ខេត្តកណ្តាល ៖ ពិធីមង្គលការមួយ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងជិតដល់វេលាត្រូវ បញ្ចប់ទៅហើយ ស្រាប់តែផ្ទុះអំពើហិង្សា ដោយ ក្រុមក្មេងទំនើងរាំធុងបាសជាន់ជើងគ្នាផ្ទុះជម្លោះ ដេញកាប់ចាក់គ្នាពេញរោងការ ធ្វើឱ្យកូនកំលោះ ក្រមុំ ព្រមទាំងសាច់ញាតិ ពិសេសក្រុមភ្ញៀវ ដែលចូលរួមពិធីនាំគ្នារត់ប្រសាច កាលពីវេលា ម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។
តាមប្រភពពីភ្ញៀវដែលចូលរួមពិធីមង្គល– ការ និងប្រទះឃើញក្រុមក្មេងទំនើងកាប់ចាក់ គ្នាផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ ដោយសុំមិន បញ្ចោញឈ្មោះថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងភូមិអម្ពិលទឹក មានពិធីមង្គលការមួយ និងបានរៀបចំទទួលភ្ញៀវពិសាភោជនាហារនៅវេលាល្ងាចថ្ងៃដដែល ដោយមានភ្ញៀវ ចូលរួមយ៉ាងច្រើនកុះករ។ លុះដល់វេលាម៉ោង ៩និង១០នាទីយប់ថ្ងៃដដែល ខណៈដែលពិធី រាំរែកកំពុងប្រព្រឹត្តទៅ ស្រាប់តែភ្ញៀវខាងកូន កំលោះក្រមុំបានរាំប៉ះគ្នា បណ្តាលឱ្យផ្ទុះជម្លោះ មួយប្រាវទៅហើយ តែមិនបានវាយតប់គ្នានោះ ទេ ព្រោះតែម្ចាស់ដើមការបានព្យាយាមជួយ សម្របសម្រួលទាន់ពេល។
ប្រភពដដែលបន្តថា លុះ២០នាទីក្រោយ មក ស្រាប់តែគេឃើញភ្ញៀវខាងកូនកំលោះ បានដើរទៅសួរភ្ញៀវខាងកូនក្រមុំថា “ពួកហ្អែង អាណាគេគប់ផ្លែស្រកានាគនិងដបទឹកសុទ្ធទៅ តុអញ!” ពេលនោះភាគីខាងភ្ញៀវកូនក្រមុំឆ្លើយ ថា “សូមទោសអត់ដឹងទេ” ស្រាប់តែភ្ញៀវខាង កូនកំលោះម្នាក់ទៀត បានស្ទុះមកដល់រួចនិយាយ ថា “អញមិនទទួលទោសពួកហ្អែងទេ តែចង់វ៉ៃ ពួកហ្អែង” ទើបធ្វើឱ្យភាគីទាំងសងខាង ដែល សុទ្ធតែមានជាតិស្រាចូលក្នុងខ្លួនផងនោះ ក្តៅ ស្លឹកត្រចៀករៀងខ្លួន ក៏បើកឆាកប្រយុទ្ធស៊ីសាច់ ហុតឈាមគ្នាពេញក្នុងរោងការ ដោយក្រុម ភ្ញៀវខាងកូនកំលោះមានគ្នាជាង១០នាក់ ចំណែក ខាងកូនក្រមុំមានគ្នាជាង២០នាក់ បានយកកែវ ចានគប់ដាក់គ្នា ហោះពេញក្នុងរោងការ ធ្វើឱ្យ កូនកំលោះក្រមុំ និងសាច់ញាតិ ព្រមទាំងភ្ញៀវ ដែលចូលរួមទាំងអស់ នាំគ្នារត់គេចប្រសាច ពេញរោងការខ្លាចរងរបួស ដោយសារចានហោះ កែវហើរ។
ប្រភពខាងលើ បញ្ជាក់ថា ភ្លាមៗនោះ សមត្ថកិច្ចប្រចាំការនៅរោងការ២–៣នាក់ បានចេញជួយអន្តរាគមន៍ភ្លាមៗដែរ តែឃាត់ មិនឈ្នះសោះ ទើបសមត្ថកិច្ចរាយការណ៍ទៅ លោកអធិការស្រុកលើកដែក សុំកម្លាំងបន្ថែម និងបានផ្ទុះអាវុធគំរាម៤–៥គ្រាប់ ទើបអាច បំបែកភាគីទាំង២ចេញពីគ្នាបាន។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ឈុត ឆាកវាយប្រយុទ្ធគ្នានៅក្នុងរោងការនោះ បាន បង្កឱ្យមានអ្នករបួសបែកមុខមាត់ និងដងខ្លួន ទាំងសងខាង ដោយក្នុងនោះ ភ្ញៀវខាងកូន– កំលោះរងរបួស៤នាក់ ចំណែកខាងកូនក្រមុំ របួស៣នាក់ ហើយភាគីទាំង២កំពុងដាក់ពាក្យ ប្តឹងគ្នាទៅវិញទៅមក និងត្រូវសមត្ថកិច្ចកោះ ហៅមកសាកសួរជាបន្តបន្ទាប់។ ដោយឡែក ករណីនេះ ម្ចាស់ដើមការមិនបានដាក់ពាក្យប្តឹង ផ្តល់អ្វីនោះទេ៕