ខេត្តបន្ទាយមានជ័យ ៖ ទារកម្នាក់ ទើបកើតបានប្រមាណ ២-៣ថ្ងៃ ត្រូវបានម្តាយយកមកបោះចោល លុះត្រូវទឹកភ្លើង ពេលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ ក៏យំង៉ាៗ ផ្អើលប្រជាពលរដ្ឋមកមើល និងរាយការណ៍ជូនខាងមន្ទីរពេទ្យបង្អែក ចុះមកយកទៅសង្គ្រោះ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចចិញ្ចើមផ្លូវ ក្បែរគុម្ពឫស្សី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមប្រភពប្រជាពលរដ្ឋដែលបានប្រទះឃើញទារកខាងលើ បានឲ្យដឹង មុនពេលកើតហេតុ គាត់បានឮសំឡេងទារកស្រែកយំង៉ាៗ ចេញពីចំណុចគុម្ពឫស្សី ចំណុចកើតហេតុខាងលើ ក៏នាំគ្នាទៅមើល ប្រទះឃើញទារកមានសភាពក្រហមរងាល ដេកលើកម្រាលសារុង ក្នុងកញ្ឆេ ជ័រមួយ មានថ្នាំពេទ្យ ១ថង់ កំប៉ុងទឹកដោះគោ១ ទទឹក ភ្លៀងជោក។

ប្រភពដដែល បន្តថា ទារកខាងលើ ទើបកើតបានប្រមាណ ២ទៅ៣ថ្ងៃប៉ុណ្ណោះ ហើយទំនងជាត្រូវម្តាយ ឬសាច់ញាតិ យកមកប្លុងចោល លុះត្រូវទឹកភ្លៀង ក៏ស្រែកយំ រហូតពួកគាត់ជាប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឮ ចេញទៅមើល មានការអាណិតអាសូរទារកនេះជាពន់ពេក មិនគួរណាអភ័ព្វ កើតមកប៉ះម្តាយចិត្តអប្រិយ យកមកបោះចោលតាមផ្លូវបែបនេះ។

បន្ទាប់ពីប្រទះឃើញទារកខាងលើ ប្រជាពលរដ្ឋបានទំនាក់ទំនងក្រុមសង្គ្រោះបឋមរបស់មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ចុះមកយកទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះ និងថែទាំ រង់ចាំស្រាវជ្រាវបន្ត៕
