ភ្នំពេញ ៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រមានចំណុច ចាប់ផ្តើមពីភាគខាងជើងមហាវិថីឈ្នះ-ឈ្នះ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) គ្រោងនឹងចំណាយថវិកាសាងសង់សរុប ក្នុងតម្លៃប្រមាណជាង ៤ពាន់លានដុល្លារ។
យោងតាមប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿននេះ ឆ្លងកាត់រាជ ធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្តាល១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម៤៣គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ១៣១ គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍៣ តំបន់ផ្តល់សេវាកម្ម៤) ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍៥ តំបន់ផ្តល់សេវាកម្ម១ ចំណត រថយន្ត១) និងខេត្តបន្ទាយ មានជ័យ ៩៥គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត១)។ សរុបមានផ្លូវប្តូរទិស ១០ កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត ២កន្លែង។
មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ (Traffic volume survey) សិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។
បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យនឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ នាពេលនាខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន CRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគសាង សង់គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាននិងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងបាវិត ផងដែរ។
ជាបច្ចេកទេសផ្លូវនេះ ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿន ទាំងរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ។ មានគន្លងផ្លូវធ្វើចរាចរណ៍ ចំនួន៤គន្លង (២គន្លងទៅ ២គន្លងមក) ទទឹង ៣,៧៥ម៉ែត្រ។ សួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ។ គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម៉ែត្រ។ និងចិញ្ចើមផ្លូវទទឹង ០,៧៥ម៉ែត្រ។ ដោយបានសិក្សាល្បឿន ១០០ទៅ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
គម្រោងនេះត្រូវបានចែកចេញជា ២ជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២,៥ប៊ីលាន (២,៥ពាន់លានដុល្លារ) និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ១,៧ប៊ីលាន (១,៧ពាន់លានដុល្លារ)៕