Sunday, July 20, 2025
Homeព័ត៌មានជាតិប្រពន្ធ​ស៊ី​ឈ្នួល​លាង​ចាន​ឱ្យ​គេ រក​លុយ​ឱ្យ​ប្តី​ផឹក

ប្រពន្ធ​ស៊ី​ឈ្នួល​លាង​ចាន​ឱ្យ​គេ រក​លុយ​ឱ្យ​ប្តី​ផឹក

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បានត្អូញត្អែរថា គ្រួសារនាងមានជីវភាពទីទ័លក្រស្ទើររកអង្ករ ច្រកឆ្នាំងគ្មាន ខណៈដែលប្តីជាមនុស្សប្រមឹក គិតតែអង្គុយផឹកស៊ីស្រវឹង មិនគិតខ្វល់ជួយធ្វើ ការងាររកស៊ីអ្វីទាំងអស់ ទុកឱ្យនាងដើរស៊ីឈ្នួល លាងចានឱ្យគេចិញ្ចឹមគ្រួសារ ពិសេសរកប្រាក់ សម្រាប់ទុកឱ្យប្តីទិញស្រាផឹក ពុំនោះទេ នាង ច្បាស់ជាត្រូវប្តីវាយធ្វើបាបដល់ស្លាប់ខ្លួនមិនខាន។

ស្ត្រីអភ័ព្វខាងលើ មានឈ្មោះហ៊ាង ចន្តា អាយុ៣៩ឆ្នាំ មុខរបរដើរស៊ីឈ្នួលគេ មានប្តី ឈ្មោះសុខ វិត អាយុ៤២ឆ្នាំ ជាមនុស្សប្រមឹក និងមានកូនក្នុងបន្ទុកចំនួន៣នាក់ (ប្រុស១ ស្រី២) សព្វថ្ងៃរស់នៅភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ។

តាមសម្តីស្ត្រីឈ្មោះហ៊ាង ចន្តា បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងនិងប្តីបានរួមរស់ នឹងគ្នាជាប្តីប្រពន្ធអស់រយៈពេល១៨ឆ្នាំមកហើយ ដោយមិនបានរៀបការអ្វីទាំងអស់។ តាំងពី ចាប់ដៃជាមួយប្តីនេះ មកនាងរស់នៅមិនដែល ស្គាល់សុភមង្គលសោះ ព្រោះតែប្តីហេងស៊យគឺ ជាមនុស្សប្រមឹកផឹកស្រវឹងជាប្រចាំ លើលែង តែពេលដេកលក់ ទើបលែងផឹក និងមិនដែល ចេះជួយការងារផ្ទះ ឬធ្វើការរកស៊ីរកប្រាក់អ្វី មកចិញ្ចឹមគ្រួសារសោះ ដឹងតែផឹកស្រវឹង អូស ដៃប្រពន្ធឡើងគ្រែបំពេញតណ្ហា រហូតបង្កើត បានកូនប្រុសស្រីចំនួន៣នាក់ជាចំណងនិស្ស័យ។

ស្ត្រីអភ័ព្វខាងលើបន្តថា រាល់ថ្ងៃនេះ នាង ត្រូវចេញដើរស៊ីឈ្នួលគេ ដោយគ្មានរើសការងារ អ្វីទាំងអស់ ជួនទៅស៊ីឈ្នួលលាងចានឱ្យគេ ជួនទៅបោកខោអាវឱ្យគេ ជួនដកសណ្តែកប៉ិគួក ដើម្បីរកប្រាក់មកចិញ្ចឹមកូនៗ និងប្តីប្រមឹក។ ពេលខ្លះ នាងស៊ីឈ្នួលគេ គ្រាន់តែដូរអង្ករយក មកដាំបាយហូបប៉ុណ្ណោះ។ ដោយសារតែកូនៗ នៅតូចៗ ហេតុនេះ ទើបនាងត្រូវចេញទៅស៊ី ឈ្នួលគេហើយត្រូវប្រញាប់ត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំដាំបាយទឹកឱ្យកូនៗ និងលោកប្តី ហូប។ ជួនដាំស្លមិនទាន់ចិត្តប្តី ធ្វើឱ្យប្តីខឹងច្រឡោត ស្ទុះមកវាយទាត់ធាក់នាងគ្មានត្រាប្រណីក៏មាន ហើយប្រសិនបើនាងត្រឡប់មកពីស៊ីឈ្នួលគេ វិញ មានប្រាក់សម្រាប់ឱ្យប្តីទិញស្រាផឹកនោះ គឺ មិនអីទេ តែបើគ្មានលុយឱ្យប្តីវិញ ច្បាស់ជាត្រូវ ប្តីប្រមឹកចិត្តកំណាចរូបនេះវាយដំច្រំធាក់នាង មិនខាន។ កន្លងមក នាងធ្លាប់ប្តឹងទៅអាជ្ញាធរ ភូមិឱ្យជួយហៅនាំយកទៅអប់រំជាច្រើនលើក ច្រើនសាដែរ តែប្តីនេះ ខ្លាចរអាតែចំពោះមុខ អាជ្ញាធរប៉ុណ្ណោះ លុះមកដល់ផ្ទះវិញ ខ្លាំងដៃ លើសដើម។

ស្ត្រីឈ្មោះប៉ែន ផល្លា អាយុ៤៨ឆ្នាំ មុខ- របរលក់ផ្លែឈើ តាមជើងភ្នំរាប មានលំនៅ ក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ បានឱ្យដឹងថា ស្ត្រីខាងលើ ពិតជាអភ័ព្វណាស់ មានប្តីនឹងគេដែរ តែប៉ះប្តីស្រវឹងខួប និងចូលចិត្ត ប្រើហិង្សាវាយធ្វើបាបប្រពន្ធគ្មានល្ហែ ចំណែក ស្ត្រីអភ័ព្វរូបនោះ តែងមកស៊ីឈ្នួលលាងចាន ឆ្នាំង បោកគក់ខោអាវឱ្យគេគ្រាន់ដូរបាយចិញ្ចឹម កូនៗ។

ចំណែកបុរសជាប្តី ដែលកំពុងអង្គុយវាយ ព្នែនលើគ្រែ ដោយនៅពីមុខមានដបស្រា និង ចានក្តឹបអំពិលអំបិលម្ទេសផងនោះ បានពោល ទាំងស្រវឹងដាបទាំងព្រឹកថា “គ្រួសារខ្ញុំ ជារឿង របស់ខ្ញុំ ខ្ញុំវាយក៏វាយប្រពន្ធខ្ញុំ មិនបានទៅវាយ ប្រពន្ធអ្នកណាទេ ឯរឿងខ្ញុំផឹកស្រាជារឿង របស់ខ្ញុំ កុំមកចេះដឹង”។

ដោយឡែក ស្ត្រីអភ័ព្វជាប្រពន្ធបានបញ្ជាក់ ថា ពេលខ្លះដោយទ្រាំនឹងប្តីប្រមឹកមិនបាន នាង ចង់សម្លាប់ខ្លួនឱ្យផុតទុក្ខដែរ តែនៅអាណិត កូនតូចៗគ្មានអ្នកមើលថែ ហើយបើចង់រត់គេច ក៏មិនដឹងជារត់ទៅរស់នៅទីណា លុះមុជមិន ជ្រៅទៅមិនឆ្ងាយ ទើបចេះតែទ្រាំរស់រងកម្ម តាមយថាកម្មដើរស៊ីឈ្នួលគេរកប្រាក់ឱ្យប្តីផឹក រហូតមក៕

RELATED ARTICLES