Friday, October 18, 2024
Homeព័ត៌មានជាតិបើកការដ្ឋានព្រែកជីក បក្សកាន់អំពាចថា មោទនភាពជាតិខ្មែរ តែសម រង្ស៊ី អាម៉ាស់ 

បើកការដ្ឋានព្រែកជីក បក្សកាន់អំពាចថា មោទនភាពជាតិខ្មែរ តែសម រង្ស៊ី អាម៉ាស់ 

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាមោទនភាពជាតិខ្មែរ តែជារឿងអាម៉ាស់របស់ពួកប្រឆាំង ជាពិសេសសម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ក្បត់ជាតិ ៣ជំនាន់ ដែលស្រែកប្រឆាំងគម្រោងព្រែកជីកនេះ ពីក្រៅប្រទេស។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថា មោទនភាព មានន័យថា យើងបានសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ដែលគិតគូរហើយ ធ្វើចេញជាសមិទ្ធផលកើតឡើង ដែលមើលឃើញផ្ទាល់នឹងភ្នែកនេះឯង ហើយមោទនភាពនេះហើយ ដែលធ្វើឲ្យពួកប្រឆាំងមានការខកចិត្ត បាក់មុខបាក់មាត់ ឬវាជាក្ដីអាម៉ាស់របស់ពួកប្រឆាំង ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលរារាំង ធ្វើជាឧបសគ្គមិនចង់ឲ្យសមិទ្ធផលជាប្រវត្តិសាស្រ្តនេះកើតឡើង ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “មោទនភាពហ្នឹង មានន័យថា យើងបានសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលរបស់យើង ដែលលោកគិតគូរហើយ ធ្វើចេញជាសមិទ្ធផលកើតឡើង ដែលខ្ញុំមើលឃើញផ្ទាល់នឹងភ្នែកនេះឯង ។ អានេះហើយជាមោទនភាព ពីព្រោះព្រែកជីកនេះ គឺថាជាព្រែកជីកប្រវត្តិសាស្រ្ត វាមានន័យ អត្ថន័យអ៊ីចឹង គឺថាវាមានន័យធំធេងណាស់ ។ អ៊ីចឹងទេ មោនទភាព ក៏មោទនភាពធំធេងដែរ សម្រាប់ប្រជាជាតិកម្ពុជាយើងទាំងមូល ។ អាហ្នឹងជាការពិតហើយ គឺថាយើងចេញជាសមិទ្ធផលដ៏ធំធេង ហើយយើងធ្វើបាន ហើយដែលទាំងបរទេស ទាំងខ្មែរប្រឆាំងមួយចំនួន នឹកស្មានមិនដល់ ដោយសារគេយល់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចធ្វើបានហ្នឹងឯង ពីព្រោះវាជាសមិទ្ធផលធំហួសពីការគិត ហួសពីការស្មានរបស់ជនមួយចំនួន ។ ដល់យើងធ្វើបាន ចេញជាលទ្ធផល ពេលបើកការដ្ឋានហ្នឹង យើងឃើញហើយ បន្ទាប់ពីការដ្ឋានមក ដំណើរការសាងសង់តាមគោលការណ៍ តាមប្លង់មេអីដាក់មកអ៊ីចឹង គឺថាយើងវាបានសមិទ្ធផល ហើយសមិទ្ធផលដែលនឹកស្មានមិនដល់នេះ យើងអាចធ្វើបាន វាទៅជាមោទនភាពជាតិរបស់យើងទាំងមូល ។ មោទនភាពនេះហើយ ដែលធ្វើឲ្យពួកប្រឆាំង មានការខកចិត្ត ហើយក៏ដូចជាបាក់មុខបាក់មាត់ ដែលខ្លួនមានខួរក្បាល រារាំងធ្វើជាឧបសគ្គ មិនចង់ឲ្យកើតចេញជាសមិទ្ធផលជាប្រវត្តិសាស្រ្តហ្នឹង ក៏ប៉ុន្តែផ្ទុយទៅវិញ គឺសមិទ្ធផលជាប្រវត្តិសាស្រ្តនេះកើតឡើង ។ អ៊ីចឹងទេ អានេះវាជាក្ដីអាម៉ាស់របស់ពួកប្រឆាំងហើយ ដែលមិនចង់ឲ្យកើតឡើង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “មោទនភាពជាតិខ្មែរនេះ វានឹងរឹងមាំទៅមុខហើយ គឺវាជាការពិតហើយ ពីព្រោះសំណង់ហ្នឹង វាជាសំណង់ប្រវត្តិសាស្រ្ត សមិទ្ធផលនេះក៏ជាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលខ្មែរយើង តាំងពីជំនាន់មុន រហូតដល់ជំនាន់នេះ នឹកគិតថា វាមិនអាចធ្វើកើត តែផ្ទុយទៅវិញ គឺជាក់ស្ដែង គឺយើងធ្វើកើត ។ ដូច្នេះជាការតជំនាន់ទៅមុខ ជាការពិតហើយ ពីព្រោះព្រែកជីកហ្នឹង មិនមែនសម្រាប់តែប្រើនៅក្នុងជំនាន់មួយនោះទេ គឺថា តជំនាន់តទៅមុខទៀត ។ យោងតាមប្រវត្តិសាស្រ្តជាក់ស្ដែង យើងឃើញហើយ មោទនភាពជាតិយើងកើតឡើងជាបន្តបន្ទាប់ ដែលជាព្រឹត្តិការណ៍ធ្វើឲ្យកម្ពុជាយើងលេចមុខ លេចមាត់លើឆាកអន្តរជាតិ ។ អានេះហើយវាជាបញ្ហាសំខាន់ដែលយើងត្រូវមើលឃើញ អ្វីដែលយើងគិតថា មិនគួរកើតបាន វាទៅកើត អ្វីដែលយើងនឹកគិតថា មិនអាចធ្វើកើត តែផ្ទុយទៅវិញ ខ្មែរយើងអាចធ្វើបាន ។ អានេះហើយសុទ្ធតែជាក្ដីមោទនភាពរបស់ជាតិទាំងមូល ហើយវាជាការចាំបាច់ណាស់ កាលណាបានធ្វើនូវសមិទ្ធផលដែលមានអត្ថន័យដ៏ធំធេងនេះហើយ ដែលប្រជាពលរដ្ឋលោកអបអរសាទរ ហើយក៏លោកកាន់តែពង្រឹងគោលជំហរ ដើរតាមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះអាម៉ាស់សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ គឺអាម៉ាស់ពីព្រោះមហិច្ឆតារបស់ពួកហ្នឹង គឺរារាំងមិនឲ្យសមិទ្ធផលទាំងឡាយរបស់ជាតិហ្នឹងកើតឡើងទេ ។ ឥឡូវយើងមើលឃើញហើយ មោទនភាពជាតិហ្នឹង ដូចជាពហុកីឡដ្ឋានជាតិតេជោ ដែលកើតឡើងនេះ កម្ពុជា អ្នកណានឹកស្មានដល់ ហើយកើតឡើង វាហុចលទ្ធផលឲ្យទៅតាមរយៈជោគជ័យនៃការប្រកួតស៊ីហ្គេម ប៉ារ៉ាហ្គេម កន្លងទៅថ្មីៗនេះ គឺយើងឃើញហើយ ជាមោទនភាពជាតិ ពីព្រោះទាំងអស់គ្នានឹកគិតថា មិនអាចធ្វើអីកើតទេ តែផ្ទុយទៅវិញ យើងធ្វើកើត យើងចេញជាលទ្ធផល ជាកិត្តិយស ជាសេចក្ដីថ្លៃថ្នូរសម្រាប់ប្រជាជនកម្ពុជា ។ និយាយរួម វាជាក្ដីមោនភាពសម្រាប់ជាតិហើយ វាជាក្ដីអាម៉ាស់របស់ពួកប្រឆាំង ។ មោទនភាពយើង ជាសក្ខីភាពនៃស្នាដៃរបស់ជាតិខ្មែរ ដែលតែងនិយាយថា អ្វីដែលនឹកស្មានមិនដល់ គឺខ្មែរ អាចធ្វើបាន ហើយបើប្រៀបធៀបនឹងបរទេស ក៏ខ្មែរយើងអាចធ្វើបាន ។ អ៊ីចឹងមិនមែនមានតែបរទេសទេ ដែលអាចធ្វើកើត ក៏ប៉ុន្តែខ្មែរយើងក៏ធ្វើកើត អានេះហើយជាក្ដីមោទនភាព ។ ក៏ប៉ុន្តែចំពោះជាក្ដីអាម៉ាស់របស់ពួកប្រឆាំង វារារាំងមិនឲ្យកើតឡើង ក៏ប៉ុន្តែឆ្លងកាត់ឧបសគ្គដែលជាការរារាំងរបស់ពួកប្រឆាំង តែផ្ទុយទៅវិញ បណ្ដាសមិទ្ធផលជាមោទនភាពចេះតែកើតឡើងជាបន្តបន្ទាប់ ។ ហើយរឿងអាម៉ាស់របស់ទណ្ឌិតសម រង្ស៊ី និងក្រុមប្រឆាំងរបស់គាត់នោះ អត់មានស្ដារអីកើតទេ វាចេះតែលិចទៅៗហើយ ។ អ៊ីចឹងបានជាយើងឃើញក្នុងរយៈពេលខ្លី កន្លងទៅថ្មីៗនេះ កូនចៅ សកម្មជន ដែលជិតស្និទ្ធរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិនេះ គឺថា រត់ចោល ចាកចេញពីមេឧទ្ទាមក្រៅច្បាប់នេះ ហើយរត់មករួមរស់ជាមួយនឹងរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ខាងលើនេះ លោកហេង ដាណារ៉ូ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅក្រៅប្រទេស បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា មោទនភាព ទាល់តែមានការឯកភាពជាតិ ឯកភាពទឹកដី មិនមែនបាត់ទឹកដី បាត់ព្រៃ ឬដាំដើមឈើមួយដើម កាប់បំផ្លាញរាប់លានដើម ស្រែកថាមោទនជាតិជាតិទេ ។ រីឯរឿងអាម៉ាស់ គឺចំពោះអ្នកបំផ្លាញជាតិហ្នឹងហើយ តែចំពោះអ្នកស្នេហាជាតិ គ្មានអ្វីត្រូវអាម៉ាស់នោះទេ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍ថា “ចំពោះការជីកព្រែកហ្នឹង វាអត់មានឃើញផលវិជ្ជមានហ្នឹងវាតិចតួច វាមិនមែនថាជីកទៅ វាអត់មានផលវិជ្ជមានទេ ប៉ុន្តែផលវិជ្ជមានវាតិចតួច តែផលអវិជ្ជមានវាច្រើន តាំងពីរឿងទាក់ទងនឹងបូរណភាពដែនដី រឿងទាក់ទងនឹងយុទ្ធសាស្រ្ត ភូមិសាស្រ្តនយោបាយ ហើយទាក់ទងនឹងសេដ្ឋកិច្ច យើងឃើញថា ការបានផលពីសេដ្ឋកិច្ចហ្នឹង វាតិចជាងបំណុលដែលជំពាក់ក្រុមហ៊ុនដែលមកធ្វើ ដែលគម្រោង ដែលចំណាយហ្នឹង វាធំដល់ទៅ ១៧០០លានដុល្លារ ហើយបើសិនជារដ្ឋាភិបាល យក ១៧០០លាន ទៅដោះស្រាយបញ្ហាភាពក្រីក្ររបស់ប្រជាជន ឬមួយក៏ដោះស្រាយបញ្ហាបំណុលធនាគារ ដែលប្រជាជនទូទាំងប្រទេសជំពាក់បំណុល វានឹងបានផលល្អច្រើនជាង ពីព្រោះព្រែកជីកហ្នឹង យើងឃើញហើយ ទម្រង់ព្រែកជីកហ្នឹង ជម្រៅ៥ម៉ែត្រ តើកប៉ាល់ណាចូលបាន? កប៉ាល់សមុទ្រណាដែលមានជម្រៅ៥ម៉ែត្រ? គឺមានតែទូកប៉ុកចាយ កប៉ាល់ធម្មតាហ្នឹង ព្រោះជម្រៅ ៥ម៉ែត្រហ្នឹង វារាក់ជាងទន្លេមេគង្គ ។ យើងឃើញទន្លេមេគង្គ ជ្រៅជាងហ្នឹងផង ហើយក៏ប៉ាល់ប៉ុន្មានដែលចូលពីសមុទ្រ មកទន្លេមេគង្គ ហ្នឹង? ដែលធ្វើឲ្យផលសេដ្ឋកិច្ចបានហ្នឹង? យើងមើលអត់ឃើញ ។ ហើយចំពោះគាត់ថា ប្រភពទុនសម្រាប់កសាងព្រែកជីកហ្វូណនតេជោ អាស្រ័យលើលទ្ធភាពជាក់ស្តែងនៃផ្ទៃក្នុងកម្ពុជា មិនផ្អែកតែលើហិរញ្ញប្បទានបរទេសទាំងស្រុងទេនោះ អាហ្នឹងហើយដែលបញ្ហា បើយើងគិតថា ទុនដែលយើងមានហ្នឹង បើយើងយកទៅវិនិយោគផ្នែកជួយប្រជាពលរដ្ឋក្រីក្រី ជួយឥណទានទៅលើប្រាក់បំណុល វាមិនបានផលច្រើនជាងអាទុនទៅវិនិយោគ ហើយទុកចោលហ្នឹង? ឧបមាយើងយកលុយមួយម៉ឺន បើយើងយកលុយ ១ម៉ឺន ទៅសង់ផ្ទះ អត់មានអីបានវិនិយោគពីផ្ទះហ្នឹងមកវិញទេ ព្រោះផ្ទះហ្នឹងយើងយកមកនៅ អ៊ីចឹងយើងអត់អាចយកផ្ទះហ្នឹងទៅជួល ទៅអីបានដូចដែលយើងរកស៊ីទេ បើផ្ទះហ្នឹងជាផ្ទះដែលមិនអាចរកស៊ីបាន តែបើផ្ទះរកស៊ីបាន អូខេ! យើងអាចវិនិយោគតគ្នាបាន តែផ្ទះដែលយើងយកទៅធ្វើហ្នឹង ដូចព្រែកជីកហ្នឹង ដែលយើងយកទៅធ្វើហ្នឹង គឺយើងយកទៅ ហើយយើងអត់មានអាចកើនលុយមកវិញបានទេ ។ ចំណុចហ្នឹង យើងថា បើយើងអត់មានសេដ្ឋកិច្ចរឹងមាំផង ហើយយើងចេះតែនាំគ្នាទៅធ្វើអ្វីដូចផ្លុំខ្យល់ ផ្លុំប៉េងប៉ោង ឲ្យប៉ោងអ៊ីចឹង ហើយរង់ចាំខ្យល់បក់មក តើប៉េងប៉ោងហ្នឹង វាហោះបានកម្ពស់ប៉ុន្មាន? ហោះបានទៅដល់ប្រវែងប៉ុន្មាន បើយើងអង្គុយចាំខ្យល់បក់មក? ពីព្រោះយើងធ្វើឥឡូវនេះ គឺម្នាក់ៗធ្វើពាណិជ្ជកម្ម ធ្វើសេដ្ឋកិច្ចហ្នឹង គឺធ្វើដើម្បីយកផលប្រយោជន៍ ឬពុករលួយយ ព្រោះយើងដឹងហើយថា គេចេះតែបំប៉ោងគម្រោងនេះ គម្រោងនោះ ដើម្បីឲ្យដីឡើងថ្លៃ ឲ្យអីឡើងថ្លៃ ប៉ុន្តែសេដ្ឋកិច្ច វាមិនអាចឡើងបាន ពីព្រោះធ្វើគម្រោងរបៀបហ្នឹង គឺជាគម្រោងបោកប្រាស់“ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តថា “ចំពោះគាត់ថា ការបើកសាងសង់ព្រែកជីកហ្វូណនហ្នឹង ជាមោទនភាពជាតិខ្មែរ យើងអត់មានមើលឃើញមោទនភាពត្រង់ណាផង ព្រោះ១៩៧៩ មកដល់២០២៤ អត់ទាំងឃើញធ្វើអីផង ។ ចុះកាលពីមុនហ្នឹង ម៉េចមិនធ្វើទៅ បើយើងជាមោទនភាពជាតិនោះ កាលពីមានវិនិយោគ? អ្វីដែលជាមោទនភាព គឺការឯកភាពជាតិ អាហ្នឹងបានវាមានមោទនភាព ហើយដល់ពេលយើងទៅផាត់ពណ៌ក្រុមមួយ ទៅជាលាបពណ៌ក្រុមមួយ ហើយផាត់ឲ្យគេទៅជាឧទ្ទាម ទៅអី អាហ្នឹងមោទនភាពមកពីណា? ប្រទេសដែលមានសុខសន្តិភាព ទាល់តែប្រជាជនរួមគ្នា មានភាពឯកភាពគ្នា ហើយការធ្វើព្រែកជីកហ្នឹង មានបានដាក់ចូលក្នុងសភា? មានការអនុម័តពីសភាទេ? វាអត់មាន គឺធ្វើតាមគម្រោងនៃគំនិត ។ តាមពិតការធ្វើព្រែកជីកនេះ គឺជាគម្រោងរបស់ចិន សុទ្ធសាធ ដែលគោលដៅរបស់ចិនហ្នឹង គេជីកព្រែកឆ្លងទន្លេមេគង្គហ្នឹងកាត់ទៅដល់ស្រុកលាវ ដើម្បីឆ្លងទៅស្រុកចិន ប៉ុន្តែគេជំហានបន្ទាប់ៗទៅ ដោយគេមិនអាចកាត់ទៅស្រុកចិន ភ្លាមបានទេ ពីព្រោះនៅទល់ដែនល្បាក់ខោនហ្នឹង ថ្មហ្នឹងវាខ្លាំង វាមិនអាចទៅរំលាយបាន តែបើអាថ្មនៅខាងស្រុកចិន ទល់ដែនជាមួយលាវហ្នឹង គេទម្លាយឡើងរហូតទន្លេហ្នឹង​ គេអាចបើកកប៉ាល់បានហើយហ្នឹង ។ អ៊ីចឹងកប៉ាល់ដែលជិះពីសមុទ្រ ទៅខាងហ្នឹង ក៏អនាគតវាធ្វើដូចគ្នាហ្នឹងឯង ហើយមួយចំណែកទៀត យើងឃើញថា តាំងពីឆ្នាំ១៩៩៣ មក ចិន គេបានសុំដីនៅកណ្ដាលស្ទឹង 20km បួនជ្រុងហ្នឹង ដើម្បីធ្វើ China Town ។ កាលហ្នឹងសម្ដេចក្រុមព្រះ យល់ព្រមហើយ ប៉ុន្តែហ៊ុន សែន អត់យល់ព្រម ។ ដល់ពេលអ៊ីចឹងទៅ ក៏វាផ្អាកទៅ ហើយគម្រោងឥឡូវហ្នឹង គឺគម្រោង China Town ទាំងអស់ហ្នឹង ដែលគេធ្វើតាំងពីព្រលានយន្តហោះ តាំងពីអី ប៉ុន្តែគេធ្វើ step by step គេមិនធ្វើគំហុកដូចកាលមុន ។ បើគេមានគម្រោងហ្នឹង គេសុំពីមុនមក គេត្រូវធ្វើគំហុក ប៉ុន្តែឥឡូវនេះធ្វើជារបៀបជំហានៗ ប៉ុន្តែអនាគតទៅ កន្លែងហ្នឹងវាទៅជាតំបន់ដូចគ្នាដដែលហ្នឹងឯង ។ គណបក្សកាន់អំណាច ស្អីក៏មោទនភាពដែរ សូម្បីតែដាំដើមឈើមួយដើម ក៏ស្រែកថាមោទនជាតិ តែត្រង់កាប់បំផ្លាញរាប់លានដើម ជាអ្វីវិញ? សូម្បីដើមឈើមួយដើម ទុកទៅឲ្យទៅគោរព ទៅអីហ្នឹង ក៏មោទនភាពដែរ ។ ធ្វើស្តាត អស់លុយរាប់លាន ឥឡូវស្តាតហ្នឹងបែបទុកឲ្យចាបជុះអាចម៍ដាក់ហ្នឹង ក៏មោទនភាពដែរ អាហ្នឹងមោទនភាពរហូតតើ! មិនដែលមានស្អីដែលគណបក្សកាន់អំណាច អត់ស្រែកថា មោទនភាព? ហើយជំពាក់លុយគេ ដល់ទៅ​ ១១ពាន់លានដុល្លារ ក៏មោទនភាពដែរ ។ តាំងពី១៩៧៩ រហូតមកដល់១៩៩៣ គណបក្សប្រជាជនជំពាក់រុស្ស៊ី តែប៉ុន្មានរយលានតើ! មកដល់ថ្ងៃនេះ មិនទាន់មានលុយសងគេផង ចុះទម្រាំ ១ម៉ឺនលានទៀត តើអ្នកណាជាអ្នកសង? គឺកូនខ្មែរអ្នកសង អ្នកស៊ីញ៉េហ្នឹង ទៅបាត់ហើយ ទម្រាំដល់ថ្ងៃសងនោះ ។ អ៊ីចឹងធម្មតាអាពាក្យមោទនភាពហ្នឹង គេចេះតែនិយាយថាម៉េចក៏បានដែរ ប៉ុន្តែវាជាក់ស្ដែង ស្អីដែលជាការធ្វើឲ្យអាម៉ាស់ គឺអ្នកដែលនិយាយហ្នឹងហើយ វាធ្វើឲ្យអាម៉ាស់ខ្លួនឯង ដោយសាររបស់យកមកអត់ប្រើបាន ហើយទុកចោល ដូចជាស្ដាត ជំពាក់លុយគេប៉ុន្មាន ស្ដាតហ្នឹង? ហើយមកដល់ថ្ងៃនេះ ស្ដាតហ្នឹងបានវិនិយោគចេញជាស្អី ដើម្បីមកឲ្យខ្លួនប្រើប្រាស់ ដើម្បីរកចំណូលពីស្ថាតហ្នឹងទេ? វាអត់មាន ហើយឥឡូវនេះគេចាប់ផ្ដើមអ្វីដែលគេសំខាន់ គឺមោទនភាពគណបក្សកាន់អំណាច គឺបំផ្លាញធនធានធម្មជាតិអស់ហ្នឹងហើយ មោទនភាពគេហើយ គ្មានសម័យណាដែលគេបំផ្លាញធនធានធម្មជាតិអស់ដូចសម័យឥឡូវនេះទេ ។ សូម្បីតែខ្មែរក្រហម កាប់សម្លាប់មនុស្សរាប់លាននាក់ ប៉ុន្តែធនធានធម្មជាតិព្រៃឈើ នៅគ្រប់ទីកន្លែង អត់មានបានទៅប៉ះពាល់ តែសម័យនេះ អត់មានធ្វើដូចខ្មែរក្រហម ក៏ប៉ុន្តែបំផ្លាញខ្ទេចបំផ្លាញខ្ទី ហើយមកអួតថាខ្លួនមានមោទនភាព“ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តទៀតថា “ជារួម ខ្ញុំចង់ផ្ញើសារថា មោទនភាពជាតិ គឺការឯកភាពជាតិ ឯកភាពទឹកដី អត់បាត់ដី អាហ្នឹងបានគេហៅថា មោទនភាពជាតិ ។ បាត់ព្រៃ បាត់ធនធានធម្មជាតិ បាត់ជីវិតអ្នកតស៊ូ ផាត់លាបពណ៌អ្នកតស៊ូ ចាប់គេដាក់គុក អាហ្នឹងវាមិនមែនមោទនភាពទេ ហើយធ្វើឲ្យប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង វាមិនមែនមោទនភាពទេ ប្រជាជនក្រីក្រ ជំពាក់លុយគេ វាអត់មានមោទនភាពទេ ។ អ្វីដែលជាមោទនភាព គឺប្រជាជនរស់ដោយសុខដុមរមនា ហើយជនជាតិខ្មែរទាំងអស់រស់នៅក្នុងដំបូលមួយដែលត្រឹមត្រូវ យុត្តិធម៌ មិនមែនពួកអញ អញធ្វើបាន ពួកឯង ឯងធ្វើមិនបាន បើឯងនិយាយពីកំហុសរបស់អញ្ ចាប់ឯងដាក់គុក បើគេនិយាយពីកំហុសខ្លួនឯង ចាប់គេដាក់គុក តែបើខ្លួនឯងដើរវ៉ូកវ៉ាស ស្រែកយករឿងដែលមិនសមហេតុផល លាបពណ៌គេ ចាប់គេដាក់គុក អត់មានថាខ្លួនឯងមានកំហុសទេ ហើយជារួម ដូចដែលខ្ញុំថាអ៊ីចឹង អ្វីក៏ដោយ ដែលជាមោទនភាព គឺការឯកភាពជាតិ គឺការយល់ស្របទាំងអស់គ្នា មិនមែនក្រុមមួយយល់ ក្រុមមួយអត់យល់ ហើយអួតថា ឯកភាពជាតិបានទេ ហើយមានអីរឿងអាម៉ាស់? ការការពារទឹកដី ការការពារសិទ្ធិសេរីភាព គេស្រែកថា រឿងអាម៉ាស់ តែចំពោះអ្នកដែលស្នេហាជាតិ ឥឡូវដើរសួរប្រជាជនមើល! ប្រជាជនរាប់លាននាក់ ដែលជួយការពារទឹកដី ដែលមានទស្សនៈការពារទឹកដី ការពារធនធានធម្មជាតិ គេមានដែលស្រែកថា យើងហ្នឹងធ្វើខុសទេ? រឿងអាម៉ាស់ គឺអាម៉ាស់ ដោយសារបរទេសឈ្លានពាន អាហ្នឹងបានវាអាម៉ាស់ ។ យើងធ្វើឲ្យសង្គមមួយវាអយុត្តិធម៌ អាហ្នឹងបានវាអាម៉ាស់ តែពួកយើងអត់បានធ្វើឲ្យសង្គមអយុត្តិធម៌ ពួកយើងមានតែកែតម្រូវសង្គម ពួកយើងមានតែអ្វីដែលជាផលប្រយោជន៍ជាតិ យើងការពារផលប្រយោជន៍ជាតិ“ ។

គួរបញ្ជាក់ថា ការដ្ឋានព្រែកជីកហ្វូណនតេជោ​ កំពុងដំណើរត្រៀមរៀបចំ​ ដើម្បីទទួលបានការចុចប៊ូតុងបើកការដ្ឋានជាផ្លូវការ ពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា តម្លៃ ១៧០០លានដុល្លារនេះ។

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាល ដែលពាក់ព័ន្ធ​ បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ​​ នៅព្រឹកថ្ងៃទី០៥​ ខែសីហា​ ខាងមុខនេះ។ ទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕ កុលបុត្រ

RELATED ARTICLES