Tuesday, January 21, 2025
Homeព័ត៌មានជាតិព្រែកជីកហ្វូណនតេជោ សម រង្ស៊ី ចោទសម្តេចហ៊ុន សែន គប់គិតចិន បំណុលវ័ណ្ឌកខ្មែរ

ព្រែកជីកហ្វូណនតេជោ សម រង្ស៊ី ចោទសម្តេចហ៊ុន សែន គប់គិតចិន បំណុលវ័ណ្ឌកខ្មែរ

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានបន្តចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថាបានគប់គិតជាមួយចិន រឿងគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យមានបំណុលវ័ណ្ឌកដល់ប្រជាជនខ្មែរ ព្រមទាំងបន្តចោទថា មូលដ្ឋានយោធាជើងទឹករាម និងព្រែកជីកហ្វូណន ជាផែនការយុទ្ធសាស្រ្តរបស់ចិន ដើម្បីវាតទីក្នុងតំបន់ បើទោះបីជាការចោទប្រកាន់ដដែលៗនេះ​ត្រូវបានរាជរដ្ឋាភិបាល ជាពិសេសសម្តេចហ៊ុន សែន បានបំភ្លឺនិងច្រានចោលយ៉ាងដាច់អហង្ការរួចហើយក៏ដោយ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ថា “នេះជាឧទាហរណ៍ជាក់ស្តែងមួយ នៅពេលដែលកម្ពុជាយើងមានមេដឹកនាំអសមត្ថភាព ដែលគប់គិតជាមួយក្រុមហ៊ុនចិន កុហកនិងបោកប្រាស់ប្រជាជនខ្មែរយើង ទីបំផុតយើងនៅសល់តែបំណុលវ័ណ្ឌក។ ហ្វីលីពីន បានចំណាយទឹកប្រាក់ប្រមាណ ១៩៧លានដុល្លារ សាងសង់ព្រលានយន្តហោះអន្តរជាតិ ដោយខ្លួនឯង បើធៀបនឹងកម្ពុជាដែលចំណាយអស់ ៨៨០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនចិន។ ការចំណាយខុសគ្នាជិត៥ដង ព្រលាននៅហ្វីលីពីន ធំជាងព្រលាននៅកម្ពុជា ហើយគេអាចទទួលអ្នកដំណើរបានច្រើនជាងកម្ពុជា។ មេដឹកនាំកម្ពុជា គប់គិតជាមួយឧក្រិដ្ឋជនចិន បង្កើតអំពើពុករលួយ និងប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្ម បោកប្រាស់ប្រជាពលរដ្ឋខ្មែរ ។ ល្បិចដដែលមួយនេះ ឥឡូវត្រូវបានហ៊ុន សែន ហ៊ុន ម៉ាណែត កំពុងយកមកប្រើ ក្នុងរឿងព្រែកជីកហ្វូណន ជាមួយក្រុមហ៊ុនចិន។ ទីបំផុតយើងនៅសល់តែបំណុលវ័ណ្ឌក។ តើអ្នកណានឹងសងបំណុលចិន?“ ។

តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក ដដែល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកសម រង្ស៊ី បានសរសេរបន្ថែមថា “មូលដ្ឋានសឹកនៅរាម និងព្រែកជីកហ្វូណន គឺជាផែនការយុទ្ធសាស្រ្តចិនកុម្មុយនីស្តតែមួយ ដើម្បីវាតទីក្នុងតំបន់“ ។

គួរបញ្ជាក់ថា មុននេះ លោកសម រង្ស៉ី បន្ថែមសំណេរខាងលើនេះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បញ្ចេញសារប្រឆាំងនឹងគ្រោងព្រែកជីកហ្វូណនតេជោ ដោយថាគម្រោងជីកព្រែកនេះ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ និងបានចោទថា សម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត ធ្វើគម្រោងព្រែកជីកហ្វូណនតេជោនេះ តាមសំណើរចិន ដែលអាចនាំមកនូវគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា ដូចកាលពីសម័យប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឲ្យចិន ជួយការពារអំណាច ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក របស់លោកថា “គម្រោងជីកព្រែក ភ្ជាប់ទីក្រុងភ្នំពេញ ទៅដល់សមុទ្រ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ។ របបហ៊ុន សែន បានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវ ឲ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ។ បំណងធំនៃព្រែកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសកម្ពុជា ទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ។ មូលដ្ឋានសឹករបស់ចិន នៅរាម ក៏ជាឈ្នាន់ ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ របបហ៊ុន សែន និងហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា ដូចកាលពីសម័យប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឲ្យចិន ជួយការពារអំណាចផ្តាច់ការរបស់ខ្លួន“ ។

ទោះបីយ៉ាងណា ជុំវិញចោទប្រកាន់ដដែលៗ របស់លោកសម រង្ស៊ី ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្ម ឆ្លើយតបពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទេ កាលពីម្សិញមិញ ។ ប៉ុន្តែកន្លងទៅថ្មីៗនេះ ទាំងសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការបំភ្លឺ បដិសេធចំពោះការចោទប្រកាន់របស់អតីតមេបក្សប្រឆាំងរូបនេះរួចមកហើយ។  

ដោយឡែក លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ និងសង្គម អតីតប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ថា ការដែលលោកសម រង្ស៊ី ចោទសម្ដេចហ៊ុន សែន គប់គិតជាមួយចិន ធ្វើឲ្យបំណុលវ័ណ្ឌក សម្រាប់ប្រទេសកម្ពុជា វាជាចេតនាមួយរបស់លោកសម រង្ស៊ី តាំងពីដើមមក ដែលគាត់មិនដែលទទួលស្គាល់ការពិតអីទេ ហើយការដែលចោទថា មូលដ្ឋានសឹកនៅរាម និងព្រែកជីកហ្វូណន គឺជាផែនការយុទ្ធសាស្រ្តចិនកុម្មុយនីស្ត វាតទីនៅក្នុងតំបន់ ក៏ជាការយល់ឃើញមួយ តាមបែបមួយដែលការពារផលប្រយោជន៍វៀតណាម ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ការដែលលោកសម រង្ស៊ី ចោទសម្ដេចហ៊ុន សែន គប់គិតជាមួយចិន ធ្វើឲ្យបំណុលវ័ណ្ឌក សម្រាប់ប្រទេសជាតិរបស់យើងនេះ ខ្ញុំយល់ឃើញថា វាជាចេតនាមួយរបស់លោកសម រង្ស៊ី តាំងពីដើមមក គាត់មិនដែលទទួលស្គាល់ការពិតអីទេ ។ អ៊ីចឹងដោយឡែក យើងមើលអ៊ីចេះវិញថា បច្ចុប្បន្នបំណុលបរទេសដែលយើងមាន គឺមានចិន ហ្នឹងហើយដែលធំជាងគេ ក៏ប៉ុន្តែបើយើងប្រៀបធៀបបំណុលជាមួយនឹង GDP  របស់យើង គឺយើងនៅក្នុងកម្រិតមួយមិនទាន់ ៣០% ស្រួលបួលផង ។ អ៊ីចឹងមានន័យថា ស្ថិតនៅក្នុងបំណុលមួយដែលយើងអាចគ្រប់គ្រងបាន អាហ្នឹងទី១ ។ ទី២ ការអភិវឌ្ឍរវាងកម្ពុជា ហើយនិងចិន គឺជាការអភិវឌ្ឍមួយមិនមែនជាកម្ចីទេ គឺជាការវិនិយោគផ្ទាល់របស់ចិន ដែលក្រុមហ៊ុនគេវិនិយោគផ្ទាល់តែម្ដង ។ អ៊ីចឹងខ្ញុំយល់ថា ករណីដែលលោកសម រង្ស៊ី ធ្វើការចោទប្រកាន់នេះ គ្រាន់តែដើម្បីកេងចំណេញនយោបាយតរបស់គាត់តែប៉ុណ្ណោះឯង ហើយវាគ្មានអីប្លែកទេ នយោបាយ ៣០ឆ្នាំរបស់គាត់នេះ គឺឆាចោលហើយ ។ អ៊ីចឹងវាគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍នូវការលើកឡើងរបស់លោកសម រង្ស៊ី នោះទេ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ហើយចំណុចទី២ ពាក់ព័ន្ធជាមួយនឹងគាត់លើកឡើងថា ព្រលានយន្តហោះ Class International Air pot ដែលចំណាយត្រឹមតែ១៩៧លានដុល្លារ ហើយព្រលានយន្តហោះនៅខេត្តសៀមរាប ដែលវិនិយោគដោយក្រុមហ៊ុនចិនហ្នឹងចំណាយដល់ដល់ ៨៨០លានដុល្លារហ្នឹង វាខុសគ្នា ធ្វើដូចគ្នា តែការវិនិយោគដោយក្រុមហ៊ុនចិន នៅក្នុងស្រុកខ្មែរនេះ វាចំណាយច្រើន ។ អ៊ីចឹងបើតាមខ្ញុំពិនិត្យមើលទិន្នន័យដែលមាននេះ ខ្ញុំឃើញថា អ្វីដែលលោកសម រង្ស៊ី គាត់លើកឡើងនេះ គឺគាត់គ្មានមូលដ្ឋានច្បាស់លាស់ទេ គាត់ប្រឆាំងតាមហ្វេសប៊ុក ។ អ៊ីចឹងហើយបានជាគាត់បរាជ័យកាន់តែធ្ងន់ទៅៗ រកកន្លែង រកច្រកអត់ឃើញហ្នឹង គឺដោយសារតែការនិយាយដោយគ្មានមូលដ្ឋានហ្នឹងហើយ ។ Class International Air pot ការវិនិយោគដំបូង ចំណាយដល់ទៅ ១៧០០លានដុល្លារឯណោះ តែការធ្វើទំនើបកម្មចុងក្រោយ ពីឆ្នាំ២០២៣ កន្លងទៅនេះ គឺចំណាយថែមដល់ទៅ១៩៧លានដុល្លារទៀត ដើម្បីឲ្យបានប្រហាក់ប្រហែលនឹងព្រលានយន្តហោះនៅខេត្តសៀមរាប នោះ ។ អ៊ីចឹងមូលដ្ឋានទិន្នន័យដែលគាត់ទទួលបានហ្នឹង គាត់ប្រៀបធៀបនេះ គ្រាន់តែបោកបានតែអ្នកដែលអត់មានខួរទេ តែគេមានខួរ មានការស្រាវជ្រាវ អ៊ីចឹងគេអាចយល់ដឹងថា កម្រិតនៃការយល់ដឹងរបស់លោកសម រង្ស៊ី ហ្នឹង វាមានកម្រិតប៉ុនណា? អ៊ីចឹងបានថា ដោយសារគាត់អត់ចេះទទួលស្គាល់ការពិតហ្នឹងហើយ បានជាធ្វើឲ្យសកម្មជនគាត់រីងរៃដល់រាល់ថ្ងៃ ។ អ៊ីចឹងសម្រាប់គាត់ដែលជាអ្នកនយោបាយប្រឆាំងហាយសូ រត់គេចគុក ហើយនិងអ្នកក្លាហានអត់ហ៊ានចូលស្រុកហ្នឹង គឺលទ្ធផលដែលគាត់ទទួលបាន គឺបែបហ្នឹង“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ហើយចំណុចទី៣ ពាក់ព័ន្ធជាមួយនឹងគាត់ចោទថា មូលដ្ឋានសឹកនៅរាម និងព្រែកជីកហ្វូណន គឺជាផែនការយុទ្ធសាស្រ្តចិនកុម្មុយនីស្តវាតទីនៅក្នុងតំបន់ហ្នឹង គឺខ្ញុំមើលឃើញថា ជាការយល់ឃើញមួយ តាមបែបមួយដែលការពារផលប្រយោជន៍យួន ។ យើងដឹងហើយថា លោកសម រង្ស៊ី តាំងពីដើមមកគាត់ធ្វើនយោបាយ សកម្មជនរបស់គាត់ទាំងអស់ គឺប្រឆាំងជាមួយយួន អ្នកណាដែលមិនគាំទ្រគាត់ គឺអ្នកហ្នឹងយួនហើយ ប៉ុន្តែគ្រាន់តែថា មួយរយៈកាលចុងក្រោយនេះ នៅពេលដែលកម្ពុជា ចាប់ផ្ដើមស្វែងរកឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច ឃើញថា លោកសម រង្ស៊ី កំពុងតែធ្វើនយោបាយដើម្បីបម្រើផលប្រយោជន៍យួន ទៅវិញ ។ អ៊ីចឹងបានថា ចំណុចនេះហើយ ដែលខ្ញុំមើលឃើញថា វាគឺជាការបញ្ចប់ជីវិតនយោបាយរបស់លោកសម រង្ស៊ី ដោយស្វ័យប្រវត្តិតែម្ដង ។ អ៊ីចឹងពាក់ព័ន្ធនឹងការចោទថា ជាមូលដ្ឋានសឹក ឬក៏ជាអ្វីផ្សេងទៀតរបស់លោកសម រង្ស៊ី នេះ ខ្ញុំគិតថា វាមានកម្រិតមូលដ្ឋានចំណេះដឹងហ្នឹងវានៅទាបណាស់ ព្រោះយើងឃើញថា បើសិនជាចិន សង់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជា មែន លោកសម រង្ស៊ី ដែលជាអ្នកសរសេររដ្ឋធម្មនុញ្ញដែរនោះ មានបានមើលទេថា កម្ពុជា យើងជារដ្ឋយ៉ាងម៉េច? តើអាចអនុញ្ញាតឲ្យបរទេសដាក់ទ័ពនៅលើទឹកដីយើងបានអត់? អ៊ីចឹងការនិយាយលើកឡើងរបស់គាត់នេះ គ្រាន់តែជាផ្លូវទាល់ច្រកមួយ ដែលគាត់រកច្រកនយោបាយចេញអត់ឃើញ អំឡុងពេលដែលអ្នកបន្តវេនរបស់គាត់ គាត់គ្មានសមត្ថភាពនឹងរៀបចំអ្នកបន្តវេនទៅកើតផងនោះ កូនចៅគាត់ចាប់ផ្ដើមហែកគ្នាស៊ីព្រោងព្រាត ចែកបក្សគ្នារស់ព្រាតនេះ ។ អ៊ីចឹងតែកូនចៅគាត់គ្រប់គ្រងមិនបានផង ដល់ពេលហើយ គាត់ចង់ញែកនយោបាយលក្ខណៈអន្តរជាតិតែម្ដងនេះ ខ្ញុំមើលឃើញថា នយោបាយរបស់គាត់ចប់ត្រឹមហ្នឹងហើយ ។ អ៊ីចឺងការយល់ឃើញរបស់លោកសម រង្ស៊ី មកលើទិដ្ឋភាពនយោបាយដែលខ្មែរយើងកំពុងតែដំណើរការទៅមុខនេះ ខ្ញុំយល់ឃើញថា ជារឿងមួយដែលបិទបញ្ចប់ជីវិតនយោបាយរបស់គាត់ហើយ គាត់និយាយអីក៏វាសាបដូចទឹកទន្លេហើយ គ្មានន័យអីទៀតទេ“ ។ 

គួរបញ្ជាក់ថា នៅក្នុងការថ្លែងសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដោយសម្ដេច បានបញ្ជាក់ថា គម្រោងនៃការជីកព្រែកនេះ ជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់ប្រទេសកម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិន នោះទេ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «មានកាសែតបរទេស បានចុះផ្សាយព័ត៌មានថា ព្រែកជីកហ្វូណននេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន ក្នុងក្របខ័ណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ ត្រង់ចំណុចនេះ ខ្ញុំគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុង ដោយភាគីកម្ពុជា ចិន មិនបានដឹងរឿងនេះទេ។ យើងគ្រាន់តែបានពិភាក្សានិងឱ្យមានការចូលរួមក្នុងការសិក្សា ហើយកម្ពុជា បានស្វះស្វែងរកក្រុមហ៊ុនចិនដើម្បីវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនៅការជីកព្រែកមួយនេះ។ ដូច្នេះសូមអ្នកដែលតែងតែចោទប្រកាន់អំពីក្របខ័ណ្ឌយុទ្ធសាស្រ្ដនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះ ព្រោះវាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយ ធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា គំនិតផ្ដួចផ្ដើម គឺចេញពីកម្ពុជា សុទ្ធសាធ»៕

RELATED ARTICLES