វិសាលភាពបណ្តាញប្រតិបត្តិការកាន់ធំទូលាយ សេវាកម្មកាន់តែងាយស្រួលគឺជាទិសដៅយុទ្ធសាស្រ្តរបស់ហត្ថាកសិករសម្រាប់ឆ្នាំ ២០១៧
ក្រុងព្រះសីហនុ: កាលពីថ្ងៃទី ១០ កុម្ភៈឆ្នាំ២០១៧ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករលីមីធីត បានរៀបចំ មហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៧នាសាលសន្និសីទ សណ្ឋាគារ សុខាប៊ិច ទីរួមខេត្តព្រះសីហនុ។ មហាសន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែល ហត្ថាកសិករតែងប្រារព្ធឡើងដោយ មានការ ចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងជាន់ខ្ពស់នាយកនាយិកានាយកដ្ឋានជំនាញនិងជាពិសេសនាយកការិយាល័យពីគ្រប់សាខាទូទាំង២៥រាជធានីខេត្តសរុបប្រមាណជាង៣០០នាក់។
បន្ទាប់ពីកិច្ចស្វាគមន៍កម្មវិធី លោកឧកញ៉ា ហួតអៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានចែករំលែកបទបង្ហាញលើសមិទ្ធផលនានាដែលហត្ថាកសិករសម្រេចបានក្នុងឆ្នាំ២០១៦។
ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណជាពន្លឹកចំពោះការិយាល័យសាខា សាខារង នាយកដ្ឋានសាមីនីមួយៗនិងជាពិសេសបុគ្គលិកគ្រប់រូបដែលបានរួមចំណែកជាកំលាំងចលករដ៏សំខាន់ក្នុងការសម្រេចនូវសមិទ្ធផលគួរជាទីពេញចិត្តទាំងអស់នេះ។
ជាក់ស្តែងឆ្នាំ២០១៦ហត្ថាកសិករទទួលបានផលប័ត្រឥណទានរហូតដល់ប្រមាណជាង៤៣៥ លានដុល្លារអាមេរិក ជាមួយអតិថិជនប្រាក់កម្ចីជាង១១ម៉ឺននាក់។សន្ទស្សន៍នេះបានបង្ហាញពីភាពខ្លាំងរបស់ហត្ថាកសិករដែលមានសមត្ថភាពខ្ពស់ក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុកម្ពុជាជាមួយកំណើនផលប័ត្រឥណទានប្រមាណ២២% ខណៈកំណើនជាមធ្យមមានត្រឹមតែ ១៨% ។
ចំណែកសេវាប្រាក់បញ្ញើសន្សំហត្ថាកសិករទទួលបានជោគជ័យលើសផែនការរំពឹងទុកដែលមានចំនួនប្រមាណ៣៥៦ លានដុល្លារអាមេរិក មានអតិថិជនកំពុងប្រើប្រាស់សេវាជាង២២ម៉ឺននាក់។ ទន្ទឹមនឹងជោគជ័យនេះ ហត្ថាកសិករបានទទួលស្នាដៃខ្ពស់លើកិច្ចការអភិបាលកិច្ច គ្រប់គ្រងប្រតិបត្តិការអាជីវកម្មដោយដាច់ខាតពុំអនុញ្ញាតអោយមានការកេងបន្លំលើអតិថិជន ឬស្ថាប័នក្នុងករណីណាមួយឡើយ ។
ជាមួយគ្នានេះដែរ លោក ឧកញ៉ា ហួតអៀងតុង បានធ្វើការស្វាគមន៍ដល់ធនាគារក្រុងស្រ៊ីនៃប្រទេសថៃក្នុងនាមជាភាគទុនិកថ្មីរបស់ហត្ថាកសិករដែលបាននឹងកំពុងចាប់ដៃគ្នាឆ្ពោះទៅរកភាពជោគជ័យក្នុងអនាគតដ៏ខ្លីខាងមុខ។
ការរួមបញ្ចូលគ្នានេះនឹងនាំមកនូវសក្តានុពលបន្ថែមដល់ហត្ថាកសិករក្នុងការបន្តពង្រីកគុណភាពសេវាកម្មហិរញ្ញវត្ថុក៏ដូចជាការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើតផលិតផលនិងសេវាកម្មអោយកាន់តែសម្បូរបែបជូនដល់ទីផ្សារក្នុងប្រទេសកម្ពុជាស្របតាមយុទ្ធសាស្រ្តឆ្នាំ២០១៧”វិសាលភាពបណ្តាញហត្ថាកាន់តែធំទូលាយ សេវាកម្មកាន់តែងាយស្រួល”។
អនុលោមតាមគោលការណ៍នេះហត្ថាកសិករមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តអភិវឌ្ឍបណ្តាញសាខាអោយកាន់តែខិតជិតតម្រូវការអតិថិជនទូទាំងផ្ទៃប្រទេស ជាមួយការបំពាក់បរិក្ខារទំនើបៗជួយសម្រួលការប្រើប្រាស់សេវាកម្មហរិញ្ញវត្ថុហត្ថាកសិករកាន់ងាយស្រួល ។ ជាងនេះទៅទៀតបុគ្គលិកប្រកបដោយវិជ្ជាជីវៈប្រមាណជាង២ពាន់រូបត្រូវបានតែងតាំងនិងចាត់តាំងក្នុងតួនាទីបម្រីសេវាកម្មអតិថិជនប្រកបដោយគុណតម្លៃខ្ពស់។ជាចុងក្រោយ លោក ឧកញ៉ា ហួត អៀងតុង បានថ្លែងកោតសរសើរសារជាថ្មី ដល់ការខិតខំប្រឹងប្រែងពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលលះបង់ទាំងកំលាំងកាយនិងចិត្តក្នុងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តអោយទទួលបានជោគជ័យតាមកាលកំណត់។
ក្នុងកម្មវិធីនេះផងដែរយើងសង្កេតឃើញមានការផ្តល់ជាមេដាយមាស និងរង្វាន់ជាច្រើនជូនចំពោះសាខានិងបុគ្គលិកឆ្នើមដែលមានស្នាដៃប្រចាំឆ្នាំផងដែរ។បន្ទាប់ពីកម្មវិធី សន្និបាតបូកសរុបលទ្ធផលបានបញ្ចប់ជាស្ថាពរ គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់បានអញ្ជើញចូលរួមបន្តជាមួយ កម្មវិធីពិសារភោជនាអាហារដែលធ្វើឡើងនៅឆ្នេរអូឈើទាលប្រកបដោយភាពស្និទ្ធស្នាលនិងសប្បាយរីករាយក្រៃលែង។
អំពីហត្ថាកសិករលីមីតធីត លទ្ធផលសំរេចបានគិតត្រឹម៣១ ខែធ្នូ ឆ្នាំ២០១៦
ចំនួនការិយាល័យប្រតិបត្តិការ | ១៥៣កន្លែង |
ចំនួនទីតាំងអេធីអឹម | ១២៣ទីតាំង |
ចំនួនបុគ្គលិក | ២,៤១៥នាក់ |
ប្រាក់កម្ចី | |
ផលប័ត្រឥណទាន | ៤៣៥លានដុល្លារ |
ចំនួនអតិថិជនប្រាក់កម្ចី | ១១៧,០២៩នាក់ |
ប្រាក់បញ្ញើសន្សំ | |
ចំនួនប្រាក់បញ្ញើសន្សំ | ៣៥៦លានដុល្លារ |
ចំនួនអតិថិជនប្រាក់បញ្ញើសន្សំ | ២២៤,៤១៦នាក់ |