ភ្នំពេញ ៖ អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលមានទោសពីបទបាញ់ប្រហារ លើកម្មការិនី៣នាក់ ឱ្យរងរបួសនោះ ក្រោយ ពីបានអនុវត្តទោសតាមអំណាចសាលក្រមតុលាការ អស់រយៈពេល១៨ខែ រួចមក ក៏ត្រូវ បានដោះលែងចេញពីពន្ធនាគារឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមប្រភពពីមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការដោះលែង លោកឈូក បណ្ឌិត ឱ្យមានសេរីភាពវិញ នេះ មិនមែនជាការលើកលែងទោសមុនការកំណត់ នោះទេ គឺលោកឈូក បណ្ឌិត បានអនុវត្តទោស ត្រឹមត្រូវតាមការកំណត់។
សូមរំឭកថា លោកឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត ខេត្តស្វាយរៀង កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ បានបាញ់កម្មការិនី រោងចក្រកៅរ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្ត ស្វាយរៀង បណ្តាលឱ្យរងរបួសចំនួន៣នាក់ ដែលក្នុងនោះ រួមមានឈ្មោះនុត សាខន, កែវ នា និងប៊ុន ចិន្តា នៅពេលដែលកម្មករទាំងនោះ បានចូលរួមធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ ពីថៅកែរោងចក្រ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ លោកឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្ត ស្វាយរៀង សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធ-នាគារចំនួន១ឆ្នាំកន្លះ និងបង់ប្រាក់សងជំងឺចិត្ត ចំនួន៣៨លានរៀល ដល់ជនរងគ្រោះទាំង៣ នាក់នោះ។ បណ្តឹងនេះបានឡើងដល់សាលា-ឧទ្ធរណ៍ និងតុលាការកំពូលទៀត ប៉ុន្តែតុលាការ ទាំង២ បានសម្រេចតម្កល់សាលក្រមសាលា ដំបូងខេត្ត ទុកជាបានការដដែល។
លោកឈូក បណ្ឌិត ត្រូវបានមជ្ឈដ្ឋានសង្គម មើលឃើញថា បានរត់គេចពីបណ្តឹងនោះ ប៉ុន្តែ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ក្រោយពី រត់គេចខ្លួនអស់រយៈពេលជាង៣ឆ្នាំ លោកឈូក បណ្ឌិត ក៏សម្រេចដើរចូលស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសារភាពកំហុស និងទទួល ទោស បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចឧប-នាយករដ្ឋមន្ត្រី ស ខេង ប្រកាសឱ្យតាមចាប់ខ្លួន៕