ខេត្តបន្ទាយមានជ័យ ៖ ក្នុងរយៈពេល ១ខែ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរ ដែលចំណាកស្រុកដោយខុសច្បាប់ ឱ្យត្រឡប់មកស្រុកវិញ ជិត១ពាន់នាក់ និងសពពលករចំនួន១៣សព តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា នៅអំឡុងខែឧសភា ឆ្នាំ២០២៤ រយៈពេល១ខែ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរដែលចំណាក់ស្រុកដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន៣៧លើក ដែលមានចំនួន ៩៩៦នាក់ ក្នុងនោះមានស្រី៣៣២នាក់ និងកុមារ ១១៨នាក់ ដែលទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកវ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា ដោយឡែកអាជ្ញាធរថៃ បានបញ្ជូនសពពលករខ្មែរ ចំនួន១៣សព ដែលអាជ្ញាធរកម្ពុជា ទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកវ៉ាន់ ដារ៉ាន់ បានបន្ថែមថា ពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រយៈពេល១ខែ ជិត១ពាន់នាក់ ដែលជាពលករខ្មែរ ធ្វើចំណាកស្រុកដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ។ ចំណែកសពពលករដែលអាជ្ញាធរថៃ បញ្ជូនមក ទាំង១៣សព ក្នុងនោះមាន ១២សព ជាពលករខ្មែរដែលស្លាប់ដោយជំងឺ និងសព១ទៀត គ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេង ដែលបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយប្រគល់ជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕





