Monday, February 24, 2025
Homeសង្គម និងជីវិត៧ថ្ងៃ បង្ក្រាបក្មេងទំនើង៦៩ករណី វ៉ៃខ្នោះ២៤១

៧ថ្ងៃ បង្ក្រាបក្មេងទំនើង៦៩ករណី វ៉ៃខ្នោះ២៤១

ភ្នំពេញ ៖ លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ បន្តបង្ក្រាបបានក្មេងទំនើង សរុបចំនួន៦៨ករណី និងឃាត់ខ្លួនសរុបចំនួន២៤១នាក់ បន្ថែមទៀត ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានីខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន។

លោកទូច សុខៈ បានឱ្យដឹងកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ថា ៧ថ្ងៃនេះ កម្លាំងនគរបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តបង្ក្រាបក្រុមក្មេងទំនើង ចំនួន៦៨ ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២៤១នាក់ នៅតាមភូមិសាស្ត្ររាជធានី-ខេត្ត ចំនួន១៣ រួមមាន រាជធានីភ្នំ ពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ កំពង់ស្ពឺ ពោធិ៍សាត់ ព្រៃវែង កោះកុង ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងខេត្តតាកែវ។

លោកទូច សុខៈ បានបន្ថែមថា ការបង្ក្រាបសកម្មភាពក្មេងទំនើង ភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២១ករណី ស្មើនឹង៤៩នាក់ ខេត្តកណ្តាល ចំនួន៥០នាក់ បន្ទាយមានជ័យ ចំនួន៣១នាក់ និងខេត្ត ស្វាយរៀង ចំនួន២៣នាក់។

ចំពោះប្រសិទ្ធភាពនៃការបង្ក្រាប ក្មេងទំនើងយ៉ាងសកម្ម នៅទូទាំងប្រទេសនេះ តើក្រុមក្មេងទំនើងទាំងនោះនឹងប្រឈមមុខវិធានការអ្វីខ្លះ បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់ខ្លួន?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពួកគេនឹងប្រឈមមុខវិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្រាប់ករណីស្រាលៗ។ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

លោកទូច សុខៈ បានបញ្ជាក់ថា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

គួរកត់សម្គាល់ថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តិការរយៈពេល៧ថ្ងៃមកនេះ លោកបណ្ឌិត ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេស្តលើក្រុមក្មេងទំនើង ដែលឃាត់ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថា ជាង៥០ភាគរយ មានសារធាតុញៀនក្នុងខ្លួន។

គួររម្លឹកថា ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ និង២៨ ខែសភា ឆ្នាំ២០២៤ លោកបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តទាំងពីរ និងរាជធានី ខេត្ត ផ្សេងទៀត បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង ដោយភ្ជាប់នឹងការស្រាវជ្រាវឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែឧសភា កន្លងទៅ ពោលគឺ៧ថ្ងៃក្រោយ បន្ទាប់ការចេញបញ្ជាដ៏មុតមាំរបស់សម្តេចនាយករដ្ឋមន្ត្រី សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងសរុបចំនួន៦៥ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២២៣នាក់ កើនខ្ពស់ជិត២ដង ធៀបនឹងកិច្ច ប្រតិបត្តិការកន្លងទៅ៕

RELATED ARTICLES