ភ្នំពេញ ៖ ក្នុងឱកាសខួបកំណើត ៧១ឆ្នាំ ឈានចូល៧២ឆ្នាំ របស់ឪពុកខ្លួន កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ កំពុងរស់និរទេសនៅក្រៅប្រទេស បានផ្ញើសារជូនពរឪពុកដែលកំពុងជាប់ឃុំក្នុងផ្ទះ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យមានសុខភាពនិងស្មារតីរឹងមាំ ហើយកូនស្រីច្បាងរបស់អតីតមេបក្សប្រឆាំងរូបនេះ បានរំលេចពាក្យប្ដេជ្ញាចិត្តថា ដាច់ខាតមិនឲ្យការលះបង់របស់លោកឪពុក ក្លាយជាអសារបង់ឡើយ ។
កញ្ញាកឹម មនោវិទ្យា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា “កូនសូមជូនពរលោកឪពុក ក្នុងឱកាសថ្ងៃកំណើតលោក ឲ្យមានសុខភាពនិងស្មារតីរឹងមាំ ទោះជាលោកកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកបំផុតនេះ។ ជាតិយើងត្រូវការលោក ឲ្យបន្តក្រាញននៀលតទៅទៀត ទោះជាលោកនិងគ្រួសារយើងទទួលផលមហាអវិជ្ជមានពីកាលៈទេសៈនេះយ៉ាងណាក៏ដោយ។ កូននឹកលោកឪពុកណាស់ ហើយកូនដាច់ខាតមិនឲ្យការលះបង់របស់លោកឪពុក ក្លាយជាអសារបង់ទេ“ ។
ជាចំណាប់អារម្មណ៍នឹងការលើកឡើងរបស់កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ខាងលើនេះ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា ការលះបង់ ការខិតខំតស៊ូរបស់លោកកឹម សុខា ជាការត្រឹមត្រូវ ដើម្បីសង្គមជាតិខ្មែរ សុខចិត្តប្ដូរផ្ដាច់ មិនគិតការពិបាក ដើម្បីបានយុត្តិធម៌នៅក្នុងសង្គម ។ ដូច្នេះការប្ដេជ្ញាចិត្ត ជាការត្រឹមត្រូវរបស់កញ្ញាកឹម មនោវិទ្យា ជាកូនកតញ្ញូមួយរូប ដែលដឹងគុណឪពុក ដើម្បីការពារយុត្តិធម៌ដល់គាត់ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ជាការធម្មតា ដែលជាកូនរបស់គាត់ ជាកូនកតញ្ញូ តែងតែរំលឹកគុណធម៌របស់ឪពុក ប៉ុន្តែដើម្បីរំលឹកគុណនេះហើយ ដែលនាងកញ្ញា មនោវិទ្យា ហ្នឹង ក៏បានខំតស៊ូដាច់ខាត ដើម្បីការតស៊ូយុត្តិធម៌ជូនលោកប្រធានកឹម សុខា ដែលជាឪពុក ។ ម៉្លោះហើយជាការត្រឹមត្រូវរបស់កញ្ញាកឹម មនោវិទ្យា ជាកូនកតញ្ញូមួយ ដែលដឹងគុណរបស់ឪពុក ដើម្បីការពារយុត្តិធម៌ដល់គាត់ ។ យើងត្រូវដឹងថា លោកកឹម សុខា អត់មានកំហុសអីទាំងអស់ ដែលលោកហ៊ុន សែន ហើយនិងរដ្ឋាភិបាលខ្មែរ របស់លោកហ៊ុន សែន ហ្នឹង ប្រើអំណាចផ្ដាច់ការ ចង់កាត់ទោសលោកកឹម សុខា ដែលនាងកញ្ញាមនោវិទ្យា មិនអាចទទួលបាន ។ ហេតុដូច្នេះបានជានាងមនោវិទ្យា ហ្នឹង ខំតស៊ូដាច់ខាតដើម្បីការពារកិត្តិយសគ្រប់បែបយ៉ាង ដល់លោកកឹម សុខា ។ ក្នុងន័យនេះ ការលះបង់ ការខិតខំតស៊ូរបស់លោកកឹម សុខា ជាការត្រឹមត្រូវ ដើម្បីសង្គមខ្មែរ ដើម្បីជាតិខ្មែរ សុខចិត្តប្ដូរផ្ដាច់ មិនគិតការពិបាក មិនគិតការវេទនារបស់គាត់ ដើម្បីបានយុត្តិធម៌នៅក្នុងសង្គម ។ ប៉ុន្តែសព្វថ្ងៃនេះ ដោយសារគាត់គ្មានកម្លាំងអ្វីការពារ មានតែពួកជនផ្ដាច់ការមួយទេ ដែលធ្វើបាបគាត់ ។ ហេតុដូច្នេះខ្ញុំសង្ឃឹមថា ទៅអនាគត លោកកឹម សុខា នឹងទទួលបានយុត្តិធម៌គ្រប់បែបយ៉ាង“ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “ ខ្ញុំជឿថា សង្គមទៅថ្ងៃមុខ គង់តែលោកកឹម សុខា មិនបានជោគជ័យថ្ងៃនេះក៏ដោយ ប៉ុន្តែទៅអនាគត គេនឹងនឹកឃើញដល់គាត់ ការដែលពលិកម្មរបស់គាត់ យើងនឹងបានទទួលផល យ៉ាងម៉េចក៏បានទទួលស្គាល់ថា លោកកឹម សុខា បានធ្វើការលះបង់ ពលិកម្មគ្រប់បែបយ៉ាង ដើម្បីយុត្តិធម៌នៅក្នុងសង្គម ដែលពួកផ្ដាច់ការ គេកំពុងតែជិះជាន់ប្រជាពលរដ្ឋ ពួកផ្ដាច់ការកំពុងតែធ្វើបាបប្រជាពលរដ្ឋសព្វថ្ងៃនេះ ។ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ ជាពិសេសអ្នកនយោបាយ មិនត្រឹមតែសកម្មជនគណបក្សសង្រ្គោះជាតិទេ ឬមួយសកម្មជនដែលធ្វើការឲ្យលោកកឹម សុខា សូមអំពាវនាវដល់ខ្មែរទាំងអស់ ដែលអ្នកជាតិនិយម សូមគាំទ្រលោកកឹម សុខា ដែលលោកកឹម សុខា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីសង្គម ដើម្បីយុត្តិធម៌ដល់សង្គម ។ ហេតុដូច្នេះខ្ញុំសង្ឃឹមថា ទៅអនាគត ប្រជាពលរដ្ឋខ្មែរ នឹងគិតច្បាស់ថា លោកកឹម សុខា មានការស្មោះត្រង់ និងការពារយុត្តិធម៌ដល់សង្គមខ្មែរយើង ។ ឆ្លៀតឱកាសនេះដែរ ក្នុងខួប ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ របស់លោកកឹម សុខា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយថែរក្សាការពារគាត់ ជួយឲ្យគាត់ទទួលបានយុត្តិធម៌ ដែលគាត់បានខំបំពេញ ហើយខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គាំទ្រលោកកឹម សុខា គ្រប់បែបយ៉ាង ក្នុងអំពើដ៏ត្រឹមត្រូវរបស់គាត់“ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួបកំណើតគម្រប់ ៧១ឆ្នាំ ឈានចូល៧២ឆ្នាំ របស់លោកកឹម សុខា (២៧ មិថុនា ១៩៥៣-២៧ មិថុនា ២០២៤) ។ នៅក្នុងឱកាសខួបកំណើតលោកកឹម សុខា ដែលកំពុងតែជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នេះ សហការីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលនៅបន្តស្មោះស្ម័គ្រនឹងលោកកឹម សុខា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានផ្ញើសារជូនពរព្រោងព្រាត ដែលក្នុងសារជូនពរនោះ មានន័យស្រដៀងគ្នា គឺជូនពរលោកកឹម សុខា សុខភាពល្អបរិបូរណ៌ កម្លាំងរឹងមាំ អាយុយឺនយូរ ឆាប់ទទួលបានយុត្តិធម៌ មានសេរីភាពពេញលេញ ដើម្បីចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋបន្តទៀត ។
ជាក់ស្តែង លោកសួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរសារជូនពរលោកកឹម សុខា ថា “មានអ្នកខ្លះនិយាយថា «សូមកុំផ្កាប់មុខនឹងបុគ្គល»! នៅពេលលោកប្រធានកឹម សុខា ត្រូវបានចាប់ និងតុលាការលោកហ៊ុន សែន សម្រេចកាត់ក្តីឱ្យជាប់ឃុំ ២៧ឆ្នាំ នៅគេហដ្ឋានរបស់លោកយ៉ាងអយុត្តិធម៌។ ក្នុងនាមខ្ញុំជាសហការីរបស់លោកកឹម សុខា ខ្ញុំនៅតែបន្តស្មារតីនៅជុំវិញលោកជាប់ជានិច្ច មិនបោះបង់ឬរត់ចោលលោកឡើយ។ នេះមិនហៅថា «ជាអ្នកផ្កាប់មុខនឹងលោកកឹម សុខា ទេ» ។ យើងធ្វើបែបនេះ គឺយើងប្រកាន់យកនូវគុណធម៌ជាអ្នកនយោបាយ។ មនុស្សដែលនិយាយឱ្យយើងថា «ជាមនុស្សផ្កាប់មុខ» ច្រើនជាមនុស្សដែលបានបោះបង់ ឬរត់ចោលលោកប្រធានកឹម សុខា នៅពេលលោកមានទុក្ខលំបាក។ ក្នុងថ្ងៃនេះ ខ្ញុំសួន សូរីដា សូមជូនពរលោកប្រធាន កឹម សុខា ក្នុងឱកាសបុណ្យខួបកំណើតលោកប្រធាន (២៧/០៦/១៩៥៣-២៧/០៦/២០២៤) គម្រប់៧១ឆ្នាំឈានចូល៧២ឆ្នាំ សូមឱ្យលោកមានសុខភាពល្អ និងឈ្នះមារគ្រប់ប្រភេទ“ ។
ចំណែកលោកអ៊ុំ តាវារុឌ្ឍី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរសារជូនពរលោកឹម សុខា ថា “ក្នុងនាមជាសហការី និងក្នុងនាមខ្ញុំផ្ទាល់ រួមទាំងក្រុមគ្រួសារ សូមសម្ដែងនូវការដឹងគុណ និងគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះវីរភាពនៃការតស៊ូអត់ធ្មត់ មិនរាថយ ក្នុងស្មារតីគោរពនូវឆន្ទៈរាស្ត្រ និងមិនរត់ចាកចោលពីមាតាកម្ពុជា ដ៏កម្សត់ ទោះបីឯកឧត្តមប្រធាន ត្រូវប្រឈមនូវឧបសគ្គយ៉ាងណាក៏ដោយ ក៏មិនតក់ស្លុត រឹងមាំជានិច្ចក្នុងបុព្វហេតុដើម្បីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសេរីភាពយុត្តិធម៌ពិតប្រាកដនៅកម្ពុជា ទន់ភ្លន់ តែមិនទន់ជ្រាយ ។ ដោយឆ្លៀតក្នុងឱកាសនេះដែរ យើងខ្ញុំសូមគោរពបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ប្រសិទ្ធពរជ័យសិរីមង្គល តាមជួយបីបាច់ថែរក្សាឯកឧត្ដមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបទៅដោយព្រះពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេស សូមឲ្យឯកឧត្ដមប្រធាន កឹមសុខា ឆាប់ទទួលបាននូវយុត្តិធម៌ សេរីភាពពេញលេញឡើងវិញ ដើម្បីប្រជាជាតិខ្មែរ បន្តនូវកិច្ចការនយោបាយ ធ្វើការបង្រួបបង្រួម ផ្សះផ្សា ឯកភាពជាតិ និងសន្តិភាពពិត ទាំងផ្លូវកាយ ផ្លូវចិត្ត ជូនដល់ប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការ“៕ កុលបុត្រ