ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍នេត សាវឿន បានចេញ បញ្ជាដល់គ្រប់ស្នងការដ្ឋាននគរបាលរាជធានី–ខេត្តទូទាំងប្រទេស ជំរុញរឹតបន្តឹងការពាក់មួក សុវត្ថិភាពចំពោះអ្នកជិះម៉ូតូ។
យោងតាមលិខិតរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ លេខ០២៩ ស.ជ.ណ ចុះថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលចុះហត្ថលេខា ដោយលោកអគ្គស្នងការ នេត សាវឿន ជម្រាប ជូនអស់លោកស្នងការនគរបាលរាជធានី–ខេត្ត ស្តីពីការជំរុញរឹតបន្តឹងការពាក់មួកសុវត្ថិភាព ចំពោះអ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរ ត្រីចក្រយានយន្ត ដោយយោងតាមផែនការ លេខ០២៦ គ.ស.ច.គ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកចំពោះអ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្ត មិនពាក់ មួកសុវត្ថិភាពបានបញ្ជាក់ថា “សេចក្តីដូចបាន ចែងក្នុងកម្មវត្ថុ និងយោងខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូន ឯកឧត្តម អស់លោកស្នងការនគរបាលរាជធានី–ខេត្ត ឱ្យ បានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញ ទោះបីកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក បានខិតខំធ្វើការផ្សព្វផ្សាយ អប់រំ និងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក អស់រយៈពេលពេញមួយឆ្នាំ ២០១៦ ក៏នៅតែមានអ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្តមួយចំនួន មិន ពាក់មួកសុវត្ថិភាព ហើយក្នុងចំណោមនោះ បានបាត់បង់ជីវិត ឬទទួលរងគ្រោះធ្ងន់ធ្ងរ ដោយ គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការ ប៉ះទង្គិចក្បាល។
ដើម្បីអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ តាមផែនការលេខ០២៦ គ.ស.ច.គ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ សំដៅកាត់បន្ថយហានិភ័យដែលបណ្តាលពីការមិនពាក់មួកសុវត្ថិភាព ហើយឈានទៅការផ្លាស់ប្តូរឥរិយាបថ របស់អ្នកជិះទោចក្រយានយន្តនិងអ្នកបើកបរ ត្រីចក្រយានយន្តឱ្យយកចិត្តទុកដាក់ចំពោះ សុវត្ថិភាពផ្ទាល់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់គ្រប់ស្នងការដ្ឋាននគរបាលរាជធានី–ខេត្ត ដូចតទៅ ៖
១–នៅគ្រប់គោលដៅត្រួតពិនិត្យអនុវត្ត ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសនៅថ្នាក់ អធិការដ្ឋាននគរបាល ទោចក្រយានយន្ត និង អ្នកបើកបរត្រីចក្រយានយន្តដែលមិនពាក់មួកសុវត្ថិភាពដោយធ្វើការពិន័យអន្តរការណ៍តាម ច្បាប់ និងថែមទាំងតម្រូវឱ្យរកមួកសុវត្ថិភាព មកពាក់ឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឱ្យធ្វើ ដំណើរបាន។
២–ទន្ទឹមនឹងការត្រួតពិនិត្យរឹតបន្តឹងតាម ដងផ្លូវ ត្រូវជំរុញវិធានការផ្សព្វផ្សាយអប់រំតាម ប្រព័ន្ធផ្សព្វផ្សាយនានា តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស សហគមន៍ ស្ថាប័ននានា និងតាមវេទិកាសាធារណៈអំពីហានិភ័យនៃ ការមិនពាក់មួកសុវត្ថិភាព និងអំពាវនាវឱ្យមាន ការចូលរួមជំរុញការពាក់មួកសុវត្ថិភាពគ្រប់គ្នា ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត និង ពេលបើកបរត្រីចក្រយានយន្ត។
៣–ត្រូវរាយការណ៍មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ) អំពីលទ្ធផលប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីធ្វើការបូកសរុប និងវាយតម្លៃ។
អាស្រ័យហេតុនេះ ស្នើឯកឧត្តម អស់ លោកស្នងការនគរបាលរាជធានីខេត្ត ចាត់តាំង អនុវត្តវិធានការខាងលើ ឱ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវ”៕