Tuesday, March 18, 2025
Homeព័ត៌មានជាតិនិយាយការពិត អ្នកវិភាគថា ផ្ដល់គំនិតស្ថាបនា បរិហារការនិយាយភូតកុហក

និយាយការពិត អ្នកវិភាគថា ផ្ដល់គំនិតស្ថាបនា បរិហារការនិយាយភូតកុហក

ភ្នំពេញ ៖  អ្នកវិភាគ បានលើកឡើងថា និយាយការពិត ផ្ដល់គំនិតស្ថាបនា បរិហារការនិយាយភូតកុហក នឹងជួយឲ្យសង្គមបានល្អប្រសើរ ។ ការនិយាយការពិត និងការផ្ដល់នូវគំនិតក្នុងន័យស្ថាបនា មានសារសំខាន់សម្រាប់ការកែលម្អស្ថានភាពសង្គមរបស់យើង នាពេលបច្ចុប្បន្ន ។ ជាពិសេសបញ្ញវន្ត មានតួនាទីសំខាន់ជាអ្នកខ្វាយខ្វល់ ឈឺឆ្អាលរឿងបញ្ហាសង្គម ដែលចាត់ទុកថា ជាផ្នែកមួយនៃពន្លឺសម្រាប់សង្គម ត្រូវរកមធ្យោបាយ ដើម្បីជួយដោះស្រាយបញ្ហាសង្គមឲ្យបានប្រសើរឡើង ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានបញ្ជាក់ថា និយាយការពិត ផ្ដល់គំនិតស្ថាបនា បរិហារការនិយាយភូកភរកុហក នឹងជួយសង្គមឲ្យបានល្អប្រសើរ ។

លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា “បាទ! ក្នុងបរិបទសង្គមសព្វថ្ងៃ យើងដូចអត់ឲ្យតម្លៃទៅដល់ការពិត យើងច្រើននិយាយភូតភរកុហក ហើយរហូតទៅដល់បោកប្រាស់អស់លុយរាប់រយលានថែមទៅទៀតផង ។ អាហ្នឹងខាងផ្នែកឯកជន ហើយខាងផ្នែករដ្ឋ គឺដូចជាមានការភូតភរកុហកហ្នឹងមិនតិចដែរទេ ។ ដូច្នេះការពិតនេះ គឺបើតាមប្រវត្តិសាស្រ្ត មានប្រវត្តិសាស្រ្តខ្មែរផងហ្នឹង ជាកត្តាមួយដែលនាំឲ្យប្រទេសមួយៗហ្នឹងមានការរីកចម្រើន ហើយថ្កុំថ្កើងរុងរឿង ទន្ទឹមនឹងយុត្តិធម៌ ។ ការពិត និងយុត្តិធម៌ហ្នឹង គឺវាទៅទន្ទឹមគ្នា ។ នេះគឺជាគ្រះនៃសង្គមមួយដែលថ្កុំថ្កើងរុងរឿង ។ ពីដើមគឺអ៊ីចឹងដែរ ខាងព្រាហ្មញ្ញណ៍សាសនាហ្នឹង គឺសង្កត់ខ្លាំងទៅលើការពិត និងយុត្តិធម៌ហ្នឹង ហើយគឺយើងច្រើនតែលើកឡើងបញ្ហាអីហ្នឹងមក គ្រាន់តែបានលើកទេ ហើយខ្លះក៏ថែមរឿងវ៉ៃប្រហារគេឯងអ៊ីចឺងទៅ ។ អាហ្នឹងខ្ញុំថា ខ្ញុំនឹងចៀសវាងតាំងពីដើមមកមិនអ៊ីចឹងទេ គឺបើលើកបញ្ហាហ្នឹងមក យើងគួរដឹងនូវដំណោះស្រាយ គំនិតដោះស្រាយហ្នឹង យើងគួរលើកឡើងដែរ ។ ដូច្នេះលើកបញ្ហា ហើយផ្ដល់គំនិតស្ថាបនា គឺគំនិតដោះស្រាយបញ្ហាហ្នឹង គឺស្ថាបនាហើយ ហើយក៏មិនញញើតនឹងការលើកឡើងនូវការភូតភរកុហក ឬការនិយាយមិនពិតហ្នឹង ដើម្បីកែតម្រូវ“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “គំនិតស្ថាបនា ដូចជាយើងលើកបញ្ហាពុករលួយ តើយើងដោះស្រាយបញ្ហាពុករលួយយ៉ាងម៉េច? ហើយធ្វើអ្វីខ្លះ? ហើយនិងធ្វើយ៉ាងម៉េច? វាមានចំណុចត្រូវធ្វើនេះ ធ្វើរបៀបនេះ ដូចជារឿងប្រាក់ខែតិច ដំឡើងប្រាក់ខែ រួចកាត់បន្ថយចំនួនមន្រ្តីរាជការ ឬមានបន្ថែមទៀត ឲ្យចូលនិវត្តន៍ឲ្យឆាប់ទៅ ដើម្បីបានថវិកាហ្នឹងទុកដំឡើងប្រាក់ខែ ។ អាហ្នឹងគឺជាដំណោះស្រាយមួយ ហើយយើងអនុវត្តដំណោះស្រាយហ្នឹង វាដូចជាគម្រោងមួយអ៊ីចឹង តើវាចំណេញប៉ុន្មាន? ខាតប៉ុន្មាន? អីហូរហែអ៊ីចឹងទៅ ខាតដល់បុគ្គល ខាតដល់សង្គម ខាតដល់រដ្ឋាភិបាលអ៊ីចឹងទៅ ។ ហ្នឹងលើកគំនិតហ្នឹងមក រួចឲ្យជាក់លាក់ គឺថា ធ្វើអ្វីខ្លះ? និងធ្វើយ៉ាងម៉េច? អាហ្នឹងហើយសម្រាប់ដោះសរាយ បើគ្រាន់តែលើកចោលៗ ចេះតែទិតៀនគេ វ៉ៃប្រហារគេ ទាំងរដ្ឋាភិបាល ទាំងក្រៅរដ្ឋាភិបាលហ្នឹង គឺច្រើនតែវ៉ៃប្រហារបុគ្គលហ្នឹងទៀត ចៀសវាងវាយប្រហារបុគ្គល នាំឲ្យបែកបាក់សង្គម ។ យើងលើកមកគំនិតស្ថាបនា យើងតិទៀនមែន ក៏ប៉ុន្តែយើងមានគំនិតជួយគាត់ បើថាយើងធ្វើមិនបានទេ យើងជួយអ្នកដែលមានអំណាចធ្វើបាន ហើយក៏យើងត្រូវគិតដែរ យើងមានគំនិត គេក៏មានគំនិតដែរ“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “ការភូតភរកុហក គឺយើងនិយាយអត់ទៀង ម្ដងអ៊ីចេះ ម្ដងអ៊ីចុះ ឬមួយការវាអ៊ីចេះ យើងទៅនិយាយអ៊ីចុះ ។ អាហ្នឹងគឺយើងអាចបរិហារ ហើយកែតម្រូវ ។ អាហ្នឹងសំខាន់សម្រាប់អ្នកចេះដឹង ។ អ្នកចេះដឹងហើយ ហើយធ្មេចភ្នែក ឬបិទត្រចៀក ឃើញនិងឮការភូតភរកុហក តាំងពីក្នុងផ្ទះ តាំងពីកូនចៅ ហើយឪពុកម្ដាយ រឿងភូតភរកុហកនេះ អាហ្នឹងវាទៅជាមួយអាការពិតនោះ និយាយការពិតនោះ ហើយស្រុកដែលខ្ញុំធ្លាប់នៅ ហើយខ្ញុំធ្លាប់នៅក្នុងគ្រួសារគេរាប់ខែ ហើយយើងចេះដឹងដែរ ហើយចេះតែចាំណាំមើល គេមានទំនាក់ទំនងជាមួយកូនគេយ៉ាងម៉េច? អាហ្នឹងគឺអត់ភរកូនគេទេ ហើយកូនគេ ក៏គេមិនអនុញ្ញាតឲ្យភរដែរ អាហ្នឹងតាំងពីក្មេងៗទៅ ។ ចំពោះក្នុងនយោបាយ យើងត្រូវគិតថា ជួនកាលគ្នាគិតដែរថាធ្វើកើត ក៏ប៉ុន្តែដល់កាន់ការជាក់លាក់ មានអំណាចជាក់លាក់ វាមានឧបសគ្គដែលគេមើលអត់ឃើញ អាហ្នឹងយើងត្រូវយល់គេ ។ ដូច្នេះមានការលំបាក ដូចជាថា យើងគ្រោងធ្វើគម្រោងនេះមួយ ក៏ប៉ុន្តែទៅមក ទៅមើលថវិកាអត់មាន ឬខ្វះ ។ ម៉្លោះហើយត្រូវពន្យារពេល ឬមួយក៏អត់ធ្វើ ត្រូវជ្រើសរើសគម្រោងណាជាអាទិភាព ដែលមានផលប្រយោជន៍ជាងគេដល់ប្រជាពលរដ្ឋអ៊ីចឹងទៅ ។ អាហ្នឹងត្រូវយល់ អ្នកនយោបាយនៅស្រុកគេ នៅស្រុកឯង គឺមិនខុសគ្នាប៉ុន្មានទេ ក៏ប៉ុន្តែឲ្យថាវាភូតភរកុហកត្រង់ៗ បន្លំគេ ដូចជារឿងប្រវត្តិសាស្រ្ត ដែលខ្ញុំឧស្សាហ៍លើកណាស់ ហេតុការណ៍វាអ៊ីចេះទេ រួចគេនិយាយទៅឯណោះទៅ ដើម្បីផលប្រយោជន៍គេ និងផលប្រយោជន៍នយោបាយ“ ។

ស្រដៀងនឹងការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ខាងលើនេះ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃដដែលនោះថា ការនិយាយការពិត និងការផ្ដល់នូវគំនិតក្នុងន័យស្ថាបនា វាមានសារសំខាន់មែនទែន សម្រាប់ការកែលម្អស្ថានភាពសង្គមរបស់យើង នាពេលបច្ចុប្បន្ន ។ ដូច្នេះរាល់ការនិយាយការពិត និងផ្ដល់គំនិតស្ថាបនា យើងគួរតែចៀសវាងធ្វើម៉េចកុំឲ្យប៉ះពាល់ទៅដល់សិទ្ធិឯកជនភាពរបស់អ្នកដទៃ ហើយរក្សាខ្លួនឲ្យបានល្អ ដោយគិតអំពីការអភិវឌ្ឍផ្នត់គំនិត ធ្វើម៉េចឲ្យវារីកចម្រើន និងមានភាពល្អប្រសើរជាងមុន ជាជាងការរៀបចំផ្ដល់យោបល់ដើម្បីតែលើកកម្ពស់គ្នាឯង ខ្លួនឯង ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ហ្នឹងហើយ! យើងដឹងហើយ ការនិយាយការពិត និងការផ្ដល់នូវគំនិតក្នុងន័យស្ថាបនា វាមានសារសំខាន់មែនទែន សម្រាប់ការកែលម្អស្ថានភាពសង្គមរបស់យើង ទាក់ទងជាមួយនឹងការផ្សព្វផ្សាយ ការយល់ដឹង ក៏ដូចជាការផ្ដោតទៅលើការចាប់អារម្មណ៍បញ្ហាសង្គមផ្សេងៗ ។ អ៊ីចឹងនៅក្នុងន័យនេះ យើងចង់មើលដែរ យើងត្រូវពិនិត្យមើលដែរ តើការផ្ដល់ព័ត៌មានហ្នឹង វាបានត្រឹមត្រូវអត់ ហើយការចូលរួម ការនិយាយ ការលើកឡើងពីការពិត ដែលសង្គមកំពុងតែកើតមានហ្នឹង តើវាមានទឡ្ហីករណ៍ មានសូចនាករអីគេខ្លះដែលអាចវាស់ស្ទង់ ហើយអាចដឹងថាវាជាព័ត៌មានមួយដែលត្រឹមត្រូវ ហើយនិងមានទំនុកចិត្តដែរអត់? ហើយអ្នកដែលផ្ដល់ ដែលអីហ្នឹង តើគាត់ឈរទៅលើគោលការណ៍យ៉ាងម៉េច? តើវាជួយពង្រឹងអ្វីទៅដល់ការយល់ដឹងតាមរយៈការផ្សព្វផ្សាយព័ត៌មានផ្សេងៗពីអ្នកជំនាញ អ្នកដែលពាក់ព័ន្ធ ទៅដល់ប្រជាពលរដ្ឋរបស់យើងអីអ៊ីចឹង ហើយក្នុងន័យមួយទៀត ការផ្ដល់គំនិតក្នុងន័យស្ថាបនាហ្នឹង តើគំនិតដែលស្ថាបនាហ្នឹងវាមានប្រភពច្បាស់លាស់អត់? ហើយវាអាចជួយលើកកម្ពស់ការច្នៃប្រឌិតផ្សេងៗដើម្បីឲ្យមានភាពល្អប្រសើរឡើង ហើយអាចដោះស្រាយបញ្ហាកំពុងតែប្រឈមនៅក្នុងសង្គមហ្នឹងបានដែរឬយ៉ាងណា? ហើយការដែលផ្ដល់គំនិតហ្នឹង តើវាមានការលើកទឹកចិត្តឲ្យមានការចូលរួម ការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើយ៉ាងណាកែប្រែ ឬក៏ផ្លាស់ប្ដូរសង្គមរបស់យើងហ្នឹងឲ្យល្អ ហើយជាពិសេសគឺយើងត្រូវផ្ដោតទៅលើការពង្រឹងសីលធម៌របស់សង្គមដែរ ជាពិសេសទាក់ទងជាមួយនឹងការលើកកម្ពស់សីលធម៌របស់ប្រជាពលរដ្ឋ យុវជន ហើយយើងឃើញហើយ សីលធម៌នេះ វាសំខាន់ណាស់នាពេលបច្ចុប្បន្នហ្នឹង ឃើញសង្គមរបស់យើងមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភអីអ៊ីចឹង ដែលវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ស្ថានភាពដែលពិបាកនៅក្នុងការកែលម្អ ហើយសីលធម៌នេះ វាធ្វើឲ្យមនុស្សទាំងអស់បាត់បង់ទំនុកចិត្តរវាងគ្នានិងគ្នាទៅវិញទៅមក “ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាធ្វើឲ្យសង្គមរបស់យើងហ្នឹងជួបវិបត្តិ វាមិនអាចធ្វើឲ្យសង្គមរបស់យើងហ្នឹងរឹងមាំ ហើយនិងមានភាពសុខសាន្តបានទេ បើសិនជាក្រមសីលធម៌របស់មនុស្សរស់នៅក្នុងសង្គមហ្នឹងវាបាត់បង់អីអ៊ីចឹង ហើយមួយវិញទៀត គឺយើងត្រូវមើលទៅលើការបណ្ដុះបណ្ដាល ទាក់ទងទៅលើការយល់ដឹងសាធារណៈ និយាយការពិត ហើយនិងការនិយាយការពារ យើងត្រូវតែបែងចែកឲ្យដាច់ ឲ្យមនុស្សទាំងអស់ហ្នឹងយល់ ហើយតើរាល់ការផ្ដល់គំនិតក្នុងន័យស្ថាបនាហ្នឹង គឺអាចធ្វើការផ្លាស់ប្ដូរការយល់ដឹង ការរៀបចំខ្លួននៅក្នុងសង្គមហ្នឹងបានល្អប៉ុនណា ហើយជាពិសេសគឺភាគីដែលពាក់ព័ន្ធទាំងអស់ហ្នឹងបានលើកទឹកចិត្តឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធឬអត់? ឬក៏ធ្វើឲ្យគេស្ដាប់តែខ្លួនឯងតែមួយជ្រុងអីអ៊ីចឹង ហើយចុងក្រោយមួយទៀត គឺការកាត់បន្ថយការនិយាយភូតកុហក ការនិយាយបោកបញ្ឆោត ការធ្វើប្រជាភិថុតិ ឬក៏ការនិយាយទៅលើបញ្ហាដែលមិនមានប្រភពច្បាស់លាស់ ដែលនាំឲ្យកើតមានការបរិហារកេរ្តិ៍ ឬក៏ការចោទប្រកាន់អីអ៊ីចឹងនៅក្នុងសង្គមរបស់យើង ។ អ៊ីចឹងអាការដែលយើងនិយាយខ្វះការពិត ហើយមិនផ្ដល់គំនិតស្ថាបនានេះ គឺយើងមិនអាចបញ្ចប់អាបញ្ហារ៉ាំរ៉ៃនៅក្នុងសង្គមរបស់យើងបានទេ ។ ដូច្នេះហើយសង្គមរបស់យើងនឹងនៅតែមានវិបត្តិជាដរាប ។ ដូច្នេះរាល់ការនិយាយការពិត ហើយនិងផ្ដល់គំនិតស្ថាបនាហ្នឹង យើងគួរតែចៀសវាង ធ្វើម៉េចកុំឲ្យប៉ះពាល់ទៅដល់សិទ្ធិឯកជនភាពរបស់អ្នកដទៃ ហើយរក្សាខ្លួនឲ្យបានល្អ ដោយគិតអំពីការអភិវឌ្ឍផ្នត់គំនិត ធ្វើម៉េចឲ្យវារីកចម្រើន ហើយនិងមានភាពល្អប្រសើរជាងមុន ជាជាងការរៀបចំផ្ដល់យោបល់ដើម្បីតែលើកកម្ពស់គ្នាឯង ខ្លួនឯង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ភាគីដែលពាក់ព័ន្ធផ្សេងៗទៀត ដែលជាចំណែកមួយនៅក្នុងសង្គមមួយដូចគ្នាហ្នឹង “ ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា នៅក្នុងសង្គម បញ្ញវន្តមានតួនាទីសំខាន់ ជាអ្នកខ្វាយខ្វល់ឈឺឆ្អាលរឿងបញ្ហាសង្គម ដែលគេចាត់ទុកថា ជាផ្នែកមួយនៃពន្លឺសម្រាប់សង្គម ។ ដូច្នេះក្នុងនាមជាអ្នកដែលរៀនសូត្របានចេះដឹងជ្រៅជ្រះ មិនមែនចេះតែនិយាយឲ្យរួចតែពីមាត់ ថាឲ្យតែរួចពីដៃ ហើយមិនគិតលកលៃរកអ្វីដែលជាបន្ទាល់ ដែលជាមធ្យោបាយដើម្បីជួយដោះស្រាយបញ្ហាសង្គម ធ្វើឲ្យសង្គមហ្នឹងប្រសើរឡើងនោះទេ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ នៅក្នុងសង្គម បញ្ញវន្តមានតួនាទីសំខាន់ ជាអ្នកចេះ ជាអ្នកដឹង ជាអ្នកខ្វាយខ្វល់ឈឺឆ្អាលរឿងបញ្ហាសង្គម ដែលគេចាត់ទុកថា បញ្ញវន្តហ្នឹងក៏ជាផ្នែកមួយនៃពន្លឺសម្រាប់សង្គម ។ ដូច្នេះការនិយាយ ការចូលរួមចំណែកនៅក្នុងការផ្ដល់ព័ត៌មាន ផ្ដល់នូវគំនិតដែលសច្ចភាព ការផ្ដល់នូវយោបល់ដែលជាដំណោះស្រាយ ការរិះគន់បែបស្ថាបនា ដើម្បីជួយជាចំណែកនៅក្នុងការឆ្លុះបញ្ចាំង និងការដោះស្រាយបញ្ហានៅក្នុងសង្គមហ្នឹង គឺជាការពិត ហើយនៅក្នុងរិះគន់ហ្នឹងក៏ត្រូវតែបង្ហាញនូវចំណុចអវិជ្ជមាន និយាយភាសាសាមញ្ញថា ឃើញខុស ថាខុស ឃើញត្រូវ ថាត្រូវ ហើយបើឃើញត្រូវហើយ ត្រូវតែសរសើរ លើកទឹកចិត្ត បើឃើញខុសហ្នឹង ត្រូវតែបង្ហាញថា វាមិនត្រឹមត្រូវទេ ហើយត្រូវដោះស្រាយបែបម៉េច ដើម្បីកែលម្អស្ថានការណ៍ ឬក៏ដោះស្រាយបញ្ហាឲ្យវាប្រសើរឡើង ។ អានេះតាមពិត វាគឺជាគុណតម្លៃរបស់បញ្ញវន្ត ដែលជាមនុស្សម្នាក់ដែលហ៊ានទទួលស្គាល់ការពិត និយាយភាសាសាមញ្ញថា ហ៊ាននិយាយការពិត មិននិយាយការពារ ឬក៏និយាយលើកជើងទេ ខុសត្រូវប៉ុនណា និយាយប៉ុណ្ណឹង ខុសប៉ុនណា និយាយប៉ុណ្ណឹង ហើយនិយាយនៅក្នុងចេតនាដើម្បីជាគតិ ដើម្បីជាប្រយោជន៍ ដើម្បីជួយ មិនមែននិយាយគ្រាន់តែដើម្បីលើកជើង និយាយភាសាសាមញ្ញ ដើម្បីទ្រពង ដើម្បីឲ្យអ្នកដែលស្ដាប់ហ្នឹងសប្បាយចិត្តទេ ។ អាហ្នឹងហើយជាគុណតម្លៃរបស់បញ្ញវន្តដែលត្រូវធ្វើ ពីព្រោះការដែលបុគ្គលម្នាក់ៗដែលជាបញ្ញវន្ត គឺជាអ្នកដែលរៀនសូត្រចេះដឹង បានគិតគូរវែងឆ្ងាយ ។ ដូច្នេះក្នុងនាមជាអ្នកដែលរៀនសូត្រចេះដឹង បានគិតគូរវែងឆ្ងាយ ។ ដូច្នេះក្នុងនាមជាអ្នកដែលរៀនសូត្របានចេះដឹងជ្រៅជ្រះហ្នឹង មិនមែនចេះតែនិយាយឲ្យរួចតែពីមាត់ ថាឲ្យតែរួចពីដៃ ហើយមិនគិតលកលៃរកអ្វីដែលជាបន្ទាល់ ដែលជាមធ្យោបាយដើម្បីជួយដោះស្រាយបញ្ហាសង្គម ធ្វើឲ្យសង្គមហ្នឹងប្រសើរឡើងនោះទេ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “បាទ! ជាការពិត គឺនៅក្នុងនយោបាយហ្នឹងក៏ដូចគ្នាដែរ ជាពិសេសបើយើងមើលទៅលើក្នុងប្រវត្តិសាស្រ្តពិភពលោក ដូចជាស្រុកខ្មែរយើងហ្នឹង ជាទូទៅ អ្នកចេះ អ្នកដឹងហ្នឹងតែងតែចេញមុខមកបង្ហាញទស្សនៈរបស់ខ្លួន ការយល់ឃើញព័ត៌មានដែលខ្លួនបានមាន ទិន្នន័យដែលបានប្រមូលមក របកគំហើញដែលបានវិភាគចេញមក មិនថានៅក្នុងបញ្ហាសេដ្ឋកិច្ច សង្គមទេ នយោបាយដូចគ្នា ។ តួនាទីបញ្ញវន្តហ្នឹងក៏អាចនិយាយបានថា ជាអ្នកដែលជួយចាប់ហ្វ្រាំងដើម្បីកុំឲ្យអ្នកនយោបាយ ឬក៏អ្នកដឹកនាំហ្នឹងកាន់តែធ្លាក់ចូលជ្រៅនៅក្នុងជ្រោះនៃវិបត្តិសង្គម ឬក៏បញ្ហាសង្គម តាមរយៈការលើកឡើងនូវទស្សនៈ ក៏ដូចជាការដាក់ចេញនូវអនុសាសន៍មួយចំនួនរបស់ខ្លួន ដើម្បីជួយឆ្លុះបញ្ចាំងឲ្យអ្នកនយោបាយ អ្នកដឹកនាំហ្នឹងបានមើលឃើញជ្រុងផ្សេងទៀត នៃសង្គម នៃបញ្ហា នៃគម្រោងអីជាដើម ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យជឿនលឿនហ្នឹង គេច្រើនតែស្ថាប័នធនាគារគំនិត ដែលសម្បូរទៅដោយអ្នកប្រាជ្ញច្រើនជំនាញ មានបទពិសោធន៍ច្រើន ។ គេអាចធ្វើ គេអាចប្រមូលធាតិចូល ឬក៏ទុកទស្សនៈរបស់អ្នកប្រាជ្ញ អ្នកជំនាញបញ្ញវន្ត ហ្នឹងពីររបៀប គឺទី១ គេប្រមូលដោយផ្ទាល់ មានការប្រជុំប្រឹក្សាយោបល់ អាហ្នឹងប្រជុំបិទទ្វារ ហើយទី២ គឺគេផ្ដល់បញ្ញវន្ត អ្នកចេះដឹង អ្នកប្រាជ្ញគេហ្នឹង គឺតាមរយៈសំណេរជាទូទៅ តាមកាសែត តាមវិទ្យុ តាមការនិយាយតាមវិទ្យុ ទូរទស្សន៍ ឬក៏សម័យបច្ចុប្បន្ននេះ តាមរយៈអត្ថបទដែលអាចសរសេរបោះពុម្ពផ្សាយដោយខ្លួនឯងតាមអ៊ីនធើរណេត ក៏ដូចជាការផុសតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាហ្វេសប៊ុកអីជាដើម ហើយនៅស្រុកគេ គេយកចិត្តទុកដាក់ណាស់ នៅពេលដែលបញ្ញវន្ត ឬក៏អ្នកប្រាជ្ញគេហ្នឹងលើកឡើងពីចំណុចអីមួយនៅក្នុងសង្គម មានន័យថា គេតាមសួរ គេតាមសុំយោបល់លម្អិត ពីព្រោះគេត្រូវធានាថា អ្វីដែលត្រូវដាក់ចេញមក ឬក៏គម្រោងដែលបានលើកឡើងហ្នឹងត្រូវមានអ្នកជួយមើលឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចៀសនូវហាភ័យ ឬក៏បញ្ហាដែលអាចកើតមានឡើង ដោយសារតែការគិតគូរមិនបានដិតដល់ ឬក៏ការសម្រេចចិត្តដោយមិនបានថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយនោះ“ ៕ កុលបុត្រ

RELATED ARTICLES