Monday, February 24, 2025
Homeសង្គម និងជីវិតបុរសលក់ការ៉េម ថែមចម្រៀង ចង់ចូលច្រៀងឲ្យផលិតកម្ម

បុរសលក់ការ៉េម ថែមចម្រៀង ចង់ចូលច្រៀងឲ្យផលិតកម្ម

ខេត្តកំពង់ចាម ៖ បុរសលក់ការ៉េម ថែមចម្រៀងច្រៀងផ្ទាល់ កំពុងតែល្បីសុសសាយស្ទើរពេញស្រុកព្រៃឈរ ខេត្តកំពង់ចាម និងផ្ទុះការចាប់អារម្មណ៍តាមបណ្ដាញសង្គម ដោយសារតែសំឡេងរបស់គាត់ ពីរោះប្រហែលនឹងអតីតអ្នកចម្រៀងល្បីល្បាញ លោកកែវ សារ៉ាត់ ហើយអាចច្រៀងបទរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងអ្នកចម្រៀងពីដើមៗ បទល្ខោនបាសាក់ បានយ៉ាងល្អផងដែរ ដែលធ្វើឲ្យអាជីវកម្មលក់ការ៉េមរបស់គាត់ កាក់ កប ទៅលក់ដល់កន្លែងណា មានមនុស្សទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី ចោមរោមទិញ ដើម្បីបានស្ដាប់ចម្រៀងដ៏ពីរោះក្រអួនក្រអៅ និងបានញ៉ាំការ៉េមដ៏មានរសជាតិផ្អែមត្រជាក់ផង ។

ក្រៅពីអាជីពលក់ការ៉េមនេះ អ្នកលក់សំឡេងពីរោះរូបនេះ បង្ហើបថា ប្រសិនបើមានផលិតកម្មណាចាប់អារម្មណ៍ហៅលោកទៅច្រៀងថតបទចម្រៀង លោកនឹងទទួលស្វាគមន៍ដោយរីករាយ។

 បុរសលក់ការ៉េម ថែមចម្រៀងនេះ មានឈ្មោះគី ស៊ីណេត អាយុ៥០ឆ្នាំ មានភរិយាឈ្មោះមៀច ឆយ អាយុ៥២ឆ្នាំ ។ មានកូនចំនួន៣នាក់ (ប្រុស២ ស្រី១) ។ កូនៗបានរៀបការចំនួន២នាក់ គឺកូនប្រុសទី១ និងកូនស្រីទី២ និងមានចៅចំនួន៣នាក់ ។ សព្វថ្ងៃរស់នៅភូមិស្វាយប៉ិន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

 បុរសខាងលើ បានឲ្យដឹងថា គាត់ចាប់អាជីពលក់ការ៉េម តាមម៉ូតូ ថែមចម្រៀងនេះ ទើបតែបានរយៈពេល ៧ខែប៉ុណ្ណោះ ខណៈដែលពីមុន លោកគឺជាកសិករ ធ្វើចម្ការ ។ ប៉ុន្តែលោកមាននិស្ស័យចូលចិត្តបទចម្រៀង និងទឹកដមសំនៀងពីរោះ តាំងពីកំណើតមក គ្រាន់តែមិនដែលមានឱកាសបានឡើងច្រៀង ឬប្រឡងចម្រៀងក្នុងកម្មវិធីណាមួយទេ តាំងពីនៅកំលោះ មិនទាន់រៀបការ រហូតដល់មានប្រពន្ធកូន និងចៅ និងដល់វ័យរាងចាស់បន្តិចនេះ ។ ទើបតែពេលនេះ លោកមានឱកាសបានបញ្ចេញសមត្ថភាពច្រៀងរបស់ខ្លួនរៀងរាល់ថ្ងៃតែម្ដង តាមរយៈការជិះម៉ូតូដឹកធុងការ៉េម ដើរលក់នៅតាមផ្លូវនេះ ហើយក៏ទទួលស្គាល់ថា ពិតជាមានអ្នកស្រុកសរសើរថា លោកពិតជាច្រៀងបានពីរោះមែន ជាពិសេសបទរបស់លោកកែវ សារ៉ាត់ ស្ដាប់ទៅលន្លង់លន្លោច ព្រឺព្រួចតែម្ដង ។ ប៉ុន្តែយ៉ាងណា លោកក៏សុំចិត្តពួកគាត់វិញដែរ ដែលច្រៀងច្រើនរាល់ថ្ងៃពេកទៅ ធ្វើឲ្យសំឡេងរបស់លោក ទៅជាស្អក ព្រោះក្នុង១ថ្ងៃ ជាមួយនឹងការលក់ការរ៉េម បាន៣០ទៅ៤០ដើម គិតជាលុយ បានជាង៤ម៉ឺនរៀល (បូកទាំងដើម ទាំងចុង) លោកត្រូវបង្ហើរសំនៀងតាមអំភី្ល មីក្រូ ធុងបាស់ ដែលដាក់ម៉ូតូដឹកជាមួយធុងការ៉េមនោះ មិនក្រោម២០បទទេ ហើយមានថ្ងៃខ្លះ ស្អកកពេកទៅ ច្រៀងថែមពីលើហ្នឹងពីរបីឃ្លា មិនបានច្រៀងដល់ចប់១បទ ក៏អ្នកទិញអស់ចិត្តដែរ ។

 លោក គី ស៊ីណេត បានបញ្ជាក់បន្តថា មុខរបរលក់ការ៉េម ថែមចម្រៀងនេះ បានជួយលើកស្ទួយជីវភាពរបស់លោកបានមួយកម្រិតដែរ ព្រោះសព្វថ្ងៃក្នុងបន្ទុកគ្រួសារដែលមានសមាជិកជិត១០នាក់ រាប់ទាំងឪពុកម្ដាយក្មេកចាស់ៗ ប្អូនពិការ និងប្រពន្ធដែលមានជំងឺផង លោកត្រូវរ៉ាប់រងតែម្នាក់ឯង បើមិនចាប់មុខរបរការ៉េម ថែម ចម្រៀងនេះទេ លោកមិនបានប្រាក់ពីណាមកដោះស្រាយជីវភាពគ្រួសារ និងដោះបំណុលធនាគារទេ ។ ដូច្នេះលោកគិតថា នឹងចាប់មុខរបរលក់ការ៉េម ថែមចម្រៀងនេះ ទៅមុខរហូតហើយ ដរាបណាលោកនៅមានសុខ ភាពល្អ អាចបើកម៉ូតូរ៉ឺម៉កដឹកធុងការ៉េម ដើរលក់បាន ។ ប៉ុន្តែលោកក៏មានលំបាកខ្លាំងដែរ ដោយសារម៉ូតូរ៉ឺម៉កដឹកធុងការ៉េម និងផ្ទុកឧបករណ៍ចម្រៀងនេះ រាងចាស់ទៅហើយ មិនអាចឲ្យលោកជិះទៅលក់បានឆ្ងាយក្រៅពីសុ្រកភូមិឯងទេ ខ្លាចវាខូចតាមផ្លូវ ហើយលោកមិនសូវហ៊ានទៅលក់នៅតាមសាលារៀនទេ ខ្លាចច្រៀងក្នុងពេលលក់ទៅ លាន់ឮរំខានដល់សិស្ស ។ ដូច្នេះលោកច្រើនតែលក់នៅតាមដងផ្លូវក្នុងភូមិ ហើយក៏ចេះតែច្រៀងទៅ នៅពេលអ្នកមកទិញ សំណូមពរ ។

 លោក គី ស៊ីណេត បានឲ្យដឹងបន្តទៀតថា ក្នុងចំណោមបទចម្រៀងដែលអ្នកមកទិញការ៉េម សំណូមពរឲ្យច្រៀង មានចម្រុះបទ គឺមានបទសម័យ ប្រពៃណី (ភ្លេងការ) និងល្ខោនបាសាក់ ជាដើម ហើយបទប្រពៃណី លោកមិនសូវចេះច្រើនប៉ុន្មានទេ តែលោកចេះតែព្យាយាមហាត់ច្រៀងឲ្យពួកគាត់ស្ដាប់ ហើយសុខភាពបំពង់ករបស់លោកក៏មិនសូវល្អប៉ុន្មានទេ ព្រោះលោកមិនចេះពីរបៀបថែរក្សាសំឡេងរបស់ខ្លួន ដូចអ្នកចម្រៀងអាជីពទេ ។ ម្យ៉ាងទៀត លោករវល់រាល់ថ្ងៃ ព្រលឹមចេញបាត់ ព្រលប់ចូល មានពេលឯណាទៅថែសំឡេង ។  ប៉ុណ្ណឹងហើយ លោកនៅតែព្យាយាមបំពេញសេចក្ដីត្រូវការរបស់អ្នកស្ដាប់ ឲ្យបានល្អគ្រប់ពេល គឺទាំងអ្នកមកទិញការ៉េម នៅកន្លែងផ្ទាល់ សំណូមពរឲ្យលោកច្រៀង និងអ្នកទូរស័ព្ទ ឬឆាតតាមហ្វេសប៊ុក កុម្មង់បទឲ្យលោកច្រៀង លោកក៏ច្រៀងបម្រើអារម្មណ៍ពួកគាត់ ដោយមិនគិតពីភាពនឿយហត់ ហើយលោកក៏ឃើញថា កេរ្តិ៍ឈ្មោះរបស់លោក ក៏ល្បីតាមទៅតាមហ្នឹង ដែលធ្វើឲ្យលោកសប្បាយចិត្ត និងកម្លាំងចិត្តក្នុងការលក់ការ៉េម ថែមចម្រៀងនេះតទៅទៀត ។

 ជាចុងក្រោយ អ្នកលក់ការ៉េម ថែមចម្រៀងរូបនេះ បានផ្ដាំផ្ញើទៅមហាជនថា “ខ្ញុំចង់ផ្ដាំផ្ញើទៅដល់ពុកម៉ែ បង ប្អូនដែលគាំទ្រខ្ញុំបាទ គី ស៊ីណេត លក់ការ៉េមកី បើសិនពុកម៉ែបងប្អូនឃើញខ្ញុំនៅតាមដងផ្លូវ ទានអ្ហើយ ជួយទិញការ៉េមខ្ញុំផង! បានតែប៉ុណ្ណឹង អរគុណច្រើនហើយ ហើយខ្ញុំនៅតែប្រើសំឡេងច្រៀងកំដរពុកម៉ែ បងប្អូនស្ដាប់ ពេលមកទិញការ៉េមខ្ញុំ ប៉ុន្តែបើថ្ងៃណាសំឡេងខ្ញុំស្អក សូមកុំប្រកែប្រកាន់អី ព្រោះច្រៀងរាល់ថ្ងៃ ពិតជាស្អកអ៊ីចឹងហើយ ។ យ៉ាងណា ខ្ញុំក៏មានអារម្មណ៍រំភើបរីករាយ និងមានកម្លាំងចិត្តទៅមុខដែរ នៅពេលពុកម៉ែ បងប្អូនសរ សើរថា ខ្ញុំច្រៀងពីរោះ ឬសំឡេងរបស់ខ្ញុំមានទឹកដម ។ ក្នុងចំណុចនេះ ខ្ញុំសុំបញ្ជាក់ដែរថា សិល្បៈចម្រៀង គឺជាដុងនិស្ស័យរបស់ខ្ញុំមានពីកំណើត ហើយក៏ស្រលាញ់ខ្លាំងណាស់ ។ ដូច្នេះក្រៅពីច្រៀងក្នុងពេលលក់ការ៉េមនេះ បើមានផលិតកម្ម ឬក្រុមហ៊ុន ឬម្ចាស់ឧបត្ថម្ភណាផ្ដល់ឱកាសឲ្យខ្ញុំទៅច្រៀងថតជាសំឡេង ខ្ញុំនឹងស្វាគមន៍ទៅចូលរួមដោយក្ដីត្រេកអរ“ ៕ កុលបុត្រ

RELATED ARTICLES