ភ្នំពេញ ៖ យុវតីម្នាក់ បានចុះចោលផ្ទះ ទៅសម្ងំរស់នៅជាមួយសង្សារ និងត្រូវបានឪពុកម្តាយព្យាយាមតាមលួងលោមហៅឱ្យត្រឡប់មកផ្ទះវិញជាច្រើនលើកច្រើនសាដែរ តែកូនស្រីមិនព្រមមក រហូតធ្វើឱ្យឪពុកម្តាយឆ្អែតចិត្ត និងចោទប្រកាន់ថា មកពីខាងប្រុសលួងលោមបញ្ចុកបន្ស៊ីកូនស្រី រហូតដល់ធ្វើឱ្យកូនស្រីឈ្លក់វង្វេង សុខចិត្តចោលឪពុកម្តាយ ទៅតាមសង្សារ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចខាងលិចផ្សារទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចម្ការមន។
យុវតីដែលដាច់ចិត្តចុះចោលគ្រួសារ មកនៅផ្ទះសង្សារ ត្រូវបានឪពុកម្តាយអះអាងថា ទើបនឹងមានអាយុ១៤ឆ្នាំប៉ុណ្ណោះ និងជាសិស្សរៀនថ្នាក់ទី៩ មានលំនៅ ម្តុំវត្តសន្សំកុសល ខណ្ឌមានជ័យ។

ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ត្រូវបានយុវជនម្នាក់ ឈ្មោះអ៊ី គឹមហ៊ុន លួងលោមនាំចេញពីផ្ទះ ជាបន្តបន្ទាប់ ដោយលើកទី១ កូនស្រីគាត់បានបាត់ ១យប់ លុះគាត់តាមមកសួរដល់ទីតាំងខាងលើខាងលើ (ហាងលក់សម្លៀកបំពាក់) ដែលជាផ្ទះរបស់ម្តាយខាងប្រុស ក៏ត្រូវម្តាយនោះប្រាប់ថា អត់ឃើញទេ តែចៃដន្យអីគាត់បានឃើញស្បែកជើងកូនស្រីនៅទីនោះ ហើយគេយកកូនស្រីគាត់ទៅទុកនៅឯចង្ក្រានបាយ។ លុះលើកទី២ ពេលកូនគាត់ទៅសាលារៀន ក៏បាត់ទៀត លុះពេលមកសួររក គេថាអត់ឃើញទៀត។ បន្ទាប់មក ខាងប្រុស បានដឹកកូនស្រីគាត់ទៅដេកនៅឯខេត្តកំពត និងត្រូវបានពួកគាត់តាមរកឃើញ នាំកូនស្រីត្រឡប់មកផ្ទះវិញ រួចនាំទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយពេលនោះ កូនស្រីបានរៀបរាប់ទាំងអស់ ពីទង្វើរបស់ខាងប្រុស ដែលលួង លោមនាំនាងយកទៅដេកដល់ខេត្តកំពត ហើយក្រោយមក ខាងប៉េអឹម បានចេញដីកាកោះហៅយុវជននោះ ២ដងដែរ តែគេមិនព្រមចូលខ្លួន។ លុះចុងក្រោយ ខាងប្រុសនិងម្តាយរបស់គេ ល្បួងហៅកូនស្រីគាត់ឱ្យចេញពីផ្ទះ រួចហើយនាំទៅដាក់មន្ទីរកិច្ចការនារី ប្តឹងចោទប្រកាន់ថា ម្តាយឪពុកចាប់បង្ខាំងទុកក្នុងផ្ទះ។ ក្រោយមកក៏ប្តឹងប៉េអឹម ឱ្យចុះដល់ផ្ទះរបស់គាត់ ចោទថាគាត់បង្ខាំងវ៉ៃធ្វើបាបកូនស្រី លុះពេលដល់កន្លែងប៉េអឹម បែរជាគេតម្រូវឱ្យពួកគាត់ដកពាក្យបណ្តឹង (ប្តឹងឈ្មោះអ៊ី គឹមហ៊ុន) ទៅវិញ ដែលគាត់យល់ថា ជាចំណាត់ការមិនប្រក្រតីនោះទេ។

ចំណែកបុរសជាឪពុករបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា តាមអ្វីដែលគាត់ដឹង គឹកូនស្រីរបស់គាត់បានទាក់ទងជាមួយខាងប្រុសនោះ ប្រមាណ២ឆ្នាំមកហើយ រហូតដល់ខាងសាលា ហៅគាត់ទៅប្រាប់ថា កូនស្រីគាត់ មានទាក់ទងជាមួយមនុស្សប្រុស ខ្លាចមានបញ្ហានាំឱ្យប៉ះពាល់ការសិក្សា និងអនាគត គួរដកហូតទូរស័ព្ទ និងម៉ូតូរបស់នាងទុកសិន និងតាមមើលឱ្យជាប់លាប់ តែខាងប្រុសនៅតាមអូសទាញកូនគាត់មិនឈប់ ធ្វើឱ្យកូនគាត់លែងមានចិត្តរៀនសូត្រ ស្អប់ទាំងឪពុកម្តាយ ទាមទារតែចេញពីផ្ទះរាល់ថ្ងៃ រហូតដល់ថ្ងៃមួយ ម៉ោង៩យប់ទៅហើយ កូនស្រីនៅតែទាមទារចង់ចេញពីផ្ទះទៀត ធ្វើឱ្យគាត់អស់លទ្ធភាពឃាត់ ក៏ប្តឹងសុំអន្តរាគមន៍ពីមេប៉ុស្តិ៍។ បន្ទាប់មកសមត្ថកិច្ចផ្តល់យោបល់ឱ្យគាត់យកកូនស្រីទៅដាក់មណ្ឌល ដើម្បីពិនិត្យរកសាធាតុញៀន និងឱ្យនាងបានស្ងប់ចិត្តមួយរយៈផង ទើបគាត់ដាច់ចិត្តនាំកូនស្រីទៅដាក់មណ្ឌល រយៈពេល ១អាទិត្យ ដើម្បីឱ្យកូនស្រីបានរំងាប់ចិត្ត និងស្វែងយល់ពីទំហំទឹកចិត្តឪពុកម្តាយឡើងវិញ។
បុរសជាឪពុករូបនេះ បន្តថា លុះ៧ថ្ងៃក្រោយមក ដោយសារអាណិតកូនស្រីពេក ទើបគាត់បានទៅទទួលយកកូនស្រីត្រឡប់មកផ្ទះវិញ ពេលនោះនៅតាមឡាន កូនស្រី បានទួញយំក្រាបសំពះសុំទោសពួកគាត់ជាឪពុកម្តាយ និងថែមទាំងនិយាយថា នាងសុំទោស នាងខុសហើយ នាងចង់កែខ្លួន ហើយនាងដឹងខ្លួនហើយថា ត្រូវយុវជនជាសង្សារនោះ លួងលោម បោកប្រាស់។ បន្ទាប់មក គាត់ក៏ឱ្យកូនស្រីនៅតែផ្ទះ មិនឱ្យនាងប្រើទូរស័ព្ទ អស់រយៈពេលប្រមាណណ១ខែ នឹកស្មានថាកូនស្រីភ្ញាក់ស្មារតីវិញហើយ លុះពេលនាងសុំប្រើទូរស័ព្ទវិញ គាត់ក៏យល់ព្រមឱ្យកូនស្រីប្រើ ដឹងអី មិនបានប៉ុន្មាន ខាងប្រុសជាសង្សារ បានទាក់ទងមកពង្វក់កូនស្រីរបស់គាត់ជាថ្មីទៀត។

បុរសជាឪពុក បានបញ្ជាក់ថា យុវជនម្នាក់នោះ និងម្តាយរបស់គេ ពិតជាពង្វក់ បញ្ចុកបន្ស៊ីកូនស្រីរបស់គាត់មែន ដោយតែងផ្ញើសារទូរស័ព្តមកលួងលោម ពន្យុះឱ្យកូនស្រីរបស់គាត់អុកឡុកអ្នកផ្ទះ (ពួកគាត់ជាឪពុកម្តាយ) ទៅ ទើបអាចធ្វើឱ្យពួកគាត់អស់ចិត្ត ធុញទ្រាន់នឹងនាងជាកូនស្រី ច្បាស់ជាដេញចេញ ដោះលែងឱ្យនាងមានសេរីភាពមិនខាន ដោយក្នុងមួយថ្ងៃៗ កូនស្រីរបស់គាត់ចេះតែអុកឡុកគាត់រហូត ដោយនាងចេះតែកុម្មង់អាហារ របស់របរប្រើប្រាស់ និងឡេ តាមអនឡាញ មិនឈប់ ១ថ្ងៃ ចាប់ពី២០ ទៅ៣០ដុល្លារ និងទារលុយពួកគាត់ជាឪពុកម្តាយ ជាប្រចាំ លុះគាត់ប្រាប់ថា ប៉ាអត់លុយទេ កូនស្រីប្រាប់ថា បើអ៊ីចឹងមិនអីទេ បន្តិចទៀតមានគេបាញ់លុយឱ្យហើយ គឺខាងប្រុស និងម្តាយរបស់ គេជាអ្នកផ្តល់លុយកាក់ឱ្យកូនស្រីរបស់គាត់ ដើម្បីអូសទាញឱ្យនាងចេញពីផ្ទះ ទៅនៅផ្ទះរបស់ពួកគេ។
បុរសជាឪពុក បានអះអាងថា នៅថ្ងៃកើតហេតុ កូនស្រី បានចេញពីផ្ទះបាត់ ទើបពួកគាត់ជាក្រុមគ្រួសារ បានតាមស្វែងរកតែ មិនឃើញ លុះសង្ស័យកូនស្រីមកផ្ទះខាងប្រុស ក៏តាមមកមើល ក៏ឃើញនាងនៅផ្ទះនោះមែន រួចស្រាប់តែខាងម្ចាស់ផ្ទះ ព្យាយាមលាក់បាំងកូនស្រីរបស់គាត់មិនឱ្យចេញមកជួបពួកគាត់ជាឪពុកម្តាយ រួចទូរស័ព្ទប្តឹងសមត្ថកិច្ច ចោទថាពួកគាត់មកអុកឡុកផ្ទះរបស់គេទៅវិញ ទាំងដែលពួកគាត់តាមមករកកូនស្រីសោះ ធ្វើឱ្យពួកគាត់ហួសចិត្តយ៉ាងខ្លាំង។

ដោយឡែក យុវតីជាកូន បានរៀបរាប់ប្រាប់ថា នាងនិងកូនប្រុសម្ចាស់ផ្ទះខាងលើ ពិតជាបានស្រលាញ់គ្នាមែន ដោយពួកនាងបានទាក់ទងគ្នាបាន ១ឆ្នាំកន្លះហើយ ពេលនេះនាងក៏មានអាយុ១៦ឆ្នាំដែរ តែឪពុកម្តាយនៅតែថា នាងមានអាយុ១៤ឆ្នាំ។ កន្លងមក ឪពុកម្តាយ របស់នាង មិនពេញចិត្ត និងមិនចង់ឱ្យពួកនាងទាក់ទងគ្នាទេ ហើយព្យាយាមបំបែកម្តងរួចមកហើយ តែក្រោយមក ពួកគាត់ក៏យល់ព្រមវិញ ដោយប្រាប់ថា បើចង់ទាក់ទងគ្នាក៏ទាក់ទងចុះ ស្រាប់តែមិនបានប៉ុន្មាន ពួកគាត់បែរជាតាមមកបំបែកពួកនាងទៀត រហូតដល់កើតមានរឿងដូចថ្ងៃនេះតែម្តង។
យុវតីរូបនេះ បានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃកើតហេតុនេះ កុំអីក៏អត់មានរឿងដែរ គឺដំបូងឡើយ នាងចេញមកញ៉ាំអី ម៉ោង១ ហើយឆាតទៅឪពុកម្តាយថា “ម៉ោង៤-៥អី ខ្ញុំទៅយកម៉ូតូទៅផ្ទះវិញហើយ” ដំបូងឪពុកម្តាយ បាននិយាយស្រួល លួងលោមឱ្យនាងទៅផ្ទះវិញ តែដល់ នាងអត់ទាន់ទៅ គាត់តាមមកឃើញ ក៏រករឿងបង្កជម្លោះផ្អើលឡើងតែម្តង។ ពេលមកដល់ ឪពុកម្តាយបានប្រាប់ឱ្យនាងដោះខ្សែក គ្រឿងអលង្ការ និងប្រគល់សោម៉ូតូ ឱ្យពួកគាត់វិញ ដោយនិយាយថា “អ្ងែងចង់ទៅណាក៏ទៅៗ” លុះពេលនាងដោះគ្រឿងអលង្ការ និងប្រគល់ សោម៉ូតូឱ្យវិញ ស្រាប់តែឪពុកម្តាយនាងនិយាយថា “អញត្រូវតែយកអ្ងែងទៅផ្ទះឱ្យបាន ទៅដល់អញវ៉ៃឱ្យងាប់ហ្មង” ទើបធ្វើឱ្យនាងមានការភ័យខ្លាច មិនហ៊ានត្រឡប់ទៅជាមួយពួកគាត់វិញនោះទេ។
យុវតីខាងលើ បានបន្តថា នាងមិនទៅផ្ទះវិញឡើយ ព្រោះខ្លាចឪពុកម្តាយវាយធ្វើបាប និងចាប់នាងដាក់មណ្ឌលទៀត ព្រោះកន្លងមក ឪពុកម្តាយធ្លាប់ចាប់នាងដាក់មណ្ឌល ទាំងនាងអត់មានញៀនថ្នាំអីទាំងអស់ តែពួកគាត់ចោទថា នាងលេងម៉ាទឹកកក ១ថ្ងៃ ២ម៉ឺនរៀល និងបានដាក់នាងក្នុងមណ្ឌល អស់១០ថ្ងៃ។ ចំពោះរឿងដែលឪពុកម្តាយព្យាយាមបំបែកមិនឱ្យពួកនាងទាក់ទងគ្នា គឺដោយសារតែពួកគាត់មិនចូលចិត្តសង្សារនាង និងមានជម្លោះជាមួយគ្រួសារគេ ហើយអ្វីដែលសំខាន់ ពួកគាត់ព្យាយាមបំបែកនាងបែកពីសង្សារ ដើម្បីទៅទាក់ទងជាមួយនឹងអ្នកផ្សេង ដែលពួកគាត់ជ្រើសរើសឱ្យ តែនាងមិនព្រម ទើបគាត់ចេះតែតាមបំបែកនាងមិនឈប់។
យុវតីរូបនេះ បានបញ្ជាក់ជំហររបស់ខ្លួនជាចុងក្រោយថា នាងមិនព្រមទៅផ្ទះវិញដាច់ខាត ព្រោះនាងខ្លាចឪពុកវាយធ្វើបាប ឬខ្លាចឪពុកម្តាយឃុំទុកក្នុងផ្ទះទៀត ព្រោះកន្លងមក ធ្លាប់ឃុំនាងក្នុងផ្ទះអស់១ខែ រហូតដល់នាងដាច់ចិត្តប្តឹងប៉េអឹម ឱ្យជួយអន្តរាគមន៍ទៀតផង។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់កូនស្រី ថាឪពុកប្រើហិង្សាវាយដំ បុរសជាឪពុក បានទទួលស្គាល់ថា គាត់ពិតជាធ្លាប់វាយកូនស្រីតិចតួចមែន តែវាយគ្រាន់តែដើម្បីអប់រំ ចង់ឱ្យកូនល្អប៉ុណ្ណោះ។ បុរសជាឪពុក បានលើកឡើងថា “ធម្មតាក្នុងនាមឪពុកម្តាយ នៅពេលឃើញ កូនរបស់ខ្លួនធ្លាក់នរក អ្នកណាមិនទាញមកវិញ តែកូនពេលខ្លះមើលមិនឃើញពីទឹកចិត្តឪពុកម្តាយទេ បែរជាសម្លឹងឃើញតែទង្វើនិងសម្តីដែលលើសលស់ទៅលើពួកគេប៉ុណ្ណោះ”។

ជុំវិញករណីខាងលើនេះ បុរសជាឪពុក ក្រោយពីព្យាយាមលួងលោមហៅកូនស្រីឱ្យត្រឡប់ទៅផ្ទះវិញ តែកូនស្រីបដិសេធ ទើបគាត់បានបញ្ជាក់យ៉ាងខ្លីថា គាត់មិនបន្ទោសកូនស្រីទេ តែគាត់បន្ទោសខ្លួនឯង ដែលប្រឹងរកស៊ីធ្វើការខ្លាំងពេក រហូតដល់គ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីនៅក្បែរមើលថែកូន ហើយហេតុតែចង់ឱ្យកូនស្រីខ្ពស់មុខខ្ពស់មាត់ មានសម្ភារៈទំនើបល្អប្រើប្រាស់ កុំឱ្យខ្មាសគេ ទើបបំពេញបំណងកូនស្រីគ្រប់យ៉ាង ចុង ក្រោយសម្ភារៈនិយមទាំងនោះ គឺជាអ្នកធ្វើបាបរូបគាត់ទៅវិញ។
បុរសជាឪពុក បានបញ្ជាក់ជាចុងក្រោយទាំងអួលដើមកថា “ក្នុងនាមជាឪពុក ខ្ញុំមិនអាចកាត់ឈាម បោះបង់ចោលកូនស្រីបានទេ ព្រោះឈាមខាប់ជាងទឹក ចិញ្ចឹមកូនតាំងពីបាតជើងក្រហម បែរជាពេលនេះកូនត្រូវគេពង្វក់ទឹកចិត្តភ្លេចឪពុកម្តាយ។ សរុបទៅកំហុសគ្រប់យ៉ាងមកពីខ្ញុំ ដែលខ្ញុំប្រឹងរកស៊ី គ្មានពេលវេលាសម្រាប់កូន បណ្តោយឱ្យកូនទៅរៀន មានសម្ភារៈល្អៗ កុំឱ្យកូនខ្មាសគេ តែចុងក្រោយ សម្ភារៈនិយម វាធ្វើបាបខ្ញុំទៅវិញ ពេលនេះកូនស្រីខ្ញុំ មិនទៅជាមួយខ្ញុំវិញទេ ហើយបើទៅថ្ងៃមុខកូនខ្ញុំមានបញ្ហាអី គឺផ្ទះហ្នឹងជាអ្នកទទួលខុសត្រូវ និងសូមផ្តាំឱ្យកូនថែរក្សាខ្លួនទៅ ធ្វើម៉េចបើកូនស្រលាញ់អ្នកដទៃជាងឪពុកម្តាយ…”៕