Tuesday, January 21, 2025
Homeព័ត៌មានជាតិសម រង្ស៊ី ចោទសម្ដេចហ៊ុន សែន យកព្រែកជីក ធ្វើប្រជាភិថុតិឲ្យប្រជាជនខ្មែរគាំទ្ររបបតពូជ

សម រង្ស៊ី ចោទសម្ដេចហ៊ុន សែន យកព្រែកជីក ធ្វើប្រជាភិថុតិឲ្យប្រជាជនខ្មែរគាំទ្ររបបតពូជ

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានបន្តប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន ដោយចោទសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថា យកព្រែកជីកនេះ ធ្វើប្រជាភិថុតិ ឲ្យប្រជាជនខ្មែរ គាំទ្ររបបតពូជ ។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «គម្រោងជីកព្រែក ភ្ជាប់ទីក្រុងភ្នំពេញ ទៅដល់សមុទ្រ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ។ របបហ៊ុន សែន បានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវ  ជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ»។

អតីតមេបក្សប្រឆាំងរូបនេះ បានសរសេរបន្តថា «មូលដ្ឋានសឹករបស់ចិន នៅរាម ក៏ជាឈ្នាន់ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ របបហ៊ុន សែន និងហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ប្រទេសកម្ពុជា ដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីចិន ជួយការពារអំណាចផ្តាច់ការរបស់ខ្លួន»។

តាមរយៈទំព័រហ្វេសប៊ុកដដែល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកសម រង្ស៊ី បានសរសេរបន្ថែមថា “បញ្ហាវាមិនមែនស្ថិតលើនរណាជាអ្នកសាងសង់ នរណាជាអ្នកចេញលុយ ឬនរណាជាអ្នកគ្រប់គ្រងនោះទេ តែវាស្ថិតនៅផលប្រយោជន៍ សម្រាប់ប្រទេសកម្ពុជា នៃព្រែកនេះ ក្នុងវិស័យសេដ្ឋកិច្ច ដែលផលប្រយោជន៍នេះ វាតិចតួចណាស់ ឬមិនមានអ្វីគួរឲ្យជឿ ទាល់តែសោះ ។ មានតែមនុស្សល្ងង់ទេ ដែលជឿការភូតភរ របស់ហ៊ុន សែន ។ បើចង់ជួយកសិករខ្មែរយ៉ាងពិតប្រាកដ យើងត្រូវផ្ដល់អាទិភាពឲ្យទៅការសាងសង់ប្រព័ន្ធធារាសាស្រ្តតូចៗ ដូចជាប្រឡាយទឹក ទំនប់ទឹក ការជីកនឹងការស្ដារព្រែកធម្មជាតិតូចៗ នៅទូទាំងប្រទេស ជាពិសេសក្នុងតំបន់ដែលខ្វះទឹកយ៉ាងពិតប្រាកដ ។ ផលប្រយោជន៍ពិតប្រាកដ នៃព្រែកជីហ្វូណននេះ គឺជារឿងនយោបាយសុទ្ធសាធ ដើម្បីបម្រើយុទ្ធសាស្រ្តយោធា របស់ប្រទេសចិនកុម្មុយនីស ពីព្រោះប្រទេសកម្ពុជា បានក្លាយទៅជារណបប្រទេសចិន ដូចកាលពីសម័យប៉ុល ពត អ៊ីចឹងដែរ ។ ហ៊ុន សែន ដូចប៉ុល ពត អ៊ីចឹងដែរ គឺនាំប្រទេសកម្ពុជា ឆ្ពោះទៅរកគ្រោះថ្នាក់ “ ។

តាមរយៈទំព័រហ្វេសប៊ុកដដែល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកសម រង្ស៊ី បានបានសរសេរបន្ថែមទៀតថា “មានអាថ៌កំបាំង ២យ៉ាង ពីក្រោយព្រែកជីកហ្វូណន ៖

១- ព្រែកជីកនេះ ជាផ្នែកមួយតូច នៃយុទ្ធសាស្រ្តចិនកុម្មុយនីស្ត ដើម្បីគ្រប់គ្រងពិភពលោកទាំងមូល ទោះជាប្រទេសកម្ពុជា ត្រូវរងគ្រោះយ៉ាងណាក៏ដោយ។

២- ព្រែកជីកនេះ ជាប្រធានបទ ដើម្បីឲ្យហ៊ុន សែន ធ្វើប្រជាភិថុតិ ដោយបោកបញ្ឆោតប្រជារាស្រ្តខ្មែរ ឲ្យគាំទ្ររបបផ្តាច់ការតពូជរបស់គាត់។ គាត់ចង់បង្វែរកំហឹងប្រជារាស្រ្តខ្មែរ ចំពោះគាត់ ឲ្យទៅខឹងប្រទេសវៀតណាមវិញ ដើម្បីឲ្យត្រកូលក្បត់ជាតិរបស់គាត់រួចខ្លួន“ ។

ជុំវិញការលើកឡើងចោទប្រកាន់របស់លោកសម រង្ស៊ី ថាសម្ដេចហ៊ុន សែន យកព្រែកជីក ធ្វើប្រជាភិថុតិ ឲ្យប្រជាជនខ្មែរ គាំទ្ររបបតពូជនោះ “នគរធំ” បានទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២៤ ផងដែរ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយទេ ដោយលោកបញ្ជាក់ថា ដោយសារសម្ដេចហ៊ុន សែន បានថ្លែងសារពិសេសច្បាស់លាស់ហើយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ ដូច្នេះលោកអត់មានប្រសាសន៍អីបន្ថែមលើប្រសាសន៍សម្តេច ទេ ព្រោះសម្តេច បានពន្យល់សព្វគ្រប់ជ្រុងជ្រោយអស់ហើយ ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ នេះ ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ”។  សម្តេច ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមតែមួយគត់ចេញពីកម្ពុជា សុទ្ធសាធ ផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលថាគម្រោងព្រែកជីកនេះ ជាគំនិតផ្តួចផ្តើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ចិន។  សម្ដេច បានជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន ។ សម្ដេច មិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាម ស្អប់គ្នា និងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេច ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជា លើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយ លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ។ សម្តេចតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យនាយករដ្ឋមន្ត្រីថ្មី សម្តេចហ៊ុន ម៉ាណែត កុំយប់យូរ សុបិនច្រើន ឆាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នេះទៅ ព្រោះមិនមានការចាំបាច់ណាមួយក្នុងការរង់ចាំតទៅទៀតនោះទេ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «…ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ សូមលើកឡើងនូវបញ្ហាមួយចំនួន ដែលទាក់ទិននឹងការលើកឡើងកន្លងទៅ ទី១-ខ្ញុំព្រះករុណាខ្ញុំ សូមទាក់ទាញការចាប់អារម្មណ៍របស់អ្នកកាសែតបរទេស ហើយខ្ញុំមិនដឹងថាអ្នកកាសែតបរទេសនោះ ជាអ្នកកាសែតដែលមាននិន្នាការប្រភេទណានោះទេ ក៏ប៉ុន្តែបើយោងទៅលើអ្វីដែលជាប្រភេទនៃការនិយាយចេញមកនោះ ដែលគេចាត់ទុកថា ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខ័ណ្ឌខ្សែក្រវាត់១ ផ្លូវ១ ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជា គឺជាព្រែកជីក ដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយភាគីកម្ពុជា ចិន មិនបានដឹងរឿងនេះទេ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមនៅក្នុងការសិក្សា ហើយយើងស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីមកវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនូវការជីកព្រែកមួយនេះ។ ដូច្នេះសូមអ្នកដែលតែងតែចោទប្រកាន់យើងអំពីក្របខ័ណ្ឌភូមិសាស្ត្រនយោបាយ ហើយមានទំនោរឆ្ពោះទៅប្រឆាំងចិន សូមបញ្ឈប់រឿងនេះទៅ វាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយ ធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា គំនិតផ្តួចផ្តើម វាចេញពីកម្ពុជា សុទ្ធសាធ មេដឹកនាំចិន ខ្ញុំព្រះករុណាខ្ញុំ ទៅឯសាធារណរដ្ឋប្រជាមានិតចិន ក៏ប្រាប់រឿងនេះ សុំឱ្យគាត់គាំទ្រ រដ្ឋមន្ត្រីការបរទេសចិន មកកាន់កម្ពុជា ក៏ស្នើសុំឱ្យគាត់គាំទ្រ គាត់មិនបានដឹងរឿងនេះទេ ដូច្នេះវាមិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃខ្សែក្រវាត់និងផ្លូវ ដែលចាត់ទុកថារឿងនេះ ជាគំនិតផ្តួចផ្តើមរបស់ចិន នោះឡើយ តែនេះវាជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ដើម្បីផលចំណេញខាងសេដ្ឋកិច្ចជាតិ និងឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះឯង…»។

 សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “…ខ្ញុំសូមបញ្ជាក់ឡើងវិញ សូមបញ្ឈប់ទៅនូវនយោបាយប្រឆាំងចិន ដោយយកកម្ពុជា ដាក់ធ្វើជាក្របខ័ណ្ឌភូមិសាស្ត្រនយោបាយ ដើម្បីឆ្ពោះទៅរកការប្រឆាំងចិន ដោយភ្ជាប់ព្រែកជីកនេះ ជាមួយនឹងកង្វល់សន្តិសុខរបស់វៀតណាម ក្នុងពេលដែលវៀតណាម និងកម្ពុជា កំពុងមានទំនាក់ទំនងល្អ ក្នុងពេលដែលវៀតណាម និងចិន មានទំនាក់ទំនងល្អជាមួយគ្នា តើមានការចាំបាច់ដើម្បីច្បាំងគ្នានៅទីនេះទេ? វាមិនមានទាល់តែសោះ។ ដូច្នេះខ្ញុំសូមបញ្ជាក់ឡើងវិញ នូវការលើកឡើងទាំងឡាយទាក់ទងនឹងបញ្ហាព្រែកជីកនេះ គ្មានជាប់ទាក់ទងនឹងការផ្តួចផ្តើមគំនិតណាមួយរបស់ចិន នៅក្នុងក្របខ័ណ្ឌខ្សែក្រវាត់និងផ្លូវនោះទេ ប៉ុន្តែគឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា សុទ្ធសាធ ដើម្បីបម្រើឱ្យការអភិវឌ្ឍន៍នូវសេដ្ឋកិច្ច សង្គម និងឯករាជ្យខាងនយោបាយ សម្រាប់ការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលខ្ញុំនឹងនិយាយថ្ងៃនេះឱ្យបានច្បាស់ ជាសារសម្រាប់កូនខ្មែរ ទៅថ្ងៃអនាគត សម្រាប់ពាន់ឆ្នាំ ទៅពេលអនាគតថា ត្រូវតែរកឯករាជ្យភាពខាងនយោបាយឱ្យខាងតែបាន លើបញ្ហាការដឹកជញ្ជូន ដែលទៅហួសពីក្របខ័ណ្ឌការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម…”។

សម្តេចហ៊ុន សែន បានថ្លែងបន្តទៀតថា «ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះជនរួមជាតិទាំងអស់គ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ការគាំទ្រចំពោះគម្រោងព្រែកជីកនេះ ទុកឱ្យមនុស្សម្នាក់ ឬមនុស្ស៤-៥នាក់ ប្រឆាំងតទៅទៀតចុះ ដើម្បីឱ្យប្រវត្តិសាស្ត្រកត់សម្គាល់ថា អ្វីទៅដែលជាគំនិតរបស់ពួកគេ? តើគេគាំទ្រផលប្រយោជន៍ជាតិ ឬផលប្រយោជន៍បរទេស? ព្រោះអ្វីដែលគេវិភាគ គឺដូចអ្វីដែលជនបរទេសវិភាគដូចគ្នា អ្នកឯងរើសទៅ? រវាងម្ខាងគឺការដឹកជញ្ជូនដោយពឹងពាក់គេ ត្រូវរៀបចំនីតិវិធីសុំច្បាប់ ត្រូវបង់លុយឱ្យគេ និងម្ខាងទៀត រៀបចំនីតិវិធីត្រឹមតែផ្ទៃក្នុងគ្នាឯង និងបង់ប្រាក់ទៅលើបញ្ហាឈ្នួលដឹកជញ្ជូន ព្រោះសូម្បីឥឡូវតែជិះតាក់ស៊ី ជិះម៉ូតូឌុប ឬកង់បី ក៏ត្រូវបង់លុយឱ្យគេដែរ មិនមែនជិះទទេឯណា ហើយខ្ញុំនៅនិយាយពាក្យចុងក្រោយរបស់ខ្ញុំ សូមមើលឱ្យហួសពីផលចំណេញខាងសេដ្ឋកិច្ច ឱ្យឈានដល់ឯករាជ្យខាងនយោបាយ នៃការដឹកជញ្ជូន ដោយមិនត្រូវចំណុះឱ្យកត្តាប្រធានស័ក្តិ ឬកត្តានយោបាយនោះទេ ខ្ញុំត្រូវការឯករាជ្យឱ្យប្រជាជនកម្ពុជា មានសេរីភាពក្នុងការដឹកជញ្ជូន ធ្វើអាជីវកម្មនៅក្នុងប្រទេស និងទំនាក់ទំនងអន្តរជាតិ តាមព្រែកជីកហ្វូណនតេជោ…”៕ កុលបុត្រ

RELATED ARTICLES