Saturday, July 19, 2025
Homeព័ត៌មានជាតិសម្តេច​សាយ ឈុំ ចូល​រួមពិធី​បុណ្យ​សព​លោក​ម៉ា សេរី

សម្តេច​សាយ ឈុំ ចូល​រួមពិធី​បុណ្យ​សព​លោក​ម៉ា សេរី

ភ្នំពេញ ៖ សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញចូល រួមពិធីបុណ្យសពលោកម៉ា សេរី ពិធីករ និង ជាប្រធានផ្នែកកីឡា​ជើងចាស់ដ៏ល្បីឈ្មោះ ដែល បានទទួលមរណភាព កាលពីវេលាទៀបភ្លឺថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ និងកំពុងតម្កល់ធ្វើ បុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ផ្ទះលេខ៧០ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចសាយ ឈុំ បានអញ្ជើញទៅគោរព វិញ្ញាណក្ខន្ធ លោកម៉ា សើរ និងចូលរួមរំលែក ទុក្ខគ្រួសារសពលោកម៉ា សេរី ដែលទទួល មរណភាពដោយរោគាពាធក្នុងជន្មាយុ៥៧ឆ្នាំ។

ដោយឡែក កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីទទួលបានដំណឹងមរណ- ភាពរបស់លោកម៉ា សេរី សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសាររំលែកទុក្ខ មួយជូនដល់ភរិយានៃសពលោកម៉ា សេរី។ ជា- មួយនេះ សម្តេចហ៊ុន សែន បានសរសេរនៅ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹក ថ្ងៃដដែលនោះ ថា “ថ្ងៃនេះ ទោះបីខ្ញុំរីករាយ ជាមួយបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តព្រែកប្រា ក៏ដោយ តែខ្ញុំនៅមានទុក្ខជាមួយការបាត់បង់ មិត្តភក្តិ គឺលោកម៉ា សេរី ដែលបានលាចាក លោកនេះ នាព្រឹកមិញនេះ។

ខ្ញុំបានជួបលោកម៉ា សេរី តាមទូរស័ព្ទ បន្ទាប់មក បន្តឆ្លងឆ្លើយគ្នាតាម Line ដែលខ្ញុំ បង្ហាញជូននេះ។ តាមគម្រោង ព្រឹកនេះខ្ញុំនឹងផ្ញើ សារសួរសុខទុក្ខគាត់ទៀត តែមិននឹកស្មានថា ខ្ញុំទទួលសារពីលោកហ៊ុយ វណ្ណៈ ថា លោកម៉ា សេរី ទទួលមរណភាពទៅហើយ។ ខ្ញុំបាត់ដៃគូ ដែលតែងហៅរកសួរនាំពីបញ្ហាកីឡា។ ក្រៅពីសាររំលែកទុក្ខ ខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យថា លាហើយជាមួយទឹកភ្នែក ដើម្បីជូនដំណើរនោះ ឡើយ”។

គួរបញ្ជាក់ថា លោកម៉ា សេរី បច្ចុប្បន្ន ជាប្រធានគ្រប់គ្រងផ្នែកកីឡានៅក្រុមហ៊ុន CBS (ទូរទស្សន៍ CTN CNC MyTV) លោកកើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៦០ ក្នុងត្រកូលកសិករមួយ ស្ថិតក្នុងភូមិខ្នុរ ឃុំ ស្វាយអង្គ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ លោកម៉ា សេរី បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាឈ្មោះសុខ សុខុម និងរួមរស់បង្កើត បានកូនចំនួន៥នាក់ (ប្រុស៣ ស្រី២) និងចៅ ប្រុសស្រីចំនួន៧នាក់។

លោកម៉ា សេរី គឺជាអ្នកផលិតកម្មវិធី កីឡាពោរពេញទៅដោយបទពិសោធន៍ និងត្រូវមហាជន ពិសេសអ្នកស្នេហាវិស័យកីឡានៅ ទូទាំងប្រទេសកម្ពុជា ទទួលស្គាល់ថា លោក មានស្នាដៃធំធេងក្នុងការជំរុញឱ្យវិស័យប្រដាល់ ក្បាច់គុនបុរាណខ្មែរ រស់ឡើងវិញ រហូតមកដល់សព្វថ្ងៃ។ នៅមុនពេលក្លាយជាអ្នកផលិតកម្មវិធីកីឡាដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា កាល ពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ១៩៩៣ លោកម៉ា សេរី ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស ហើយ នៅទសវត្សឆ្នាំ១៩៩០ លោកគឺជាអ្នកបកប្រែ ភាពយន្តថៃ និងបញ្ចូលសំឡេងកម្មវិធីកីឡា នៅស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ (TV5) ហើយលោកបានចូលបម្រើការនៅ ក្រុមហ៊ុន CBS (ទូរទស្សន៍ CTN, CNC, MyTV) តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន។ លោក ម៉ា សេរី បានទទួលមរណភាព កាលពីវេលា ម៉ោង៥និង៥៤នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីអស់លទ្ធភាពនឹងតស៊ូជម្នះ ជាមួយនឹងជំងឺមហារីកថ្លើម អស់រយៈពេល ជាច្រើនឆ្នាំកន្លងមក

RELATED ARTICLES