Friday, October 18, 2024
Homeព័ត៌មានសិល្បៈណូយ វ៉ាន់ណេត ច្រៀងបួងសួង សុំរកឃើញឧទ្ធម្ភាគចក្របាត់នៅភ្នំខ្មោ.../ច

ណូយ វ៉ាន់ណេត ច្រៀងបួងសួង សុំរកឃើញឧទ្ធម្ភាគចក្របាត់នៅភ្នំខ្មោ…/ច

ភ្នំពេញ ៖ បន្ទាប់ពីកើតមានហេតុការណ៍ឧទ្ធម្ភាគចក្រ ១គ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេម រភូមិន្ទ ដែលហោះហើរដោយអាកាសយានិក ចំនួន២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅតំបន់ភ្នំខ្មោច ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយកម្លាំងយោធាបានរុករកអស់ពេល ១២ថ្ងៃ មកហើយ នៅតែមិនទាន់រកឃើញនោះ តារាចម្រៀងជើងចាស់ លោកណូយ វ៉ាន់ណេត បានរៀបចំពិធីបន់ស្រន់ និងច្រៀងបួងសួង សុំឱ្យឆាប់រកឃើញឧទ្ធម្ភាគចក្រ ១គ្រឿងនោះ និងបួងសួងឱ្យអ្នកបើកបរឧទ្ធម្ភា គចក្រ ទាំងពីរនាក់ នៅរស់រានមានជីវិត មកជួបជុំប្រពន្ធកូនវិញ។

តារាចម្រៀង ណូយ វ៉ាន់ណេត បានបង្ហោះឃ្លីបវីដេអូ តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញពីទិដ្ឋភាពនៃការរៀបចំពិធីបន់ស្រន់ ជាមួយចាស់ទុំប្រុសស្រី និងភ្លេងប្រពៃណីខ្លែរ ដោយច្រៀងបួងសួងសុំឱ្យរកឃើញឧទ្ធម្ភាគចក្របាត់នៅភ្នំខ្មោច ដោយភ្ជាប់ជាមួយសំណេរថា “ខ្ញុំបាទ ណូយ វ៉ាន់ណេត សូមជូនពរដល់បងប្អូននាយទាហានដែលកំពុងតែស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ដាននោះ សូមឱ្យរកឃើញឆាប់ៗ ហើយក៏សូមឱ្យ Pilot ដែលបញ្ជាឧទ្ធម្ភាគចក្រ ទាំងពីរនាក់ សូមឱ្យមានជីវិត មករស់នៅជុំប្រពន្ធកូនវិញផង…”។

តារាចម្រៀង ណូយ វ៉ាន់ណេត បានបួងសួងក្នុងពិធីនោះថា “យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ម្ចាស់ទឹកម្ចាស់ដី បារមី លោកយាយទេព លោកយាយពៅ នៅភ្នំជ្រៃ អូរព្នៅ ភ្នំស្រួច ភ្នំស្រង់ ជាពិសេសទសបារមី ដ៏ពូកែស័ក្តិសិទ្ធិ លោកយាយម៉ៅ បារមីភ្នំខ្មោច បារមីភ្នំ១៥០០ បារមីភ្នំព្រឹក្ស លោកតាគ្រី ភ្នំក្រវាញ ភ្នំដងរែក លោកតាឌី ព្រះវិហារ និងទសបារមីទាំង ៨ទិស សូមលោកជួយបើកផ្លូវ រុករកកូនចៅ ឱ្យត្រឡប់មកជួបជុំគ្រួសារវិញ ដោយសុខសប្បាយ ជាពិសេស ពលទាហាន នាយទាហាន ដែលខំតស៊ូរុករកទាំងយប់ ទាំងថ្ងៃ សូមបារមីលោកយាយម៉ៅ ដ៏ពូកែស័ក្តិសិទ្ធិ ភ្នំខ្មោច ភ្នំ១៥០០ សូមលោកនាំយកកូនចៅទាំងអស់គ្នា មកជួបប្រពន្ធកូន ដោយក្តីករុណា…”។

បន្ទាប់មក លោកណូយ វ៉ាន់ណេត បានច្រៀងចម្រៀងបួងសួង ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

– យើងខ្ញុំអើយ ទាំងអស់គ្នាអើយ លើកហត្ថវន្ទា ដល់អស់ទេវតា យើងខ្ញុំអើយ ទាំងអស់គ្នាអើយ លើកហត្ថវន្ទា ដល់អស់ឱទេវតាអើយ ទាំងឆកាមា ទាំងឆកាម ទិសទាំងប្រាំបី ទាំងឆកាមា ទាំងឆកាមា ទិសទាំងឱប្រាំបី។

– បួងសួងបារមីលោកយាយម៉ៅ ថ្ងៃនេះកូនចៅ លើកហត្ថសូមអង្វរ បួងសួងបារមីលោកយាយម៉ៅ ថ្ងៃនេះកូនចៅលើកហត្ថសូមអង្វរ អាណិតកូនចៅ ខំដើររុករក ម្ចាស់ថ្លៃអើយ ទាំងយប់ទាំងថ្ងៃ អាណិតកូនចៅ ខំដើររុករក ម្ចាស់ថ្លៃអើយ ទាំងយប់ ឱទាំងថ្ងៃ។

– បួងសួងបារមីភ្នំខ្មោច ម្ចាស់ថ្លៃអើយ សូមលោកបើកផ្លូវ បួងសួងបារមីភ្នំខ្មោចអើយ ម្ចាស់ថ្លៃអើយ សូមលោកឱបើកផ្លូវ សូមលោកអាសូរដល់កូនចៅអើយ ម្ចាស់ថ្លៃអើយ ហាលភ្លៀងហាលខ្យល់ សូមលោកអាសូរដល់កូនចៅអើយ ម្ចាស់ថ្លៃអើយ ហាលភ្លៀង ឱហាលខ្យល់។

(ពោល) ៖ ខ្ញុំសូមបួងសួង ព្រះគុណ ដល់បារមីដ៏ស័ក្តិសិទ្ធិ លោកយាយម៉ៅ ភ្នំខ្មោច ភ្នំមួយពាន់ប្រាំរយ ភ្នំព្រឹក្ស លោកតាគ្រី ភ្នំក្រវាញ ភ្នំដងរែក លោកតាឌី ព្រះវិហារ និងទសបារមីទាំងអស់ សូមបើកផ្លូវឱ្យកូនចៅ រុករកឱ្យឃើញ ។

– ខ្ញុំសូមបួងសួង ម្ចាស់ថ្លៃអើយ បារមីភ្នំមួយពាន់ប្រាំរយ ខ្ញុំសូមអើយបួងសួង ម្ចាស់ថ្លៃអើយ ដល់បារមី ឱភ្នំព្រឹក្ស ដោយក្តីអាណិត ម្ចាស់ថ្ងៃអើយ ទឹកភ្នែកភរិយា បុត្រាបុត្រី ដោយក្តីអាណិតអើយ ទឹកភ្នែកភរិយា បុត្រា ឱបុត្រីអើយ។

– លើកហត្ថ ឱបួងសួង ម្ចាស់ថ្លៃអើយ បារមីលោកតាគ្រី លើកហត្ថឱបួងសួងអើយ ម្ចាស់ថ្លៃអើយ បារមីលោកយាយម៉ៅ សូមលោកជួយ ឱនាំផ្លូវ នាំយកកូនចៅ មកជួបជុំគ្រួសារវិញផង សូមលោកជួយនាំផ្លូវ នាំយកកូនចៅ មកជួបជុំគ្រួសារវិញផងអើយ…។

សូមបញ្ជាក់ថា មន្ត្រីយោធាទ័ពអាកាស ជាអាកាសយានិក ២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿងនោះ ទី១-ឈ្មោះ ស៊ុន ផល្លា និងទី២-ឈ្មោះខេង ឆៃយុទ្ធ ៕

RELATED ARTICLES