Tuesday, January 21, 2025
Homeព័ត៌មានជាតិអន្ទិតហោ សុខុន សុំជួប-ចូលបម្រើ សម្តេចហ៊ុន សែន-ហ៊ុន ម៉ាណែត

អន្ទិតហោ សុខុន សុំជួប-ចូលបម្រើ សម្តេចហ៊ុន សែន-ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ អន្ទិតហោ សុខុន អតីតព្រះគ្រូចៅអធិការវត្តច្បារអំពៅ និងជាអតីតសមាជិកគណបក្សភ្លើងទៀន នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានសរសេរលិខិតចំហមួយ គោរពជូនសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សុំជួបសម្តេច​ ក្នុងបំណងសុំឱកាសចូលបម្រើជាតិ  បម្រើសម្តេចហ៊ុន សែន និងហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លិខិតរបស់លោកហោ សុខុន គោរពជូនសម្តេចហ៊ុន សែន បង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទ ហោ សុខុន អតីតព្រះគ្រូចៅអធិការវត្តច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្នើសុំជួបសម្តេចតេជោ ក្នុងគោលបំណងសុំឱកាសបម្រើជាតិ បម្រើសម្តេចតេជោ បម្រើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភក្តីភាពស្មោះត្រង់ស្មើដោយជីវិតរបស់ខ្ញុំបាទ ។

ខ្ញុំបាទ ហោ សុខុន មានស្រុកកំណើត ភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងត្រកូលកសិករ បច្ចុប្បន្នខ្ញុំបាទមានអាយុ៤០ឆ្នាំ ខ្ញុំបាទធ្លាប់បានបួសរៀនជាសង្ឃ ក្នុងព្រះពុទ្ធសាសនា រយៈពេល១៨ឆ្នាំ បានសិក្សារៀនសូត្រផ្លូវលោក ផ្លូវធម៌ មានចំណេះដឹងអាចធ្វើជាគ្រូបង្ហាត់បង្រៀនបាន ខ្ញុំបាទធ្លាប់សម្តែងព្រះធម៌ក្នុងប្រទេស តាមកម្មវិធីបុណ្យនានាទូទាំងប្រទេស ភាគច្រើនអត់យកបច្ច័យទេ ហើយឆ្លៀតសម្តែងព្រះធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានវិទ្យុ និងប៉ុស្តិ៍ទូរទស្សន៍ច្រើនប៉ុស្តិ៍ ក៏ដូចជា តាមបណ្ដាញសង្គមនានា មានហ្វេសប៊ុក ជាដើម។ លើសពីនេះទៀត ខ្ញុំបាទក៏បានចេញទៅសម្តែងព្រះធម៌នៅក្រៅប្រទេស មានប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម ។

សម្តេច ជាទីគោរព ខ្ញុំបាទសុំរំឭកអតីតកាលគោរពជម្រាបជូនសម្តេច បន្តិច កាលដើមឆ្នាំ២០១៩ ខ្ញុំបាទបានសរសេរបង្ហោះ និង Live Show ហ្វេសប៊ុក ធ្វើឱ្យប៉ះពាល់ដល់សម្តេចនូវរឿងផ្សេងៗ ខ្ញុំបាទពិតជាមានការសោកស្តាយខ្លាំងណាស់ សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាអនុគ្រោះអភ័យទោសដល់រូបខ្ញុំបាទផង។ ខ្ញុំបាទ សូមសន្យានិងសច្ចាថា នឹងមិនធ្វើឱ្យមានភាពឆ្គាំឆ្គងបែបនេះទៀតទេ។ ដើម្បីបានប៉ះប៉ូវនូវសេចក្តីឆ្គាំឆ្គងរបស់ខ្ញុំបាទ ដើម្បីបានសងគុណចំពោះសម្តេច ទាំងទ្វេ ខ្ញុំបាទ សុំឱកាសចូលរួមបម្រើជាតិ បម្រើសម្តេចតេជោ បម្រើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេច ជាទីគោរព ក្នុងរយៈពេល១៨ឆ្នាំ ដែលខ្ញុំបាទបានបួសរៀននោះ ខ្ញុំបាទ បានសិក្សារៀនសូត្រផ្លូវលោក ផ្លូវធម៌ រហូតទទួលបានចំណេះដឹង ១០យ៉ាង ឬថា ១០ជំនាញ មានដូចជា ១-ជំនាញផ្នែកគំនិត ២-ជំនាញដោះស្រាយវិបត្តិផ្លូវចិត្ត ៣-ជំនាញផ្លូវធម៌ ៤-ជំនាញចិត្តសាស្ត្រ ៥-ជំនាញជំនឿផ្លូវវិញ្ញាណអមនុស្សនិងវិញ្ញាណទេពទាំងឡាយ (និយាយស្រួលយល់គឺ ជំនាញក្នុងជំនឿដែលធ្វើទៅបានផលចំណេញត្រឡប់មកវិញនូវថាមពលជំរុញអ្វីមួយ ស្របតាមសច្ចភាពនៃសច្ចធម៌) ៦-ជំនាញយុទ្ធសាស្ត្រ ៧-ជំនាញនយោបាយ ៨-ជំនាញអប់រំចិត្ត ៩-ជំនាញជំនាញសិល្បៈដាំដុះបញ្ចុះគំនិតក្នុងខួរក្បាល ១០-ជំនាញវិភាគ​​ ជំនាញដោះស្រាយ ជំនាញរៀបចំសង្គម និងសាសនា ។ សម្តេច ជាទីគោរព ក្នុងអំឡុងឆ្នាំ២០០២ ខ្ញុំបាទឡើងមកពីវត្តស្រុកកំណើត មកគង់នៅសិក្សារៀនសូត្រក្នុងវត្តច្បារអំពៅ រាជធានីភ្នំពេញ ខ្ញុំបាទបានសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌បណ្តើរ និងតាមដានព្រឹត្តិការណ៍សង្គមនយោបាយបណ្តើរ បុគ្គលអ្នកនយោបាយដែលខ្ញុំបាទគោរពបំផុត ហើយក៏ជាហេរ៉ូ របស់ខ្ញុំ គឺសម្តេចតេជោ ខ្ញុំតែងតែយកភាពខ្លាំង និងភាពអស្ចារ្យរបស់សម្តេច ធ្វើជាគំរូ ធ្វើជាកម្លាំងថាមពលជំរុញផ្លូវចិត្ត (ក្នុងនោះសូម្បីតែបទចម្រៀងជីវិតក្មេងវត្ត ដែលនិពន្ធឡើងដោយសម្តេច ផ្ទាល់ ក៏ខ្ញុំយកមកចាក់ស្តាប់ជារៀងរាល់យប់ មុនរៀបចូលសិង ឃ្លាចាក់ដោតបេះដូងបំផុតក្នុងបទចម្រៀងនោះ សម្រាប់ខ្ញុំ ត្រង់ឃ្លាថា មិនតូចចិត្តទេ ឃើញគេអ្នកមាន ខ្ញុំត្រូវខំរៀន………)។ សម្តេច ជាទីគោរព ដោយការខំប្រឹងប្រែងរៀនសូត្ររបស់ខ្ញុំ ដោយយកភាពអស្ចារ្យរបស់សម្តេ ចជាគំរូ ត្រឹមរយៈពេល ១០ឆ្នាំ គត់ ខ្ញុំបាទទទួលបានចំណេះដឹង ១០យ៉ាង ឬថា១០ជំនាញ ដូចដែលបានរៀបរាប់គោរពជូនសម្តេច ខាងលើនោះ ។

ក្នុងអំឡុងពេល១០ ដែលខ្ញុំមកគង់នៅវត្តច្បារអំពៅនោះ ខ្ញុំបាទទទួលបាននូវជោគជ័យទាំងការរៀនសូត្រ ទាំងការប្រឡូកក្នុងសង្គម និងសាសនា កត្តានេះហើយដែលធ្វើឱ្យខ្ញុំបាទ គ្មានកន្លែងដើម្បីបញ្ចេញសមត្ថភាព ក៏បែកគំនិតចង់ចូលរួមបញ្ចេញសមត្ថភាពផ្នែកគំនិតបញ្ញា ជាមួយសម្តេចតេជោ ផ្ទាល់តែម្តង ប្រសិនបើខ្ញុំបាទ ចាំមិនច្រឡំទេ ខ្ទង់ឆ្នាំ២០១២ ខ្ញុំបាទបានសរសេរលិខិតគោរពជូនសម្តេច តាមរយ:ឯកឧត្តម សុន គន្ធរ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងជាទីប្រឹក្សារាជរដ្ឋាភិបាល កាលនោះ តែអត់ទទួលបានការអនុញ្ញាតពីសម្តេច ទេ ។ លើកទីពីរ ក្នុងឆ្នាំ២០១៣ ខ្ញុំទៅទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រោះសម្តេចធិបតី ហ៊ុន ម៉ាណែត កាលនោះ ខ្ញុំទទួលការពឹងពាក់ពីព្រះចៅអធិការវត្តគល់ទទឹង ឲ្យជួយរៀបចំកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា អាចថាពិធីការម្នាក់ដែរខាងពុទ្ធចក្រ ពេលនោះក៏ខ្ញុំបាទបានសុំលេខទូរស័ព្ទរបស់បងប្រុសម្នាក់ ដែលជាពិធីការរបស់សម្តេចធិបតី ប្រហែលក្នុងអំឡុងឆ្នាំ២០១៣ ដដែល ខ្ញុំបាទមិនចាំខែទេ ខ្ញុំបាទសរសេរលិខិតមួយច្បាប់គោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបងប្រុសពិធីការរបស់សម្តេចធិបតី ក្នុងគោលបំណងចង់ជួយកិច្ចការសង្គម សាសនា និងនយោបាយ តែក៏មិនទទួលបានតាមបំណងទេ បងប្រុសពិធីការបានប្រាប់ខ្ញុំបាទតាមទូរស័ព្ទថា គាត់បានជម្រាបបងម៉ាណែត រួចហើយ បងម៉ាណែត ប្រាប់ថាឲ្យលោកបងយកលិខិតនេះទៅជួបឯកឧត្តម ឃួង ស្រេង ហើយពិភាក្សាធ្វើការជាមួយគាត់ចុះ តែពេលនោះ ខ្ញុំបាទនឹកឃើញថា វាខុសបំណងរបស់ខ្ញុំបាទ ខ្ញុំក៏មិនបានទាក់ទងទៅបង ឯកឧត្តម ឃួង ស្រេង ទេ ។ សម្តេច ជាទីគោរព! សម្តេច ក៏ធ្លាប់ឆ្លងកាត់វ័យយុវជនដែរ សម្តេច ក៏ធ្លាប់សង្ឃឹមថា បានបញ្ចេញសមត្ថភាព បម្រើមេ ឬម្ចាស់ដែលមានគុណធម៌ផង មានសមត្ថភាពខ្លាំងផង និយាយរួម គ្រប់យុវជន គ្រប់បញ្ញវន្ត គ្រប់បណ្ឌិត គ្រប់អ្នកប្រាជ្ញទាំងឡាយ កាលបើតស៊ូខំប្រឹងប្រែងរៀនសូត្រទទួលបានចំណេះដឹងហើយយល់ថា ខ្លួនឯងមានសមត្ថភាព ហើយក៏ចង់រកកន្លែងបញ្ចេញសមត្ថភាពគ្រប់ៗគ្នា ក្នុងនោះក៏មានរូបខ្ញុំបាទម្នាក់ដែរ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខ្ញុំបាទជ្រើសរើសសម្តេច ខ្ញុំបាទជ្រើសរើសបងម៉ាណែត ជាកូនរបស់សម្តេច មុនគេបង្អស់ ដើម្បីខ្ញុំបាទបានឱកាសបានបម្រើ នឹងបានឱកាសបញ្ចេញសមត្ថភាព ។

សម្តេច ជាទីគោរព ! កាលដែលខ្ញុំរៀបរាប់គោរពជូនសម្តេច ទាំងប៉ុន្មាននេះ សបញ្ជាក់ឲ្យឃើញច្បាស់ថា ខ្ញុំបាទមិនបានអគតិចំពោះសម្តេច ចំពោះក្រុមគ្រួសាររបស់សម្តេចឡើយ ផ្ទុយទៅវិញ សម្តេចតេជោ ខ្ញុំបាទគោរពទុកដូចជាឪពុក ទុកដូចជាគ្រូ សម្តេចធិបតី ខ្ញុំបាទគោរពទុកដូចជាបងប្រុសរបស់ខ្ញុំបាទ ដើម្បីសបញ្ជាក់ពីការពិតនៃពាក្យសម្តីនេះ ខ្ញុំបាទធ្លាប់និយាយពាក្យនេះនៅកម្មវិធី Live Show ហ្វេសប៊ុក ដែលមានអ្នកបានស្តាប់ឮរាប់ម៉ឺន រាប់សែននាក់ ហើយនិយាយនៅពេលដែលខ្ញុំបាទកំពុងដើរលើផ្លូវប្រជាធិបតេយ្យទៀតផង នេះជាការពិត មិនមែនទើបតែនិយាយពេលនេះ ដើម្បីយកចិត្តយកថ្លើមសម្តេច នោះទេ។

សម្តេច ជាទីគោរព! រាល់សេចក្តីរៀបរាប់របស់ខ្ញុំបាទ គោរពជូនសម្តេច រួមទាំងបំណងសុំឱកាសបម្រើជាតិ បម្រើសម្តេច បម្រើសម្តេចធិបតី ទៅថ្ងៃអនាគតនោះ គឺសុទ្ធតែជារឿងពិត ពាក្យពិតប្រាកដទាំងអស់ ដែលស្តែងចេញពីបេះដូងគោរព ស្មោះត្រង់ ឥតមានសម្តីណា ចេតនាណា បំណងណាក៏មុសាកុហកឡើយ។ ដើម្បីជាសច្ចភាព ខ្ញុំបាទសូមស្បថគោរពជូនសម្តេច គ្រប់យ៉ាង ប្រសិនបើសម្តីត្រង់ណារបស់ខ្ញុំ កុហក ប្រសិនបើខ្ញុំបាទមានបំណងមិនល្អណាមួយចំពោះសម្តេច ចំពោះគ្រួសាររបស់សម្តេច ខ្ញុំបាទសូមយកជីវិតរបស់ខ្ញុំបាទ មកស្បថសច្ចា សូមឲ្យខ្ញុំបាទស្លាប់មុនអាយុ ដោយហេតុផ្សេងៗ វិនាសអន្តរាយដោយហេតុផ្សេងៗ ប្រសិនបើខ្ញុំមាននិស្ស័យបុណ្យទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តេច ឬបានបម្រើសម្តេច ខ្ញុំបាទនឹងសុំអនុញ្ញាតពីសម្តេច ដើម្បីស្បថសច្ចាចំពោះមុខរបស់សម្តេច ម្តងទៀត នេះប្រសិនបើមានការអនុញ្ញាតយល់ព្រមពីសម្តេច។ មូលហេតុ ខ្ញុំបាទសច្ចាប្តេជ្ញា ស្មោះត្រង់ចំពោះសម្តេច ចំពោះសម្តេចធិបតី ដោយឥតងាករេ ភក្តីភាពស្មោះត្រង់ស្មើដោយជីវិតរបស់ខ្ញុំបាទ។ សម្តេច ជាទីគោរព មានអ្នកនយោបាយបក្សប្រឆាំង ជាច្រើនរូប មានអ្នកវិភាគ មានអ្នកចេះដឹង អ្នកខ្លះលើកឡើងដោយបំណងល្អ អ្នកខ្លះលើកឡើងដោយបំភិតបំភ័យថា ប្រសិនបើ ខ្ញុំបាទទៅបម្រើសម្តេច គេថាខ្ញុំបាទអនាគតអាចជាប់គុក អនាគតអាចស្លាប់ តែខ្ញុំបាទនៅតែជ្រើសរើសបម្រើសម្តេច ខ្ញុំបាទជឿជាក់លើគុណធម៌ដឹកនាំប្រើមនុស្សរបស់សម្តេច ពីព្រោះខ្ញុំបាទ បានសម្រេចចិត្តដ៏ច្បាស់លាស់បំផុតថា ប្រសិនបើនៅពេលដែលខ្ញុំចូលបម្រើសម្តេចហើយ ពេលនោះស្មើនឹងខ្ញុំប្រគល់ជីវិតរបស់ខ្ញុំបាទជូនសម្តេចទៅហើយ គឺជីវិតរបស់ខ្ញុំបាទ រួមទាំងក្រុមគ្រួសាររបស់ខ្ញុំបាទ គឺរស់នៅដើម្បីបម្រើសម្តេច បម្រើសម្តេចធិបតី នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

មូលហេតុដែលខ្ញុំបាទ សុំចូលខ្លួន សុំឱកាសបម្រើសម្តេច និងសម្តេចធិបតី ជាលើកទីបីនេះ គឺក្រោមហេតុផលសច្ចភាពចំនួនបីយ៉ាង ៖

ហេតុផលទី១ គឺ

– យោងតាំងពីឆ្នាំ២០០២ សម្តេច ជាហេរ៉ូរបស់ខ្ញុំ សម្តេច​ ជាគ្រូរបស់ខ្ញុំ សម្តេច ជាកម្លាំងថាមពលជំរុញផ្លូវចិត្តរបស់ខ្ញុំ ធ្វើឱ្យខ្ញុំចង់ចេះចង់ដឹងចង់ខ្លាំងចង់អស្ចារ្យ ទោះបីជាមិនខ្លាំងដូចសម្តេច មិនមានអនាគតខ្ពង់ខ្ពស់ដូចមេឃដូចសម្តេច តែក៏ខ្ញុំបាទប្រាថ្នាថា ត្រូវតែអភិវឌ្ឍខ្លួនឲ្យចេញពីភាពល្ងង់ ជាពិសេស អភិវឌ្ឍខ្លួនឲ្យខ្លាំង ដើម្បីបានឱកាសបម្រើសម្តេច បម្រើកូនចៅរបស់សម្តេច យោងកាលពីឆ្នាំ២០១២ សម្តេច ជាមេដឹកនាំ និងជាអ្នកនយោបាយទី១ ដំបូងបង្អស់មុនគេ ដែលខ្ញុំបាទបានជ្រើសរើសចង់បម្រើ ប្រសិនបើប្រៀបធៀបជាស្នេហាវិញ សម្តេច ជានារីដំបូងដែលខ្ញុំស្រលាញ់ ដែលយកបានបេះដូងរបស់ខ្ញុំ ដែលខ្ញុំប្រគល់បេះដូងជូន។  ជាពិសេសបំផុត នៅចុងក្រោយ ខ្ញុំនៅតែជ្រើសរើសបម្រើសម្តេច ដដែល ប្រសិនបើគិតតាមធម៌ថា ប្រហែលជាគ្មានអ្នកណាមាននិស្ស័យបុណ្យ ឬមានអំណាចបុណ្យដែលអាចប្រើដែលអាចធ្វើជាម្ចាស់របស់ខ្ញុំបានទេ ទាំងដែលខ្ញុំបាទធ្លាប់លះបង់ពេលវេលា លះបង់ទ្រព្យសម្បត្តិ ដោយតាំងចិត្តតម្កល់ជីវិត លះបង់ចង់ជួយគេបម្រើគេដោយស្មោះត្រង់ ដូចជា បក្សប្រឆាំងទាំងឡាយ ជាដើម ។

ហេតុផលទី២ គឺ

– យោងការចូលប្រឡូកក្នុងសង្គម ការតាមដាននយោបាយផង ការចូលរួមប្រឡូកនយោបាយផ្ទាល់ផង សរុបរយៈពេល ១៦ឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ ខ្ញុំបាទប្រឡូកផ្ទាល់ ឆ្លងកាត់ផ្ទាល់ហើយសង្កេតកត់សម្គាល់ដោយបញ្ញា ឃើញថា ឥតមានបុគ្គលអ្នកនយោបាយរូបណា គ្មានបុគ្គលជាមេដឹកនាំរូបណាម្នាក់  មានបញ្ញាកម្រិតខ្ពស់ក្នុងការដឹកនាំប្រើមនុស្សដូចសម្តេចតេជោ នោះទេ ពាក្យនេះ មិនមែនខ្ញុំបាទទើបនិយាយពេលនេះទេ ខ្ញុំបាទធ្លាប់និយាយក្នុងកម្មវិធី Live Show ហ្វេសប៊ុក ទាំងដែលពេលនោះ ខ្ញុំបាទឈរលើផ្លូវឯករាជ្យ ដើរលើប្រជាធិបតេយ្យនៅឡើយ មានមនុស្សបានស្តាប់ ៦ម៉ឺននាក់ឡើង នេះជាសច្ចធម៌ពិតប្រាកដ ។

ហេតុផលទី៣

– ធ្វើឱ្យខ្ញុំបាទសុំឱកាលបម្រើជាតិ បម្រើសម្តេចតេជោ បម្រើសម្តេចធិបតី ចំណុចនេះហើយដែលពិសេសបំផុត ដែលទាក់ទាញបេះដូងរបស់ខ្ញុំបំផុតគឺ កាលដែលសម្តេចតេជោ បានដាក់ចុះនូវគម្រោងព្រែកជីកហ្វូណនតេជោ គម្រោងនេះ និងនាំមកនូវឧត្តមប្រយោជន៍ដ៏ក្រៃលែងចំពោះប្រទេសកម្ពុជា ជាពិសេស នាំមកនូវឧត្តមប្រយោជន៍ដ៏ធំធេងខ្លាំងណាស់ចំពោះប្រជាពលរដ្ឋខ្មែរ ជាពិសេសទៅថ្ងៃអនាគត កម្ពុជា នឹងមានសន្ទុះសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចឡើងខ្ពស់ ប្រទេសជាតិ នឹងរីកចម្រើនជឿនលឿន ប្រជាពលរដ្ឋ នឹងមានជីវភាពធូរធារសម្បូសប្បាយ រស់នៅត្រជាក់ត្រជំ ក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព ទន្ទឹមនឹងការដាក់ចុះនូវគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ សម្តេច ក៏ត្រូវវះកាត់ជម្នះនូវរាល់ឧបសគ្គទាំងឡាយផងដែរ អំពីអ្នកនយោបាយដែលប្រឆាំងផ្កាប់មុខ មិនគិតពីផលប្រយោជន៍ជាតិ រួមទាំងកូនចៅជ្រុលនិយមដែលដើរតាមនយោបាយរបស់គេ ឧបសគ្គដែលជំទាស់មិនសមហេតុផលអំពីប្រទេសជិតខាងផង តែខ្ញុំគោរពកោតសរសើរសម្តេច នៅតែរក្សាគោលជំហរដ៏រឹងមាំមោះមុតបំផុត ក្រោមស្មារតីតម្កល់ផលប្រយោជន៍ជាតិ និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ជាធំ នេះសបញ្ជាក់បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរ ជាង១៧លាននាក់ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស មើលឃើញថា សម្តេចតេជោ ជាកំពូលមេដឹកនាំដែលឯករាជ្យភាពពិតប្រាកដ បើទោះបីជាប្រទេសជិតខាងខ្លះព្យាយាមគ្របសង្កត់ក្តី និងប្រទេសមហាអំណាចទាំងឡាយ ព្យាយាមដណ្តើមកម្ពុជា ឲ្យដើរតាមនយោបាយរបស់គេក្តី តែសម្តេចតេជោ នៅតែព្យាយាមរក្សាឯករាជ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជា សម្តេច តែងតែលើកឡើងបកស្រាយទៅកាន់បរទេសថា សម្តេច មិនបានចាត់ទុកប្រទេសនៃបរទេសណាមួយជាសត្រូវទេ សម្តេច បញ្ជាក់ថា សម្តេច តែងតែចាត់ទុកប្រទេសជិតខាងក្តី បរទេសអន្តរជាតិ ឬប្រទេសមហាអំណាចទាំងឡាយក្តី ជាមិត្តរបស់កម្ពុជា ទាំងអស់ សម្តេច សុំឈរលើឯករាជ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជា។

សរុបមក ក្នុងហេតុផលទាំងបីចំណុចនេះ ហេតុផលក្នុងចំណុចទី៣នេះហើយ ដែលទាក់ទាញបេះដូង និងឧត្តមគតិរបស់ខ្ញុំជាងគេ  ហើយខ្ញុំក៏ជឿជាក់ផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏ទាក់ទាញបានបេះដូងនៃការគាំទ្រអំពីប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការ ទាំងក្នុងប្រទេស និងក្រៅប្រទេស ច្រើនបំផុត លើកលែងតែបុគ្គលប្រឆាំងផ្កាប់មុខ ជ្រុលនិយមមួយចំនួនតូចតែប៉ុណ្ណោះ។

សម្តេច ជាទីគោរព ដោយសារហេតុផលទាំងបីចំណុចនេះហើយ មានហេតុផលក្នុងចំណុចទី៣ ជាពិសេសបំផុតដែលធ្វើឲ្យបាទ ហោ សុខុន សម្រេចចិត្តសុំឱកាសចូលរួមបម្រើជាតិ បម្រើសម្តេច បម្រើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភក្តីភាពស្មោះត្រង់បំផុត ស្មើដោយជីវិតរបស់ខ្ញុំបាទ ហើយខ្ញុំបាទក៏សុំបម្រើសម្តេច បម្រើសម្តេចធិបតី តកូនតចៅ តចៅទួតផងដែរ ប្រសិនបើខ្ញុំបាទមានបុណ្យនិស្ស័យទទួលបានការអនុញ្ញាតផ្តល់ឱកាសពីសម្តេចពុក។

អាស្រ័យហេតុដូចបានជម្រាបគោរពជូនសម្តេច ខាងលើនេះ ខ្ញុំបាទសង្ឃឹមទុកថា សម្តេចពុក នឹងផ្តល់ក្តីមេត្តាសន្តោសប្រោសប្រណីដល់រូបខ្ញុំបាទ ដោយក្តីអនុគ្រោះ អនុញ្ញាតឱ្យរូបខ្ញុំបាទបានចូលជួបសម្តេចពុក បានសំណេះសំណាល ពិភាក្សា សួរឆ្លើយគ្រប់យ៉ាង មិនថាបញ្ហាផ្ទាល់ខ្លួន មិនថាបញ្ហាសង្គមជាតិ  មិនថាចំណេះជំនាញរបស់ខ្ញុំបាទ មិនថាធម៌វិន័យក្នុងព្រះពុទ្ធសាសនា សរុបគ្រប់យ៉ាង ស្រេចលើសម្តេចពុក ចង់ជជែក ចង់សាកសួរ ចង់សំណេះសំណាល ដោយក្តីគោរពស្មោះត្រង់ស្មើដោយជីវិតរបស់ខ្ញុំបាទ សង្ឃឹមថា ទទួលបានការអនុគ្រោះ មេត្តាសន្តោសប្រោសប្រណីពីសម្តេចពុក។

សូមសម្តេចពុក ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ!

សូមសម្តេចពុក និងសម្តេចម៉ែ ព្រមទាំងបុត្រាបុត្រី ចៅៗទាំងឡាយ និងចៅទួតទាំងអស់ សមប្រកបទទួលបាននូវព្រះពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។

លិខិតគោរពជូនសម្តេចពុក ពីខ្ញុំបាទ ហោ សុខុន»៕

RELATED ARTICLES