Friday, October 18, 2024
Homeព័ត៌មានជាតិរស់ សារ៉ុម សុំលាបក្សកាន់អំណាច ទៅដឹកនាំគណបក្សខ្មែរសន្តិភាព

រស់ សារ៉ុម សុំលាបក្សកាន់អំណាច ទៅដឹកនាំគណបក្សខ្មែរសន្តិភាព

ភ្នំពេញ ៖ លោក រស់ សារ៉ុម អតីតប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានសម្រេចចិត្តលាលែងចេញពីសមាជិកគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដោយទៅបង្កើតនិងដឹកនាំគណបក្សខ្មែរសន្តិភាព ។ 

យោងតាមពាក្យសុំលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជា គោរពជូនសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃស្រុក ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក រស់ សារ៉ុម អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងកម្មវត្ថុ «សំណើសុំលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជា» បានជម្រាបជូនសម្តេចហ៊ុន សែន ថា “សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស មេត្តាជ្រាបថា ដោយសារខ្ញុំបាទត្រូវជាប់ទៅបំពេញភារកិច្ចថ្មី តាមឆន្ទៈចូលរួមចំណែកបម្រើជាតិនិងប្រជាជនកម្ពុជា ជាតំណាងស្ថាបនិកគណបក្សនយោបាយ ជ្រកក្រោមម្លប់សន្តិភាព របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលមាននិន្នាការស្ដាំនិយម សេរីនិយម និងធានាវឌ្ឍនភាពសង្គម ហើយប្រឆាំងដាច់ខាតនយោបាយជ្រុលនិយម ក្បត់ជាតិគ្រប់ប្រភេទ លើទឹកដីកម្ពុជា ដើម្បីធានាឱ្យកម្ពុជា សម្រេចបានការផ្លាស់ប្តូរជាវិជ្ជាមាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាំកម្ពុជា សំដៅក្លាយជាប្រទេសអ្នកមាន អភិវឌ្ឍគ្រប់ជ្រុងជ្រោយ នៅឆ្នាំ ២០៥០ ។ ដូច្នេះសូមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ ដោយសេចក្ដីអនុគ្រោះ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់ ដែលកន្លងមក រហូតដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត បានខិតខំប្រឹងប្រែងបម្រើជាតិនិងប្រជាជន ដោយស្មោះត្រង់ រហូតប្រទេសជាតិ និងប្រជាជនកម្ពុជា បន្តរីកចម្រើនរឹងមាំលើគ្រប់វិស័យជាលំដាប់ ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋភាគច្រើន ។     

សូមគោរពជូនពរសម្តេចតេជោ ប្រធានគណបក្ស និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ បន្តរួមគ្នាជាធ្លុងមួយ បម្រើជាតិមាតុភូមិ កាន់តែរីកចម្រើនរុងរឿងថែមទៀតជានិរន្តរ៍ ។

សូមសម្តេចតេជោ ប្រធានគណបក្ស ទទួលនូវការគោរពដ៏ស្មោះស្ម័គ្រពីខ្ញុំ“ ។

បន្ថែមលើលិខិតស្នើសុំលាលែងពីសមាជិកគណបក្សប្រជាជនកម្ពុជា ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ថា លោកលាឈប់ពីគណបក្សកាន់អំណាច គឺដើម្បីទៅដឹកនាំគណបក្សបង្កើតថ្មី ដែលមានឈ្មោះថា គណបក្សខ្មែរសន្តិភាព ដែលនឹងត្រូវរៀបចំសុំចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះ ហើយគណបក្សខ្មែរសន្តិភាព នេះ មិនមែនជាគណបក្សប្រឆាំងទេ តែជាគណបក្សប្រជែងអំណាចដោយសន្តិវិធី ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ខ្ញុំបានដាក់ផ្លូវការ លាលែងពីគណបក្សប្រជាជន ហើយ ហើយអ្វីដែលយើងខ្ញុំកំពុងតែរៀបចំធ្វើ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទនឹងជាតំណាងស្ថាបនិកគណបក្សនយោបាយថ្មីមួយ ។ អ៊ីចឹងការបង្កើតនេះ យើងមិនមានការចូលរួមជាមួយអ្នកណាទេ ប៉ុន្តែជាកម្លាំងនយោបាយមួយ ដែលមានស្រាប់ ហើយរៀបចំនិងចូលរួមនៅក្នុងការធ្វើនយោបាយឆ្ពោះទៅរកការបោះឆ្នោត នាពេលខាងមុខ ។ ចំពោះឈ្មោះគណបក្សនយោបាយថ្មី ដែលរៀបចំនិងប្រសូតឡើងនេះ ឈ្មោះថា គណបក្សខ្មែរសន្តិភាព ។ អ៊ីចឹងគណបក្សនេះ មានគោលការណ៍រួមធំ ៩ចំណុច ដែលនឹងមានចែងនៅក្នុងលក្ខន្តិកៈរបស់បក្សហ្នឹង គឺយើងមានគោលនយោបាយ ៥ចំណុច ប៉ុន្តែគ្រាន់តែថា សរុបជារួម ទាំងកម្មវិធីនយោបាយ អ្វីៗផ្សេងៗ គឺខ្ញុំសុំសង្ខេបចំនួនធំៗ ៩ចំណុចនេះ គឺទី១ គឺយើងធ្វើនយោបាយជ្រកក្រោមម្លប់សន្តិភាព របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ។ ទី២ យើងចូលរួមការពារឯករាជ្យ អធិបតេយ្យជាតិ ជាមួយគ្នា គ្រប់គណបក្សដែលមាននិន្នាការនយោបាយប្រហាក់ប្រហែលគ្នា ចូលរួមជួយគ្នាទៅវិញទៅមក ធ្វើម៉េចធានាលំនឹងនៃការអភិវឌ្ឍជាតិរបស់យើង ឆ្ពោះទៅការក្លាយជាជាតិមួយដ៏រឹងមាំ ប្រជាជនមានជីវភាពធូរធារ ។ ហើយចំណុចទី៣ គឺយើងប្រឆាំងដាច់នយោបាយជ្រុលនិយមគ្រប់រូបភាព មិនថាឆ្វេង មិនថាស្ដាំ មិនថាកណ្ដាលទេ គឺឲ្យតែជ្រុលនិយម គឺជាសត្រូវ ក្លាយទៅជាគោលដៅនៃការវាយបករបស់គណបក្សខ្មែរសន្តិភាពហើយ ។ ហើយចំណុចទី៤ គណបក្សខ្មែរសន្តិភាពនេះ គឺប្រមូលនូវការចូលរួមរបស់មហាជនទូទៅ មិនរើសអើងអតីតកាលទេ គាត់ធ្លាប់មានជីវភាពនយោបាយនៅបក្សមួយណាទេ តែឲ្យតែគាត់មានបំណងនៅក្នុងការចូលរួមការពារនូវសន្តិភាព សមធម៌ និងការអភិវឌ្ឍ វឌ្ឍនភាពសង្គមរបស់យើងហ្នឹង គឺយើងអាចចូលរួមធ្វើជាមួយគ្នា ហើយធានានូវការប្រកួតប្រជែងមួយ ជាមួយគណបក្សកាន់អំណាចក្ដី គណបក្សប្រឆាំងក្ដី គឺយើងមានការប្រកួតប្រជែងដោយសេរីត្រឹមត្រូវ ហើយយុត្តិធម៌ តាមរយៈការបោះឆ្នោត ។ ហើយចំណុចទី៥ គឺពាក់ព័ន្ធជាមួយនឹងគោលនយោបាយការបរទេស គឺយើងធ្វើជាលក្ខណៈមួយមិនចាក់ខ្សែទេ ប៉ុន្តែស្ថិតនៅលើភាពជាក់ស្ដែងនិយម មានន័យថា ភូមិសាស្រ្តនយោបាយពិភពលោកយ៉ាងម៉េច យើងអាចទប់ខ្លួនរបស់យើងបានយ៉ាងម៉េច អាហ្នឹងយើងធ្វើតាមការជាក់ស្ដែង ។ ហើយចំណុចទី៦ គឺប្រជារាស្រ្តខ្មែរ ដែលជាជនជាតិខ្មែរ មិនថារស់នៅទីណាទេ ឲ្យតែមានឈាមជ័រជាខ្មែរ សុទ្ធតែមានសិទ្ធិ ហើយនិងការធានាពីរដ្ឋធម្មនុញ្ញរបស់យើង ហើយរួមទាំងមានសិទ្ធិនៅក្នុងការចូលរួមបោះឆ្នោត គ្រប់ទីកន្លែងទាំងអស់មានសិទ្ធិចូលរួមការបោះឆ្នោត ដូចប្រទេសសេរីដែលគេធ្វើដែរ អ៊ីចឹងយើងផ្ដោតសំខាន់អ៊ីចឹង ។ ហើយចំណុចទី៧ គឺពាក់ព័ន្ធជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចហ្នឹង គឺយើងផ្ដោតសំខាន់ទៅលើការបញ្ចុះអត្រាការប្រាក់របស់ធនាគារឲ្យបានទាបបំផុត មានន័យថា ពិភពលោកគេតែ ៤% ឬក៏៣% យើងប្រទេសកំពុងអភិវឌ្ឍនេះ បច្ចុប្បន្នយើង ១៥% ហើយ ។ អ៊ីចឹងយើងគិតថា ៧ ឬក៏ ៨% ក្នុង១ឆ្នាំ វាដូចជាសមរម្យសម្រាប់ជីវភាពប្រជារាស្រ្តខ្មែរ ស័ក្ដិសមនឹងការជួយជ្រោមជ្រែងនូវសហគ្រាសធុនតូច មធ្យម ដែលកំពុងតែជួបការលំបាកនៅពេលបច្ចុប្បន្ននេះ គឺអាចមានលទ្ធភាពក្នុងការងើប ។ ហើយចំណុចទី៨ គឺគណបក្សខ្មែរសន្តិភាព គឺអាចចងសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយណាដែលមាននិន្នាការប្រហាក់ប្រហែលគ្នា ។ ហើយចំណុចទី៩ គឺគណបក្សខ្មែរសន្តិភាព មិនមែនជាគណបក្សប្រឆាំងទេ តែជាគណបក្សប្រជែងអំណាចដោយសន្តិវិធី“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “តាមការរៀបចំ នៅក្នុងថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ គឺលិខិតនឹងទៅដល់ក្រសួងមហាផ្ទៃ ហើយ ។ មានន័យថា ការផ្ដិតមេដៃ ការស្អីៗផ្សេងៗហ្នឹង គឺបានបញ្ចប់រួចរាល់អស់ហើយ បានប្រមូលគ្រប់ចំនួនហើយ ។ ចំពោះក្រសួងមហាផ្ទៃ អនុញ្ញាតឬមិនអនុញ្ញាត ខ្ញុំយល់ថា ដូចជាមិនជាឧបសគ្គអីទេ ដោយសារទី១ យើងគោរពតាមច្បាប់ស្ដីពីគណបក្សនយោបាយ អាហ្នឹងចំណុចទី១ ។ ទី២ រដ្ឋបាលឃុំ-សង្កាត់ ក៏បញ្ជាក់ទីតាំងឲ្យហើយ ។ អ៊ីចឹងមេដៃក៏គ្រប់ ហើយឯកសារអីក៏វាគ្រប់អស់ហើយ អ៊ីចឹងដូចជាមិនមានអ្វីត្រូវបដិសេធទេ ។ អ៊ីចឹងខ្ញុំយល់ឃើញថា ទស្សនៈនយោបាយរបស់គណបក្សខ្មែរសន្តិភាព ក៏វាមិនខុសឆ្ងាយអីពីគណបក្សប្រជាជន ដែរ អ៊ីចឹងបើគណបក្សខ្មែរសន្តិភាព មានគោលនយោបាយមួយត្រឹមត្រូវជួយជាតិ ហើយគណបក្សកាន់អំណាច ទប់ស្កាត់ដំណើរការនៃគណបក្សខ្មែរសន្តិភាព មានន័យថា តើអ្វីជាចេតនារបស់គណបក្សកាន់អំណាច ពិតប្រាកដ? អ៊ីចឹងខ្ញុំយល់ថា វាមិនមែនជាឧបសគ្គទេ ពីព្រោះដំណើរគណបក្សខ្មែរសន្តិភាព គឺយើងឆ្ពោះទៅការប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ម្យ៉ាងទៀត បើនិយាយពីការរៀបចំ វាមិនដល់ ២សប្ដាហ៍ផង អ៊ីចឹងដូចខ្ញុំបញ្ជាក់ថា អុស ហើយនិងចង្រ្កានបាយ អង្ករវាសុទ្ធតែមានហើយ ។ អ៊ីចឹងវាដូចជាមិនពិបាកទេ ប៉ុន្តែគ្រាន់តែថា អ្វីៗដែលយើងខ្ញុំរៀបចំធ្វើនេះ វាមិនមែនទើបតែចាប់ផ្ដើមនេះទេ វាយូរមកហើយ ក៏ប៉ុន្តែគ្រាន់តែថា ការចាប់ផ្ដើមនៅក្នុងការសម្រេចចិត្តនយោបាយមួយថា យើងនឹងឆ្ពោះទៅការចូលរួមបម្រើជាតិទាំងអស់គ្នានោះ គឺទើបតែអំឡុងពេល ២សប្ដាហ៍នេះទេ ហើយយើងបានសម្រេចចិត្តជារួមបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យ ។ ដូច្នេះរឿងលេចរូបរាងឡើងនៃគណបក្សខ្មែរសន្តិភាព មានកត្តាពីរ ។ កត្តាទី១ ខ្ញុំជឿថា ក្នុងរយៈពេល ១៥ថ្ងៃ នៃច្បាប់ គឺត្រូវតែអនុញ្ញាតឲ្យបង្កើត អ៊ីចឹងយើងដល់ដំណាក់កាលប្រមូលមេដៃ អ៊ីចឹងសម្រាប់គណបក្សខ្មែរសន្តិភាព មេដៃគាំទ្រ ៤ពាន់នាក់ ដូចជាមិនជួបឧបសគ្គអីទេ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្ថែមថា “បាទ! ខ្ញុំសូមផ្ញើសារទៅកាន់ប្រជាជាតិទាំងមូល រួមទាំងអ្នកនយោបាយបន្តវេន និន្នាការនយោបាយ ។ អ៊ីចឹងគណបក្សខ្មែរសន្តិភាព បង្កើតឡើងនេះ គឺមិនមែនដើម្បីទៅបំបែកបំបាក់ ឬមួយក៏ទៅបំផ្លាញអ្នកណាទេ ។ អ៊ីចឹងគណបក្សខ្មែរសន្តិភាពមានគោលនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ។ អ៊ីចឹងគ្រប់ប្រជារាស្រ្តខ្មែរទាំងអស់ ដែលមានបំណងចូលរួមក្នុងជីវភាពនយោបាយ គណបក្សខ្មែរសន្តិភាព មិនប្រកាន់អតីតកាលទេ មិនប្រកាន់ពីពូជសាសន៍ ឬក៏សាសនាអីទេ ឲ្យតែមានទស្សនៈដូចគ្នា យើងអាចចូលរួមពិធីសម្បថជាមួយគ្នាបាន ចូលរួមបម្រើជាតិទាំងអស់គ្នា ពីព្រោះគណបក្សខ្មែរសន្តិភាព មានពិធីសច្ចាប្រណិធានសម្រាប់សមាជិកទាំងអស់ ដែលជាសកម្មជននៅក្នុងបក្ស គឺសុទ្ធតែមានកម្មវិធីសច្ចាប្រណិធានមួយស្មោះត្រង់ចំពោះប្រទេសជាតិរបស់ខ្លួនឯង ។ អ៊ីចឹងយើងអាចចូលរួមបម្រើជាតិជាមួយគ្នាបាន“ ។

ដោយឡែក មកដល់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ លោករស់ សារ៉ុម បានប្រកាសថា លោកបានដាក់លិខិតជាផ្លូវការ ស្ដីពីការស្នើសុំបង្កើតគណបក្សខ្មែរសន្តិភាព ទៅក្រសួងមហាផ្ទៃ រួចរាល់ហើយ ៕

RELATED ARTICLES