ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់ ក្រោយពីពិនិត្យផ្ទៃពោះដឹងថា ពពោះកូនភ្លោះ ក៏សម្រេចចិត្តមកសម្រាកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យ អស់រយៈពេល១ខែ រហូតដល់គ្រប់ខែ គ្រូពេទ្យជួយវះកាត់សម្រាលបានកូនភ្លោះ៣នាក់ (ប្រុស១ ស្រី២) ប្រកបដោយសុវត្ថិភាព ទាំងម្តាយនិងកូន។

ស្ត្រីដែលសម្រាលបានកូនភ្លោះ៣ មានឈ្មោះស្រី ពេ អាយុ២១ឆ្នាំ មានប្តីឈ្មោះភត្ត្រា អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ ស្ត្រីខាងលើ ត្រូវបានក្រុមគ្រូពេទ្យជំនាញជួយវះកាត់សម្រាលកូនភ្លោះ ដោយជោគជ័យ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

លោកស៊ុយ សុភាព ប្រធានមន្ទីរបង្អែកស្ទឹងត្រែង បានបញ្ជាក់ប្រាប់ថា ស្ត្រីដែលបានសម្រាលភ្លោះ៣ ខាងលើ បានចូលមកសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យរង់ចាំរយៈពេល ១ខែ ដើម្បីថែទាំសុខភាព រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ទើបក្រុមគ្រូពេទ្យបានសម្រាលជូន ដោយវះកាត់បានកូនភ្លោះចំនួន៣នាក់ ក្នុងនោះ កូនស្រីដំបូង ទម្ងន់២គីឡូកន្លះ កូនទី២ ភេទស្រី ទម្ងន់២គីឡូ និងកូនប្រុសទី៣ ទម្ងន់ ២គីឡូ៤ខាំ។ ចំពោះស្ត្រីជាម្តាយមានសុខភាពល្អធម្មតា កំពុងសម្រាកនៅមន្ទីរពេទ្យ ក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ។

តាមសម្តីបុរសជាស្វាមី និងត្រូវជាឪពុកកូនភ្លោះ៣នាក់ ខាងលើ បានរៀបរាប់ប្រាប់ថា ភរិយារបស់គាត់ឈ្មោះស្រី ពេ បានសម្រាលកូន ចំនួន៣ដងមកហើយ ដោយលើកទី១ ដោយធម្មជាតិ លើកទី២ ដោយធម្មជាតិ ចំណែកលើកទី៣ ដោយវះកាត់ ព្រោះជាកូនភ្លោះ៣ ហើយនៅ ពេលដឹងថា កូនក្នុងផ្ទៃជាកូនភ្លោះ គាត់ក៏សម្រេចចិត្តនាំប្រពន្ធមកសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ ជាង១ខែមកហើយ រហូតដល់ថ្ងៃកើត គឺនៅថ្ងៃទី២៧ ខែឧសភា ២០២៤ សម្រាលដោយវះកាត់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងប្រធានមន្ទីរពេទ្យ។

បន្ទាប់ពីទទួលបានព័ត៌មានថា មានស្ត្រីម្នាក់សម្រាលបានកូនភ្លោះ ៣នាក់រួចមក នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញដល់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខស្ត្រីសម្រាលកូនបានកូនខាងលើ ដោយពាំនាំភេសជ្ជៈនិងថវិកាកាកបាទក្រហមកម្ពុជា ចំនួន១លាន៥សែនរៀល និងថវិកាផ្ទាល់ខ្លួន ចំនួន៥០ម៉ឺនរៀល សរុប២លានរៀល ដល់ស្ត្រីដែលបានសម្រាលបានកូនភ្លោះ៣នាក់។

បន្ទាប់មក នៅថ្ងៃដដែលនោះដែរ លោកអភិបាលខេត្ត បានបន្តដំណើរទៅសួរសុខទុក្ខស្ត្រីម្នាក់ទៀត រស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត សម្រាលបានកូនភ្លោះ២នាក់ ស្រីទាំង២នាក់ ដោយនាំយកនូវភេសជ្ជៈ និងថវិការបស់កាកបាទក្រហមកម្ពុជា ចំនួន១លានរៀល និងថវិកាផ្ទាល់ខ្លួន ចំនួន៥០ម៉ឺនរៀល សរុប១លាន៥សែនរៀល ដល់ស្ត្រីដែលសម្រាលបានកូនភ្លោះ២នាក់ ផងដែរ៕
