ខេត្តកំពង់ធំ ៖ ថ្ងៃខែឆ្នាំកំណើតរបស់យុវតី ម្នាក់ បានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើល គ្រប់ៗគ្នា ខណៈដែលក្នុងឯកសារសេចក្តីចម្លង សំបុត្រកំណើតបានបញ្ជាក់ថា យុវតីរូបនេះ បាន កើតនៅថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០០០ ព្រោះ ខែកុម្ភៈ មានត្រឹមតែរយៈពេល ២៨ ឬ២៩ថ្ងៃ តែប៉ុណ្ណោះ។
យុវតីដែលបង្កការភ្ញាក់ផ្អើលរឿងកើត ថ្ងៃទី៣១ ខែកុម្ភៈ នេះ មានឈ្មោះផល់ រក្សា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ មានឪពុកឈ្មោះ បាន ផល់ អាយុ៤៥ឆ្នាំ ម្តាយឈ្មោះជាង ស៊ីន អាយុ៤៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិបូពឹង ឃុំ កំពង់គោ ស្រុកកំពង់ស្វាយ។
យុវតី ផល់ រក្សា បានរៀបរាប់ប្រាប់ថា ការធ្វើបញ្ជីជាតិ (សំបុត្រកំណើត ឬសេចក្តីចម្លង សំបុត្រកំណើត) សម្រាប់ប្រើប្រាស់ជាឯកសារ ផ្លូវការរបស់នាង គឺនាងមិនបានដឹងអ្វីទាំងអស់ ព្រោះតែនាងនៅតូច អាយុ៤ឆ្នាំប៉ុណ្ណោះ ចំណែក ឪពុកម្តាយរបស់នាង មិនចេះអក្សរទៀត ហេតុ នេះ គឺពឹងលើមន្ត្រីអត្រានុកូលដ្ឋានទាំងស្រុង ដែលជាអ្នកធ្វើសំបុត្រកំណើតឱ្យ ស្រាប់តែពួក គាត់ធ្វើខុសឱ្យនាងទៅវិញ ដោយដាក់ថ្ងៃកំណើត របស់នាង គឺកើតនៅថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ ២០០០ ដែលតាមពិតនាងកើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០០។
យុវតី ផល់ រក្សា បញ្ជាក់ថា លុះដល់ប៉ុន្មាន ថ្ងៃមុននេះ នាងបានយកឯកសារសេចក្តីចម្លង សំបុត្រកំណើតមកមើល ស្រាប់តែប្រទះឃើញ ថ្ងៃកំណើតរបស់នាងខុសស្រឡះពី ថ្ងៃកំណើត ពិតនៅក្នុងសំបុត្រកំណើត ពោលគឺនាងកើត ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០០ តែនៅក្នុងសេចក្តី ចម្លងសំបុត្រកំណើតដាក់ថា នាងកើតនៅថ្ងៃទី ៣១ ខែកុម្ភៈ ឆ្នាំ២០០០ទៅវិញ។ ដំបូងឡើយ នាងគិតថាវាគ្រាន់តែជាកំហុសឆ្គងធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលពិនិត្យយូរទៅ ទើបដឹងថា កំហុស នេះពិតជាធំណាស់ និងគួរឱ្យអស់សំណើចផង ធ្វើនាងអង្គុយសើចតែម្នាក់ឯង ដោយសារតែ ហួសចិត្តពេក។
មហាជនដែលបានឃើញឯកសារសេចក្តី ចម្លងសំបុត្រកំណើតរបស់យុវតី ផល់ រក្សា សុទ្ធ តែផ្ទុះសំណើច និងគ្រវីក្បាលហួសចិត្តគ្រប់គ្នា ហួសចិត្តត្រង់ថា នៅក្នុងខែទី២ (ខែកុម្ភៈ) នៃឆ្នាំនីមួយៗ គឺមានត្រឹមតែរយៈ ពេល២៨ ឬ២៩ថ្ងៃប៉ុណ្ណោះ តែយុវតីខាងលើ បែរជាទៅ កើតដល់ថ្ងៃទី៣១ ខែកុម្ភៈ ឯណោះ ដែលថ្ងៃ កំណើតនេះ គឺមានតែ១នៅលើពិភពលោក ពោលគឺគ្មាន២នោះទេ។
ទន្ទឹមនឹងការអស់សំណើច ក៏មានការរិះ- គន់ចំពោះមន្ត្រីអត្រានុកូលដ្ឋានដែលបានចេញ សេចក្តីចម្លងសំបុត្រកំណើតដល់យុវតីខាងលើ ថា ធ្វើការដោយខ្ជីខ្ជា ធ្វេសប្រហែស ដែល បណ្តាលឱ្យប្រជាពលរដ្ឋមិនសូវចេះឬមិនចេះ អក្សរទទួលរងគ្រោះ។
ជុំវិញករណីខាងលើនេះ លោកទត គឹម- ណារិទ្ធ មន្ត្រីសាលាខេត្តកំពង់ធំ ដែលត្រូវបាន លោកអភិបាលខេត្ត ចាត់ឱ្យជួយស្រាវជ្រាវករណី នេះ បានរកឃើញឯកសាររបស់យុវតីខាងលើ ហើយនិងទទួលស្គាល់ថាពិតជាមានកំហុសប្រាកដ មែន។ យ៉ាងណា ពេលនេះ លោកបានទំនាក់- ទំនងទៅខាងស្ថាប័នតុលាការ ដើម្បីផ្តល់សេវា ផ្លូវច្បាប់ ជូនយុវតីខាងលើរួចរាល់ហើយ ដោយ ក្នុងនោះលោកចៅក្រមសន្យានិងចាត់ការរឿង នេះឱ្យបានឆាប់និងថែមទាំងជួយចេញថ្លៃសេវា ប្រថាប់ត្រាជូនយុវតីខាងលើទៀតផង ហេតុ នេះ ឯកសារត្រឹមត្រូវ នឹងបានប្រគល់ជូនប្អូនស្រី សម្រាប់ប្រើប្រាស់ស្របច្បាប់វិញ នៅក្នុងពេល ឆាប់ៗខាងមុខនេះ៕