Tuesday, January 21, 2025
Homeព័ត៌មានជាតិរឿងព្រែកជីកហ្វូណនតេជោ សម្តេចហ៊ុន សែន ស្នើសុំវៀតណាម សហការស្រាវជ្រាវអ្នកជេរ

រឿងព្រែកជីកហ្វូណនតេជោ សម្តេចហ៊ុន សែន ស្នើសុំវៀតណាម សហការស្រាវជ្រាវអ្នកជេរ

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំភាគីវៀតណាម សហការស្រាវជ្រាវរកអ្នកជេរសម្តេច រឿងគម្រោងព្រែកហ្វូណនតេជោ ដើម្បីចៀសវាងពួកអាក្រក់ ឆ្លៀតបំបែកបំបាក់មិត្តភាពកម្ពុជា-វៀតណាម ក្រោយសម្តេច បានថ្លែងសារពិសេសស្តីពីរឿងព្រែកជីកហ្វូណនតេជោ នេះ ។

សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ថា “ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ពេលបើកមើលមតិយោបល់ក្នុងទិកតុក ដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាម ចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ ៤វីដេអូ ដែលបានបង្ហោះឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ២០១៦-២០១៧ មានជាង២០០០នាក់ ចូលមកជេរខ្ញុំ តាម Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ង្វៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញ ពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម Tiktok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ“។

សម្ដេចហ៊ុន សែន បន្តថា “ខ្ញុំមិនប្រាកដថា វៀតណាមនេះ ជាអ្នកណា? វៀតណាម នៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអាណិកជនវៀតណាម នៅកម្ពុជា ឬបងប្អូនខ្មែរក្រោម ដែលមានគណនីទិកតុក និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ ដែលយើងអាចធ្វើបាន» ។

សម្ដេចប្រធានព្រឹទ្ធសភា បន្តទៀតថា “ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំ ជាអ្នកណា? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាម ថាប្រើប្រាស់មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេ ដូចនេះ ទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវ ដើម្បីចៀសវាងពួកអាក្រក់ ឆ្លៀតបំបែកបំបាក់“ ។

ជុំវិញការលើកឡើងរបស់សម្ដេចហ៊ុន សែន ខាងលើនេះ “នគរធំ” បានទាក់ទងទៅលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន ដើម្បីសុំមតិយោបល់ដែរ ប៉ុន្តែលោកប៉ែន បូណា សុំមិនធ្វើអត្ថាធិប្បាយទេ ដោយរុញឲ្យទាក់ទងក្រសួងស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ ជាអ្នកឆ្លើយបញ្ជាក់ជូន ។

ប៉ុន្តែអ្នកនាំពាក្យ និងអ្នកនាំរងក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ និងលោកទូច សុខៈ មិនអាចទាក់ទងសុំការបញ្ជាក់បានទេ កាលពីម្សិលមិញ ។

ដោយឡែកលោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា លោកសូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍របស់សម្ដេចហ៊ុន សែន ដែលស្នើសុំឲ្យសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវរកអ្នកដែលជេរសម្ដេច ហើយសម្រាប់រូបលោកផ្ទាល់ យល់ថា អ្នកជេរសម្ដេច រឿងព្រែកជីកហ្វូណនតេជោនោះ អាចជាពួកប្រឆាំងមួយចំនួនតូច នៅក្រៅប្រទេស ។

លោកជុំ កុសល បានមានប្រសាសន៍ថា “បាទ! ខ្ញុំបានឃើញដែរបញ្ហានេះ ហើយខ្ញុំសូមគាំទ្រពេញទំហឹងចំពោះចំណាត់ការដែលសម្ដេច លោកស្នើសុំឲ្យមានការស្រាវជ្រាវនេះ ព្រោះយើងក៏ចង់ដឹងដែរ ។ សម្រាប់ខ្ញុំៗជឿជាក់ថា សំណេរពាក្យពេចន៍ជេរទាំងអម្បាលម៉ាន នៅលើទិកតុករបស់សម្ដេច នេះ វាសុទ្ធតែចេញពីប្រភពប្រឆាំងនៅក្រៅប្រទេស មួយចំនួនតូចប៉ុណ្ណឹងទេ ដែលគេប្រើប្រាស់ Social Media ក្នុងការជេរនេះ ។ បើពាក់ព័ន្ធទៅនឹងប្រជាជនវៀតណាម ពិតប្រាកដនៅក្នុងប្រទេសវៀតណាម ប្រហែលជាគេមិនទៅចាប់អារម្មណ៍រឿងនេះទេ ជាគំនិតខ្ញុំទេ ព្រោះយើងឃើញហើយ កន្លងមក ទោះបីជាយ៉ាងណាក៏ដោយ គ្រាន់តែថា រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គ្រាន់តែឲ្យមានការស្នើឲ្យបញ្ជាក់អំពីសិក្សាអីប៉ុណ្ណឹងទេ មិនមានអីឲ្យជាចំហជ្រុលហួសហេតុទេ ។ ប៉ុន្តែនៅក្នុងទិកតុករបស់សម្ដេច ដែលលោកផុសនេះ គឺថា ភាសានេះ ជាភាសាមួយដែលយើងកត់សម្គាល់ឃើញច្បាស់ថា វាមិនមែនចេញពីប្រជាជនវៀតណាមទេ វាចេញពីពួកដែលសំងំខ្លួន ។ អ៊ីចឹងខ្ញុំគាំទ្រហើយ ដើម្បីឲ្យមានការស្រាវជ្រាវរកមុខអ្នកដែលប្រើប្រាស់អាខោនក្លែងក្លាយ ឬក៏អ្នកដែលជេរហ្នឹងឯង“ ។

ទោះបីយ៉ាងណា លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមមួយចំនួនតូចនៅក្រៅប្រទេស ដែលជេរសម្ដេចហ៊ុន សែន តាមទិកតុកនោះ លោកយល់ថា អាចជាជនជាតិយួន នៅក្នុងប្រទេសយួន តែម្ដង ព្រោះសរសេរសុទ្ធតែអក្សរយួន ។ ដូច្នេះលោកសុំសរសើរហើយ ដែលសម្ដេចហ៊ុន សែន ហ៊ានប្រតិកម្មខ្លាំងជាមួយវៀតណាម ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! រឿងឲ្យសមត្ថកិច្ចស្រាវជ្រាវនេះ ស្រាវជ្រាវទៅ ប៉ុន្តែវៀតណាម មិនសូវជាខ្វល់រឿងអីហ្នឹងនោះទេ ជាសិទ្ធិបញ្ចេញមតិរបស់គេ ហើយលោកហ៊ុន សែន គាត់ហ៊ានប្រតិកម្មជាមួយវៀតណាមអ៊ីចឹង យើងសុំសរសើរហើយ ឲ្យគាត់ហ៊ានប្រតិកម្មខ្លាំងជាមួយវៀតណាមទៅ ព្រោះវៀតណាម ជាអតីតចៅហ្វាយនាយរបស់គាត់ ហើយមន្រ្តីបក្សកាន់អំណាច យល់ថា ក្រុមជេរហ្នឹង ជាក្រុមប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេសហ្នឹង ខ្ញុំមិនដឹងដែររឿងហ្នឹង ហើយបើតាមគំនិតខ្ញុំ អ្នកដែលនៅយួន តែម្ដងហ្នឹង ដែលជេរហ្នឹង ហើយគាត់ចង់ស្រាវជ្រាវអី ក៏ស្រាវជ្រាវទៅ ឬក៏គាត់និយាយថា ក្រុមមួយចំនួនហ្នឹងជនជាតិវៀតណាម ឬក៏ខ្មែរ? ព្រោះអ្នកសរសេរហ្នឹង សុទ្ធតែអក្សរយួន អ៊ីចឹងមានន័យថា សំដៅលើជនជាតិយួនហើយ ។ ដូច្នេះយ៉ាងណាក៏ដោយ គាត់ហ៊ានក្លាហាន ហ៊ានប្រឆាំងជាមួយយួន ហ៊ានរករឿងយួនដែលជេរគាត់អ៊ីចឹងល្អហើយ កុំឲ្យតែខ្មែរជេរនោះ ខ្លាំងតែជាមួយខ្មែរ ប៉ុន្តែជាមួយយួន អត់ហ៊ាននោះ ។ ដូច្នេះគាត់ធ្វើអីក៏ធ្វើទៅ រឿងរបស់គាត់“ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន បានថ្លែងសារពិសេស ស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ដោយសម្តេច បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមតែមួយគត់ចេញពីកម្ពុជា សុទ្ធសាធ ផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលថាគម្រោងព្រែកជីកនេះ ជាគំនិតផ្តួចផ្តើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ចិន។  សម្ដេច បានជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន ។ សម្ដេច មិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាម ស្អប់គ្នា និងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេច ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជា លើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយ លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ។ សម្តេចងតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យនាយករដ្ឋមន្ត្រីថ្មី សម្តេចហ៊ុន ម៉ាណែត កុំយប់យូរ សុបិនច្រើន ឆាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នេះទៅ ព្រោះមិនមានការចាំបាច់ណាមួយក្នុងការរង់ចាំតទៅទៀតនោះទេ៕

RELATED ARTICLES