញឡានទំនើបៗ ព្រមទាំងវីឡា អស់ហើយ ទើបគ្មានលុយសាងសង់ស្ពាននិងផ្លូវ ហើយគិតតែពីខ្ចីលុយពីចិន។ កម្ពុជាជំពាក់បំណុលបរទេស ប្រមាណ ១១,១៩ពាន់លានដុល្លារ។ ប្រទេសកម្ពុជា បានសងការប្រាក់ជាង ២០០លានដុល្លារ ក្នុងមួយឆ្នាំៗ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ថា លុយចំនួន ២០០លានដុល្លារ ក្នុង១ឆ្នាំៗ ជាចំនួនដ៏ច្រើន សម្រាប់ការសងការប្រាក់បំណុលបរទេស បើយើងមានលុយខ្លួនឯង មិនបាច់សងការប្រាក់គេ រហូតដល់ ២០០លានដុល្លារ ក្នុង១ឆ្នាំទេ ដែលអាចយកលុយ ២០០លានដុល្លារនេះ មកសាងសង់ស្ពាន ថ្នល់ ដោយខ្លួនឯងបាន ដោយមិនចាំបាច់ខ្ចីចិន ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! កម្ពុជា យើងបច្ចុប្បន្ននេះបានជំពាក់បំណុលបរទេស ចំនួន ១១,១៩ពាន់លានដុល្លារ ហើយជំពាក់ចិន ជាង៤០% នៃបំណុលហ្នឹង ហើយបើយើងគិតប្រជាពលរដ្ឋខ្មែរយើង ទាំងតូច ទាំងធំហ្នឹង ១៦លាននាក់ អ៊ីចឹងប្រជាពលរដ្ឋខ្មែរ ជំពាក់លុយបរទេសហ្នឹង គឺម្នាក់ប្រហែលជា ៧រយដុល្លារ ក្នុង១នាក់ ទាំងក្មេង ទាំងចាស់ ទាំងកូនង៉ាអីហ្នឹង ជំពាក់ទាំងអស់ ហើយអ្នកដែលសង គឺប្រជាពលរដ្ឋខ្មែរហ្នឹងឯង រដ្ឋាភិបាល ជាអ្នកខ្ចី ប៉ុន្តែប្រជាពលរដ្ឋ ជាអ្នកសង តាមរយៈការបង់ពន្ធ បង់អីហ្នឹង ហើយសងការបា្រក់ហ្នឹង ក្នុងមួយឆ្នាំៗ ជាង២០០លានដុល្លារ ។ អ៊ីចឹងចំនួន ២០០លានដុល្លារ ក្នុង១ឆ្នាំៗហ្នឹង ជាចំនួនដ៏ច្រើនហើយ សម្រាប់ការសងការប្រាក់នោះ យើងរកចំណូលបានតិចតួច ហើយគ្រាន់តែសងការប្រាក់គេ ជាង២០០លានដុល្លារហើយ ។ អ៊ីចឹងមានន័យថា យើងហ្នឹងបានចំណូលមួយចំនួន គឺដើម្បីតែសងការប្រាក់គេហ្នឹង ដោយសារយើងជំពាក់បំណុលគេច្រើនពេក ។ អាហ្នឹងចំនួនជាង ២០០លានដុល្លារ សម្រាប់តែការប្រាក់ហ្នឹង គឹច្រើនណាស់ ។ បើយើងមានលុយខ្លួនឯង មិនបាច់សងការប្រាក់គេរហូតដល់ ២០០លានដុល្លារ ក្នុង១ឆ្នាំទេ អាចយក ២០០លានដុល្លារហ្នឹង ទៅសាងសង់ស្ពានអីបានម្ភៃសាមសិបដែរ ឬក៏ច្រើនជាងហ្នឹងផង“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ត្រឹមតែគម្រោងសាងសង់ស្ពាននិងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ មានប្រវែងជាង៥៨គីឡូម៉ែត្រ ហើយចំណាយថវិកាប្រហែលជាង២៥០លានដុល្លារហ្នឹង ក៏រដ្ឋអត់មានលុយដែរហ្នឹង កំពុងរង់ចាំថវិកាកម្ចីពីប្រទេសចិន ។ បើអត់មានចិន ឲ្យខ្ចី គឺអត់បានសាងសង់តែម្ដង ។ ដូច្នេះអ្វីដែលរដ្ឋាភិបាលអួតថា កំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ហ្នឹង អាហ្នឹងគឺការភូតភរ អត់សមហៅថាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ សូម្បីថវិកាប៉ុណ្ណឹង អត់មានលុយសាងសង់ខ្លួនឯង ចាំតែដង្ហើមដកពីចិន ហ្នឹង ព្រោះអី? ដោយសារតែការប្រមូលពន្ធអីហ្នឹងមានអំពើពុករលួយជាប្រព័ន្ធ ។ អ៊ីចឹងលុយដែលប្រជាពលរដ្ឋបង់ពន្ធផ្លូវ បង់ពន្ធអីផ្សេងៗហ្នឹង ចូលហោប៉ៅមន្រ្តីជាន់ខ្ពស់ភាគច្រើន អ៊ីចឹងបានជារដ្ឋាភិបាល អត់មានលុយសាងសង់ផ្លូវថ្នល់ និងស្ពានហ្នឹង អ៊ីចឹងបានជាត្រូវខ្ចីលុយចិន ។ យើងមិនមើលទេ សូម្បីមេគយ ហើយនិងមន្រ្តីពន្ធដារហ្នឹង មានណាស់ ដោយសារអី? ដោយសារតែមានវីឡាពីរបី ឡានរាប់ភ្លេច លុយរាប់លានដុល្លារ ដោយសារតែអំពើពុករលួយហ្នឹង ដែលប្រជាពលរដ្ឋបង់ពន្ធភាគច្រើន គឺចូលហោប៉ៅអ្នកធំ ហើយនិងមន្រ្តីប្រមូលពន្ធហ្នឹង មិនបានចូលទៅថវិកាជាតិនោះទេ ។ អ៊ីចឹងបានជារដ្ឋអត់មានលុយទៅសាងសង់ស្ពាន ឬផ្លូវដោយខ្លួនឯង ត្រូវខ្ចីចិន ហើយការដែលកាប់ព្រៃឈើ ជីករ៉ែអីហ្នឹង ត្បូងអីហ្នឹង មាសអីហ្នឹង រ៉ែដែកអីហ្នឹង គឺលុយដែលបានពីការកាប់បំផ្លាញឈើ និងរ៉ែហ្នឹង ភាគច្រើនគឺចូលហោប៉ៅរបស់មន្រ្តីជាន់ខ្ពស់ហ្នឹងឯង ហើយចូលថវិកាជាតិហ្នឹងតិចតួច ។ អ៊ីចឹងហើយបានជារដ្ឋាភិបាល អត់មានលុយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯងទេ ត្រូវខ្ចីលុយចិន បានអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធបាន“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តទៀតថា “យើងឃើញជាក់ស្ដែងហើយ មន្រ្តីរដ្ឋាភិបាលហ្នឹង ប្រាក់ខែតិចតួចទេ ប៉ុន្តែវីឡាពីរបី ឡានរាប់ភ្លេច លុយធនាគារ រាប់លានដុល្លារ ហើយកូនហ្នឹងសុទ្ធតែរៀនសាលាទំនើប ឡានជិះទំនើបៗទៀត កូនសុទ្ធរៀននៅសាលាថ្លៃៗ រៀននៅក្រៅប្រទេសអីទៀត ហើយឈឺសុទ្ធតែទៅពេទ្យសាំងហ្គាពួរ ពេទ្យក្រៅប្រទេសឯណោះ ហើយយើងមើលមន្រ្តីគយ ពន្ធដារអីហ្នឹង ឡានរាប់ភ្លេច ផ្ទះពីរបី ទ្រព្យសម្បត្តិរាប់លានដុល្លារ ។ អាហ្នឹងយើងឃើញជាក់ស្ដែងនឹងភ្នែក ដោយសារអំពើពុករលួយហ្នឹងហើយ បានជារដ្ឋាភិបាលហ្នឹង អត់មានលុយសាងសង់ស្ពាន និងផ្លូវហ្នឹង គិតតែខ្ចីលុយពីចិន ដោយសារតែអំពើពុករលួយជាប្រព័ន្ធ ហើយគណបក្សប្រជាជន បានលុយពីណា? ដោយសារតែលុយលួចជាតិហ្នឹងឯង ហើយលក់ព្រៃឈើ លក់រ៉ែ លុយប្រជាពលរដ្ឋបង់ពន្ធហ្នឹងឯង ។ អាហ្នឹងឃើញជាក់ស្ដែងអ៊ីចឹង មិនបាច់មើលឯណាឆ្ងាយទេ មើលតែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទៅ ប្រាក់ខែតិចតួច ក៏ប៉ុន្តែទ្រព្យសម្បត្តិរាប់ភ្លេច ដីរាប់កន្លែង“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្ថែមថា “បាទ! យើងព្រួយបារម្ភថា កម្ពុជា ថ្ងៃអនាគតទៅ នឹងក្លាយទៅជាប្រទេសដែលជំពាក់បំណុលបរទេសវ័ណ្ឌក ដូចប្រទេសស្រីលង្កាអ៊ីចឹង ដែលជំពាក់លុយចិន ច្រើនពេកទៅ ក៏កាត់កំពង់ផែ ឲ្យប្រទេសចិន គ្រប់គ្រងអីអ៊ីចឹងទៅ ។ អាហ្នឹងប្រទេសស្រីលង្កា អត់មានលុយសងបំណុលចិន ។ ដូច្នេះកម្ពុជា យើងនឹងក្លាយទៅជាប្រទេសដែលជំពាក់បំណុលបរទេសវ័ណ្ឌក នៅពេលអនាគតនោះ នៅពេលដែលយើងខ្ចីបរទេស មួយឆ្នាំៗ រាប់ពាន់លានដុល្លារ ដោយសារតែថវិកាដែលត្រូវចំណាយហ្នឹង គឺវាច្រើនជាងចំណូលដែលរកបាន ។ អ៊ីចឹងដើម្បីឲ្យមានដំណោះស្រាយអាចរួចផុតពីបំណុលបរទេស ត្រូវធ្វើម៉េច យើងលុបបំបាត់អំពើពុករលួយទៅ កាលណាលុបបំបាត់អំពើពុករលួយ យើងប្រមូលពន្ធបានច្រើន យើងចាំបាច់ទៅខ្ចីលុយបរទេសធ្វើអី ហើយធនធានធម្មជាតិហ្នឹង កុំឲ្យទ្រី ភាព អី កូនទ្រី ភាព អី អ្នកឧកញ៉ាៗហ្នឹងជីករ៉ែ ហើយនិងកាប់ឈើ ហើយយកលុយហ្នឹងទៅឲ្យត្រកូលហ៊ុន ហើយនិងគណបក្សប្រជាជន ពង្រឹងអំណាច អត់បានចូលថវិកាជាតិ ។ អាហ្នឹងដោយសារតែអំពើពុករលួយហ្នឹងឯង ដូច្នេះកាលណាយើងលុបបំបាត់អំពើពុករលួយបាន យើងអាចរួចផុតពីបំណុលបរទេសហើយ ហើយយើងជឿថា រដ្ឋាភិបាលនេះ ធ្វើមិនបានទេ ដល់មានរដ្ឋាភិបាលថ្មី ក្រៅពីត្រកូលហ៊ុន ដឹកនាំ បានដោះស្រាយបញ្ហាអំពើពុករលួយជាប្រព័ន្ធបាន“ ។
ទោះបីជាយ៉ាងណា ជុំវិញការលើកឡើង និងចោទប្រកាន់របស់សហការីអតីតមេបក្សប្រឆាំងខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំប្រតិកម្ម ការបំភ្លឺឆ្លើយតបពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានទេ កាលពីម្សិលមិញ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ថ្មី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆ្នាំ២០២៣ បំណុលសាធារណៈក្រៅប្រទេស ដែលរាជរដ្ឋាភិបាលកម្ពុជា ជំពាក់ដៃគូបរទេស បានកើនឡើងប្រមាណ ១១,១៩ពាន់លានដុល្លារ អាមេរិក។ បើធៀបនឹងឆ្នាំ២០២២ បំណុលបរទេសនេះ បានកើនឡើងជាង ១ពាន់លានដុល្លារអាមេរិក ឬស្មើនឹងជាង ១០%។
បើតាមរបាយការណ៍ស្តីពីស្ថិតិបំណុលសាធារណៈកម្ពុជា ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កាលពីឆ្នាំ២០២២ បំណុលសាធារណៈក្រៅប្រទេស មានប្រមាណ ៩៩៧០លានដុល្លារអាមេរិក។ បំណុលដែលកម្ពុជា ខ្ចីក្នុងក្របខ័ណ្ឌទ្វេភាគី មានជាង៧ពាន់លានដុល្លារ ឬស្មើនឹង ៦៤% នៃបំណុលសរុប ខណៈបំណុលពហុភាគី មានប្រហែល ៤ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ៣៦%។
ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដែកថែបរបស់កម្ពុជា នៅតែជាម្ចាស់បំណុលធំជាងគេ នៃបំណុលសាធារណៈក្រៅប្រទេស ដែលមានចំនួនសរុបជាង ៤ពាន់លានដុល្លារ ដែលស្មើនឹង ៣៧% នៃបំណុលសរុបក្រៅប្រទេស។
កាលពីខែកក្កដា ឆ្នាំ២០១៩ ការស្រាវជ្រាវមួយ ធ្វើដោយវិទ្យាស្ថាន Kiel Institute មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បង្ហាញថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាជំពាក់បំណុលប្រទេសចិន ច្រើនបំផុតលំដាប់ទី៦ ក្នុងចំណោម ៥០ប្រទេស ដែលលើកយកមកសិក្សាទូទាំងពិភពលោក។ របាយការណ៍ដដែល បានបង្ហាញកង្វល់អំពីកំណើនយ៉ាងលឿននៃអត្រាបំណុលដែលប្រទេសទាំងនោះ ជំពាក់ចិន ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងមានហានិភ័យការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបង្ហាញដែរថា ក្នុងបំណុលក្រៅប្រទេស ជាទ្វេភាគី ប្រទេសជប៉ុន មានចំនួន ១២០០លានដុល្លារអាមេរិក ស្មើនឹង ១១% ប្រទេសកូរ៉េ មាន ៥៧៥លានដុល្លារអាមេរិក ស្មើនឹង ៥% និងប្រទេសបារាំង មានចំនួន ៥៣៣លានដុល្លារអាមេរិក ស្មើនឹងជិត ៥%។ ចំណែកបំណុលពហុភាគី កម្ពុជា ជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២១% ធនាគារពិភពលោក ១២% និងពហុភាគីផ្សេងទៀត ៣%។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ជាក់ថា បំណុលសាធារណៈរបស់កម្ពុជា បច្ចុប្បន្ននេះស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ របាយការណ៍ដដែល បន្ថែមថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយអាស្រ័យកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍ ៖ ក្របខ័ណ្ឌគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមត្ថភាពស្ថាប័ននិងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគនិងតាមដានហានិភ័យបំណុល។
ថ្លែងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា មិនខ្ចីលុយបរទេសរហូតដល់វ័ណ្ឌកឡើយ ហើយកម្ពុជា មានហេតុផលនៅក្នុងការខ្ចីដើម្បីបម្រើប្រយោជន៍ជាតិ។
សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «ហើយយើងក៏មិនខ្ចីបំណុលគ្មានហេតុផល រហូតទៅដល់ជំពាក់វ័ណ្ឌកដូចគេថានោះទេ។ គ្មានប្រទេសណា លើពិភពលោកតិចបំផុត ដែលថាគ្មានបំណុល ហើយប្រទេសដែលមានបំណុល ក៏ប្រទេសខ្លះត្រូវចេញបំណុលខ្ចីទៅលើប្រជាពលរដ្ឋខ្លួនឯងដែរ»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា កម្ពុជា ខ្ចីលុយបរទេស ដើម្បីវិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រយោជន៍ជាតិ តែកម្ពុជា ក៏មិនខ្ចីទាំងអស់ដែរ ដោយសារតែប្រើការវិនិយោគតាមទម្រង់ BOT (Build Operate Transfer) គឺកសាង ប្រតិបត្តិនិងផ្ទេរ។ ការវិនិយោគបែបនេះ ត្រូវបានប្រើប្រាស់នៅកម្ពុជា ដោយក្រុមហ៊ុនចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ភ្នំពេញ-បាវិត និងព្រលានយន្តហោះខេត្តសៀមរាប ជាដើម។
គួរបញ្ជាក់ដែរថា បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ដែលរាជរដ្ឋាភិបាល បានអនុម័ត កាលពីឆ្នាំ២០២៣ សម្រាប់ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ប្រមាណ ២៣០០លានដុល្លារអាមេរិក ដើម្បីយកមកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ ៕ កុលបុត្រ