Friday, October 18, 2024
Homeសង្គម និងជីវិតបង្ហោះវីដេអូឈប់ប្រើសូឡា ចេញមុខសុំទោស

បង្ហោះវីដេអូឈប់ប្រើសូឡា ចេញមុខសុំទោស

ខេត្តរតនគិរី ៖ បុរសជាម្ចាស់ទំព័រហ្វេសប៊ុក ឈ្មោះឆេង ងួន (NGNO-Vloger) ដែលកន្លងមកថ្មីៗនេះ បានបង្ហោះវីដេអូលើបណ្តាញសង្គម រឿងដោះផ្ទាំងសូឡា ឈប់ប្រើប្រាស់ ដោយសំអាងថា រាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជា តម្រូវឱ្យធ្វើស្វ័យប្រកាស នាំឱ្យមានការលំបាកស្មុគស្មាញ ពេលនេះបានចេញមុខសុំទោសរាជរដ្ឋាភិបាល និងខាងអគ្គិសនី ដោយអះអាងថា ខ្លួនបានប្រព្រឹត្តកំហុសឆ្គង ដោយសារឃើញគេបង្ហោះរឿងសូឡាច្រើន ទើបផុសវីដេអូបែបលេងសើច ធ្វើឱ្យមហាជនមានការយល់ច្រឡំ។

តាមរយៈវីដេអូសុំទោសជាសាធារណៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់ផេកខាងលើ បានរៀបរាប់ថា “កាលពីម្សិលម៉្ងៃ ខ្ញុំបានថតផុសវីដេអូ ខ្ញុំបានរុះរើសូឡា ខ្ញុំថតវីដេអូកំប្លែងលេង ផុសលេងទេ ដោយសារអត់ដឹង ឃើញគេធ្វើវីដេអូច្រើនរឿងសូឡា ទើបខ្ញុំសម្រេចចិត្តធ្វើលេងដែរទៅ ចំពោះរីសត រតនៈ ស្ថិតក្នុងឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី សាងសង់រួចកាលពីឆ្នាំ២០១៧ ប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លុះប្រើបាន ១ឆ្នាំ២ឆ្នាំ សូឡា ឧស្សាហ៍ខូច ពេលមានខ្យល់ ភ្លៀង ទើបងាកមកប្រើម៉ាស៊ីនភ្លើង។ រហូតដល់ឆ្នាំ២០២០ ខាងអគ្គិសនី តភ្លើងរដ្ឋចូលដល់ទីប្រជុំជនបីស្រុក ខាងរីសត រតនៈ ក៏អូសបណ្តាញភ្លើងចូលសម្រាប់ ប្រើប្រាស់មានភាពងាយស្រួល គឺគ្រាន់តែយកវិក្កយបត្រទៅបង់លុយតែប៉ុណ្ណោះ…”។

ជាមួយនេះ ម្ចាស់ផេក NGON-Vloger លើកម្រាមដៃ១០ សុំទោសរាជរដ្ឋាភិបាល និងខាងអគ្គិសនីកម្ពុជា ក៏ដូចជាសំណូមពរម្ចាស់ផេកមួយចំនួន (MMO) កុំឱ្យមានការចែកចាយបន្តទៀត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ៕

RELATED ARTICLES