Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិផ្លូវជាតិលេខ១០ ឆ្លងកាត់៣ខេត្ត សង់ស្ពានខ្ពស់ជាងគេនៅវាលវែង

ផ្លូវជាតិលេខ១០ ឆ្លងកាត់៣ខេត្ត សង់ស្ពានខ្ពស់ជាងគេនៅវាលវែង

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្ត កោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤។

តាមប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ថា «ការងារសម្រេចបាននៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបងពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) នេះ រួមមាន ៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១% ការងារស្ពាន សម្រេចបាន ៩១,១៨% ការងារស្ពានខ្ពស់ជាងគេ ប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤១,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់ សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៩,៨៤%។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់រថា នៅរដូវវស្សានេះ ផ្លូវជាតិលេខ១០ ដែលកំពុងស្ថាបនានេះ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះ នៅជាក្រួស ក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕ ខៀវទុំ

RELATED ARTICLES