Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិសម្ដេចហ៊ុន សែន ថាម៉ាឡេស៊ី ទិញអង្ករកម្ពុជា ជួយដល់កសិករកម្ពុជា

សម្ដេចហ៊ុន សែន ថាម៉ាឡេស៊ី ទិញអង្ករកម្ពុជា ជួយដល់កសិករកម្ពុជា

ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការទិញអង្ករពីកម្ពុជា របស់ម៉ាឡេស៊ី គឺជួយដល់កសិករកម្ពុជា ឲ្យខិតខំដាំដុះបន្ថែមទៀត និងធានាដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ផងដែរ ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត រវាងកម្ពុជា-ម៉ាឡេស៊ី ដែលការដឹកជញ្ជូនទំនិញតាមផ្លូវទឹក រវាងប្រទេសទាំពីរ ផ្ដល់ភាពងាយស្រួល ដោយសារកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ី នៅជិតគ្នាណាស់។

សម្តេចហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យលោក សាហារូដឌីន ប៊ីន អន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់លោក ឯកអគ្គរាជទូតម៉ាឡេស៊ី និងសហការី និងបានអបអរសាទរដល់លោក សាហារូដឌីន ប៊ីន អន  ដែលទទួលបានការតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច សង្ឃឹមថា លោកឯកអគ្គរាជទូត នឹងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ សម្ដេច ក៏សូមសម្ដែងនូវការចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Datuk Mutang Tagal អតីតប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ ។ សម្តេចប្រធាន ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់លោកអាន់វ៉ារ អ៊ីប្រាហ៊ីម  (Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកម្ពុជា កាលពីដើមឆ្នាំ២០២៣ និងបានអញ្ជើញសម្តេច ទៅទស្សនកិច្ចនៅម៉ាឡេស៊ី វិញនាពេលនោះ។ បើទោះបីជាសម្តេច ពុំបានឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយសារកត្តាពេលវេលា ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ដែលជាការបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី មិនដាច់រយៈ ដោយបន្តពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។

លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានថ្លែងអំណរគុណសម្តេចហ៊ុន សែន ដែលបានផ្តល់កិត្តិយសនិងពេលវេលាដ៏មានតម្លៃដល់លោកនិងសហការី។ លោកក៏បានអបអរសាទរចំពោះ សម្ដេច ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ លោកបានលើកឡើងថា សម្ដេច ហ៊ុន សែន បានសម្រេចនូវសមិទ្ធផលដ៏ធំធេង ជាពិសេសសុខ សន្តិភាព និងជាអ្នកប្រែក្លាយប្រទេសកម្ពុជា ពីភាពដុនដាប មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្ត បន្ទាប់។ លោកបានបន្តថា ការផ្លាស់ប្តូរអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺប្រើរយៈពេលខ្លីណាស់ ដោយគ្រាន់តែអគ្គរាជទូតចាស់ ចេញផុតភ្លាម អគ្គរាជទូតថ្មី ក៏បានមកដល់ និងចាប់ផ្តើមធ្វើការភ្លាម ដោយសារតែប្រទេសម៉ាឡេស៊ី បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអគ្គរាជទូត បានបង្ហាញនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងប្តេជ្ញាពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាជាពិ សេសបន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចហ៊ុន ម៉ាណែត ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ កន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។ លោកឯកអគ្គរាជទូត  ក៏បានបញ្ជាក់ជូនសម្តេចហ៊ុន សែន បន្ថែមផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច និងរវាងប្រជាជននៃប្រទេសទាំងពីរ គឺមានការរីកចម្រើនល្អប្រសើរ និងត្រូវតែពង្រឹងបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងមោទនភាព ដែលក្នុងរយៈពេលនៃការដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានចូលរួមកសាង និងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រហូតបានក្លាយជាមូលដ្ឋានសម្រាប់ការបន្តជំរុញកិច្ចសហប្រតិបត្តិការដល់ថ្នាក់ដឹកនាំជំនាន់ថ្មី ក៏ដូចជាអ្នកន យោបាយនៅក្នុងប្រទេសម៉ាឡេស៊ី ផងដែរ។ សម្តេច មានប្រសាសន៍បន្ថែមថា សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀត បានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅ ក្នុងព្រឹទ្ធសភា និងរដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយ ដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង។

សម្តេចប្រធាន ពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជា ដែលជួយដល់កសិករកម្ពុជា ខិតខំដាំដុះបន្ថែមទៀត និងដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត។ សម្ដេច បានចាត់ទុកថា ការដឹកទំនិញតាមផ្លូវទឹករវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ី នៅជិតគ្នាណាស់ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។

កាលពីខែមីនា ឆ្នាំ២០២៣ សម្តេច និងលោកអាន់វ៉ារ អ៊ីប្រាហ៊ីម  នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាពីការត ភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រ ដែលឆ្លងកាត់បាតសមុទ្រម៉ាឡេស៊ី ដើម្បីបញ្ជូនអគ្គិសនីពីកម្ពុជា ទៅសិង្ហបុរី។ ដូច្នេះកម្ពុជា និងម៉ាឡេស៊ី នឹងមានការតភ្ជាប់ការដឹកជញ្ជូន ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ថាមពល ដើម្បីធានាសន្តិសុខថាមពល ដល់ម៉ាឡេស៊ី ផង និងអាស៊ានផង។ ម៉ាឡេស៊ី ទិញអង្ករពីកម្ពុជា បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងធានាសន្តិសុខស្បៀងម៉ាឡេស៊ី ហើយកម្ពុជា ក៏ទិញប្រេងដូងពីម៉ាឡេស៊ី វិញ នេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។

ទាក់ទងទៅនឹងឧស្សាហកម្មម្ហូបហាឡាល់ សម្ដេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ យើងពុំទាន់ជោគជ័យនៅឡើយទេ ហើយថ្មីៗនេះក្នុងឱកាសបំពេញទស្សនកិច្ចរបស់សម្ដេចហ៊ុន ម៉ាណែត ទៅម៉ាឡេស៊ី ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពឱ្យក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជំរុញការផលិតម្ហូបអាហារហាឡាល់នេះ ដោយសហការជាមួយវិស័យឯកជន។ សម្តេច បានបន្ថែមថា កម្ពុជា មានសក្តានុពលក្នុងវិស័យនេះ ហើយម៉ាឡេស៊ី ក៏ចង់ជួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញអាហារហាឡាល់នេះ ទៅក្រៅប្រទេស ដូចនេះហើយ សម្តេច ពិតជាចង់ឃើញគម្រោងនេះសម្រេចជោគជ័យជាក់ស្តែង នាពេលខាងមុខដ៏ខ្លី។

សម្ដេចហ៊ុន សែន បានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង។ ឆ្នាំនេះកម្ពុជា សង្ឃឹមថាកំណើនសេដ្ឋកិច្ច អាចនឹងឈានដល់ ៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេច បានស្នើឱ្យលោកឯកអគ្គរាជទូតម៉ាឡេស៊ី បន្តការខិតខំពង្រឹងបន្ថែមទៀត ជាពិ សេសការសម្រេចឱ្យបាននូវឧស្សាហកម្មម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។

សម្ដេចបានផ្ដល់អនុសាសន៍ថា កម្ពុជា បានផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជា ផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ី ដែលខ្វះពលកម្មនោះផង។

សម្ដេចហ៊ុន ដែន និងលោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំនិងស្មុគស្មាញសម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ី ដែលធ្វើជាប្រធានអាស៊ាន នៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈិមបូព៌ា សម្ដេច និងលោកឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែមានគោលជំហរដដែល គឺបញ្ហានៅមជ្ឈិមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស។

នៅក្នុងឱកាសនោះផងដែរ លោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានស្នើសុំអញ្ជើញសម្ដេចហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ហើយសម្ដេច បានឆ្លើយតបថា សម្តេច ទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយនឹងរកពេលវេលាសមស្របណាមួយនៅពេលខាងមុខ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ។

ជាទីបញ្ចប់ សម្តេចហ៊ុន សែន បានជូនពរលោកអគ្គរាជទូត និងមន្រ្តីស្ថានទូតម៉ាឡេស៊ី ទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច នៃបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕ ខៀវទុំ

RELATED ARTICLES