ភ្នំពេញ ៖ ក្រោយបែកធ្លាយរឿងអាស្រូវ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តកំពង់ឆ្នាំង ចុះនិយាយបំភ័យរឿងលក់ទំនិញអត់ពន្ធ និងប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូប នៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗ និងត្រូវបានអ្នកសារព័ត៌មានចុះផ្សាយព្រោងព្រាត រហូតដល់មន្ត្រី ក.ប.ប ទាំងនោះបានយកលុយមកប្រគល់ឱ្យអាជីវករវិញរួចមក ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រី ក.ប.ប ខេត្តកំពង់ឆ្នាំង ទាំង៥រូបនោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីភាពមិនប្រក្រតីនៃការអនុវត្តតួនាទីនិងការកិច្ចរបស់មន្ត្រី ក.ប.ប ខេត្តកំពង់ឆ្នាំង។ ពាក់ព័ន្ធនឹង ករណីនេះ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប ខេត្តកំពង់ឆ្នាំង ចំនួន៥រូប បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារ មន្ត្រី ក.ប.ប បានរកឃើញទីតាំងលក់ទំនិញ ៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាង មិនអនុលោមតាមបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែនៅពេលអនុវត្តការងារ មន្ត្រីទាំង៥រូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីនៃការពិន័យអន្តការណ៍ ដែលជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន។
ក្នុងករណីនេះ ក្រសួងពាណិជ្ជកម្ម បានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរ៉ឹងនិងធ្ងន់ធ្ងរចំពោះមន្ត្រី ទាំង៥រូប ស្របតាមបញ្ញត្តិនៃច្បាប់ និងតាមទោសកំហុសដែលបានប្រព្រឹត្ត។
ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាតនិងអនុវត្តយ៉ាងហ្នឹងម៉ាត់តាមអភិក្រម “ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់” ដោយមិនឱ្យមន្ត្រីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ ឆ្លៀតឱកាសកេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួល សេវាក្នុងវិស័យពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម សូមជម្រាបសាធារណជនឱ្យបានជ្រាបផងដែរថា ការចុះបំពេញការកិច្ចរបស់មន្ត្រី ក.ប.ប គឺជាការបំពេញកាតព្វកិច្ចតាមច្បាប់ ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូចឬគ្មានគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា សំដៅការពារសុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាព ឬអំពើទាំងឡាយដែលមិនសុចរិតក្នុងធុរកិច្ចធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់។
ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ពាណិជ្ជករ អាជីវករ ទាំងអស់ សូមបន្តប្រកបអាជីវកម្មរបស់ខ្លួនជាធម្មតា ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។ ប្រសិនបើមានមន្ត្រីឬបុគ្គលណាចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកិបកេងយកផល ប្រយោជន៍ផ្ទាល់ខ្លួន ឬមានចម្ងល់ពាក់ព័ន្ធនឹងការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រីក្រសួងពាណិជ្ជកម្ម សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់ក្រសួងពាណិ ជ្ជកម្ម ឬអគ្គនាយកដ្ឋាន ក.ប.ប ដោយមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១២៦៦ (MoC Call Center 1266) CCF Complaint App ដូចមានជូនភ្ជាប់នៅខាងក្រោមៗ…។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ មានមន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះទៅកាន់ផ្សាររមាស ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យលើមុខទំនិញនិងចំណីអាហារដែលដាក់តាំងលក់ខូចគុណភាព និងហួសកាល បរិច្ឆេទប្រើប្រាស់។ ប៉ុន្តែមន្ត្រីដែលចុះទៅនោះ បែរជានិយាយបំភ័យក្រុមអាជីវករថា ពួកគាត់ដាក់លក់ទំនិញអត់ពន្ធ និងត្រូវផាកពិន័យចំនួនច្រើន ធ្វើឱ្យក្រុមអាជីវករមានការភិតភ័យខ្លាចគេរឹបអូសអីវ៉ាន់ ដូចរឿងទូរស័ព្ទ នៅខេត្តត្បូងឃ្មុំ ក៏នាំគ្នាសុំសម្រួលបង់លុយ ដោយតូបទី១ បង់ចំនួន ៧០ម៉ឺនរៀល តូបទី២ បង់ចំនួន ៥០ម៉ឺនរៀល និងតូបទី៣ បង់ចំនួន ១៥ម៉ឺនរៀល។ ក្រោយពីទទួលបានលុយចំនួន ១ ៣៥០ ០០០រៀល ហើយនោះ ក្រុមមន្ត្រីទាំងនោះ បាននាំគ្នាចាកចេញទៅបាត់អស់ទៅ។ ហើយភ្លាមៗ នោះ ក្រុមអាជីវករនៅក្នុងផ្សាររមាសទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបាននាំគ្នាប្រញាប់ប្រញាល់រើអីវ៉ាន់ បិទតូបស្ងាត់ឈឹងតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីអាជ្ញាធរស្រុកទឹកផុស បានចុះទៅផ្សព្វ ផ្សាយ និងពន្យល់ដល់ក្រុមអាជីវករ កុំឱ្យមានការព្រួយបារម្ភ ទើបក្រុមអាជីវករ ហ៊ានបើកតូបរៀបចំអីវ៉ាន់ចូលលក់ដូរជាធម្មតាឡើងវិញ។
ប្រភពពីមន្ត្រីអាជ្ញាធរស្រុកទឹកផុស បានឱ្យដឹងថា ក្រោយពីមានការបែកធ្លាយព័ត៌មានមិនប្រក្រតីនេះ តាមបណ្តាញសង្គម និងមានសារព័ត៌មានជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់មកនោះ នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប ក៏បានយកលុយនោះមកប្រគល់ឱ្យ មន្ត្រីអាជ្ញាធរស្រុក ហើយនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីអាជ្ញាធរស្រុក បានយកទៅប្រគល់ជូនក្រុមអាជីវករវិញគ្រប់ចំនួន ដោយមិនបាត់១រៀលឡើយ៕