Friday, October 18, 2024
Homeព័ត៌មានជាតិ ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីភាព ព្រះរាជពិធីរុក្ខទិវា នៅខេត្តតាកែវ

 ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីភាព ព្រះរាជពិធីរុក្ខទិវា នៅខេត្តតាកែវ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ បន្ទាយអង្គរ ស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

យាងនិងអញ្ជើញដង្ហែអង្គព្រះមហាក្សត្រ យាងចូលរួមក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះ មហា ក្សត្រ, សម្តេចសាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ក្រោយពីរបាំថ្វាយព្រះពរ និងសិល្បៈយីកេ សម្តែងថ្វាយទត និងទស្សនា ក្នុងខ្លឹមសារអប់រំ មហាជន ប្រជាជន ឱ្យចូលរួមស្រឡាញ់និងថែរក្សាព្រៃឈើ លុបបំបាត់ការកាប់បំផ្លាញដែលជាបច្ច័យអាក្រក់បង្កនូវគ្រោះធម្មជាតិ មហន្តរាយធ្ងន់ធ្ងរ បំផ្លាញនូវសេចក្តីសុខដល់ជីវិតមនុស្សសត្វលើភពផែនដី និងរបាយការណ៍របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បង្ហាញសក្តានុពលកសិកម្មរបស់ខេត្ត លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្វាយរបាយការណ៍បញ្ជាក់ថា ពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ ឆ្នាំនេះ មានកូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣០០០ដើម នឹងត្រូវដាំនៅលើទីតាំងទំហំ ៣ហិកតារ នៅស្ដានីយផ្សព្វផ្សាយនិងស្តារព្រៃឈើ បន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ស្រុកត្រាំកក់។ លោករដ្ឋមន្ត្រី បន្តថា សម្រាប់ឆ្នាំ២០២៤ នេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតារផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើ សុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវា បានបង្កើតជាសួនរុក្ខទិវា សរុបទំហំ ៤៧៥ហិកតារ នៅតាមបណ្តារាជធានី-ខេត្ត ចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវា ក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើ ជាច្រើនផ្សេងទៀត នៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតារ និងសួនសាធារណៈ ឬឯកជន ជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។ ជាងនេះទៀត រដ្ឋបាលព្រៃឈើ ក៏បានបណ្តុះនិងដាំកូនឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤ នេះ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើ ដើម្បីដាំនិងចែក ចំនួន ៥០ម៉ឺនដើម ក្នុងមួយឆ្នាំ ខណៈដែលកូនឈើ ជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះនិងដាំដោយប្រជាពលរដ្ឋ ជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត។

នៅក្នុងឱកាសដ៏មហាថ្លៃថ្លាវិសេសវិសាលនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមាន ព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរបវរមហាប្រសើរ ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូន ជនរួមជាតិទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានសុភមង្គលគ្រប់ប្រការ តរៀងទៅ ។

ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធី ”រុក្ខទិវា” និងសព្វព្រះរាជហប្ញទ័យយាងជាព្រះរាជាធិបតីក្នុងពិធីនេះ ជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យសង្គមរាស្ត្រនិយម មក ដើម្បីបំផុសនិងលើកទឹកចិត្តឱ្យកូនចៅ ជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា កន្លងទៅ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃនិងដ៏ឆ្នើម របស់ សម្តេច ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ មក ។

“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ នៅទូទាំងប្រទេស បានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិនានា ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។

ព្រះអង្គក៏បានសូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃ ដែលជាមរតកជាតិរបស់យើង ឱ្យបានគង់វង្សរហូតតទៅ៕ ខៀវទុំ

RELATED ARTICLES