ខេត្តត្បូងឃ្មុំ ៖ ស្ត្រីវ័យចំណាស់ម្នាក់ មិនដឹងដើរជាវង្វេងមកពីណា បានចូលទៅសម្រាកនៅក្នុងរោងចាំឈូក របស់ប្រជាពលរដ្ឋ ១កន្លែង អត់បាយអត់ទឹក លុះប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ នាំលោកយាយទៅស្នាក់នៅវត្ត ជាបណ្តោះអាសន្ន។

លោកយាយដែលវង្វេងផ្ទះ មានសម្បុរសណ្តែកបាយ អាយុប្រហែល៧០ឆ្នាំ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារលោកយាយនិយាយស្តាប់មិនបាន សង្ស័យវង្វេង។
តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីទទួលបាននូវព័ត៌មាន ថាមានលោកយាយម្នាក់ មិនដឹងជាវង្វេងមកពីណា មកដេកសម្រាកនៅក្នុងខ្ទមចាំឈូក កណ្តាលវាលក្តៅហែង លោកនាយប៉ុស្តិ៍រដ្ឋបាលព្រែកអាជី រួមទាំងមន្ត្រីក្រោមឱវាទ និងប្រជាការពារ បានចុះទៅដល់រោងចាំចម្ការឈូកខាងលើភ្លាមៗ បន្ទាប់មកបានដឹកលោកយាយតាមម៉ូតូ យកមកឱ្យស្នាក់នៅជាបណ្តោះអាសន្ននៅវត្តកណ្តាល នៅវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋាន បានបន្តថា ដំបូងប៉ុស្តិ៍បានទទួលព័ត៌មានពីលោកសាញ់ ឡាក់ មេភូមិទី៦ និងលោកអ៊ីវ លីហូវ មេឃុំព្រែកអាជី រាយការណ៍ថា មានប្រជាពលរដ្ឋមិនស្គាល់អត្តសញ្ញាណ សង្ស័យវង្វេង មិនដឹងមកពីស្រុកណាទេ បានមកសម្រាកនៅរោងចម្ការឈូក របស់ឈ្មោះហាន ចាន់ណា ក្រោយភូមិទី៦ ឃុំព្រែកអាជី។ បន្ទាប់ពីទទូលបានដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍ សហការជាមួយប្រជាការពារ បានចុះទៅចំណុចខាងលើ បានជួបលោកយាយ មានអាយុប្រហែល៧០ឆ្នាំ លុះពេលកម្លាំងប៉ុស្តិ៍សួរនាំ លោកយាយនិយាយស្តាប់មិនបានទេ ហាក់ដូចជាវង្វេង។
បច្ចុប្បន្នកម្លាំងនគរបាល និងប្រជាការពារ បាននាំលោកយាយមកឱ្យស្នាក់នៅវត្តកណ្តាល មុខប៉ុស្តិ៍រដ្ឋបាលព្រែកអាជី ជាបណ្តោះអាសន្ន ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ កូនចៅ មកទទួលយក។

សមត្ថកិច្ចបញ្ជាក់ថា លោកយាយខាងលើ និយាយមិនកើត ស្តាប់មិនបាន សង្ស័យគាត់ហេវហត់ដាច់បាយ ក៏បាននាំមកស្នាក់នៅក្នុងបរិវេណវត្ត ដោយរៀបចំកន្លែងសមរម្យ ដាក់កង្ហារ ឱ្យពិសាអាហារ ដើម្បីមានកម្លាំង ក្រែងអាចនិយាយបាន។
ជាមួយនេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបាត់សាច់ញាតិ ឬសមាជិកគ្រួសារ ដែលមានភិនភាគដូចរូបថត សូមមកទំនាក់ទំនងមកប៉ុស្តិ៍រដ្ឋបាលព្រែកអាជី ស្រុកក្រូចឆ្មារ៕