Friday, October 18, 2024
Homeព័ត៌មានជាតិបុណ្យមហាផ្កាប្រាក់សាមគ្គី សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ  លើកំពូលភ្នំបូកគោ

បុណ្យមហាផ្កាប្រាក់សាមគ្គី សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ  លើកំពូលភ្នំបូកគោ

ខេត្តកំពតៈ នៅលើកំពូលភ្នំបូកគោ ខេត្តកំពត ដែលមានកម្ពស់ ១០៧៥ម៉ែត្រ ក្រុមវិស្វករជំនាញ បាននិងកំពុងមមាញឹកសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ តាមការបញ្ជាក់ពីក្រុមវិស្វករជំនាញ ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ គឺមានកម្ពស់ខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

ក្រោមគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ។

ប៉ុន្តែដើម្បីផ្តល់ឱកាសដល់ពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេស ដែលមានបំណង និងមានសទ្ធាជ្រះថ្លា ហើយចង់ភ្ជាប់និស្ស័យជាមួយការកសាងព្រះពុទ្ធប្បដិមា ដើម្បីទទួលបានមគ្គផល កុសលផលបុណ្យនោះ អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានមូលមតិគ្នាផ្តើមធ្វើបុណ្យមហាផ្កាប្រាក់សាមគ្គី ដែលនឹងត្រូវប្រារព្ធធ្វើទ្បើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប។ ដូច្នេះពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លា និងចង់ភ្ជាប់និស្ស័យនឹងព្រះពុទ្ធសាសនា សំខាន់ចង់ភ្ជាប់និស្ស័យនឹងការកសាងព្រះពុទ្ធប្បដិមាដ៏ធំលើកំពូលភ្នំបូកគោនោះ អាចអញ្ជើញចូលរួមក្នុងពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីខាងលើ ដោយក្តីសោមនស្សរីករាយ។

ទន្ទឹមនោះ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ក្រុមហ៊ុនសុខាអូតែល ក៏មានរៀបចំស្តង់លក់ទំនិញ អាហារ ភេសជ្ជៈ និងមានកម្មវិធីសម្តែងល្ខោនស្បែកតូច ល្ខោនស្បែកធំដែលជាបេតិកភណ្ឌពិភពលោក ដែលសម្តែងដោយក្រុមសិល្បៈវត្តរាជបូណ៌ ខេត្តសៀមរាប ផងដែរ។ ជាងនេះទៀត ក្រុមហ៊ុនសុខាអូតែល នឹងមានការរៀបចំតម្លៃពិសេសសម្រាប់បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារសុខាលំដាប់ផ្កាយ ៥ ដើម្បីផ្តល់ឱកាសដល់ពុទ្ធបរិស័ទដែលចូលរួមក្នុងពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី រួមទាំងភ្ញៀវទេសចរបានស្នាក់នៅផងដែរ។

ផ្តើមពីនោះ ក្រុមហ៊ុនក៏សូមអំពាវនាវដល់ពុទ្ធបរិស័ទ ភ្ញៀវទេសចរទាំងអស់អញ្ជើញទៅទស្សនាអង្គរវត្ត ខេត្តសៀមរាប និងចូលរួមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីទទួលយកនូវផលានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕

RELATED ARTICLES