ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ក្រោយចេញពីរៀនភាសាកូរ៉េ ស្រាប់តែបាត់ខ្លួន មិនឃើញ ត្រឡប់ទៅផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារដើរ តាមរកសព្វកន្លែងនៅតែគ្មានដំណឹង ទើបធ្វើ ឱ្យបុរសជាឪពុកភ័យក៏កាន់រូបថតកូនស្រីមក ដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកកូនស្រីត្រឡប់មកវិញ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាល ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីក្រមុំដែលបាត់ខ្លួនអស់រយៈពេល៣ ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោរត់មកប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍នេះ មានឈ្មោះ ចាន់ ឆវិន អាយុ២៣ឆ្នាំ ជាសិស្សសាលាភាសា កូរ៉េ តូតូ ស្នាក់នៅម្តុំផ្សារឯករាជ្យ២ ស្ថិតក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅភូមិចំការតែ ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នារី ខាងលើ បានបាត់ខ្លួនតាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមសម្តីបុរសឈ្មោះអូន ចាន់ អាយុ៥២ ឆ្នាំ មុខរបរកសិករត្រូវជាឪពុករបស់នារីដែល បាត់ខ្លួន បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កូនស្រីរបស់គាត់បានចាក ចេញពីផ្ទះ ធ្វើដំណើរទៅរៀនភាសាកូរ៉េដូច សព្វមួយដង រួចក៏ស្រាប់តែបាត់ខ្លួនរហូត មិន ដឹងជាទៅដល់ទីណាមិនឃើញត្រឡប់មកផ្ទះ វិញសោះ។
បុរសជាឪពុករូបនេះ បានបញ្ជាក់ថា តាំង ពីដឹងថា កូនស្រីបាត់ខ្លួនក្រុមគ្រួសាររបស់គាត់ បានចែកផ្លូវគ្នាតាមរកសព្វកន្លែង តែគ្មានដំណឹង សោះ សូម្បីទូរស័ព្ទក៏ទាក់ទងមិនចូលដែរ។ លុះបន្ទាប់ពីដើរស្វែងរកកូនស្រី៣ថ្ងៃ នៅតែ គ្មានលទ្ធផល ម៉្យាងដោយទាល់តម្រិះ និងអស់ លទ្ធភាពតាមស្វែងរកតទៅទៀត ទើបនៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់ក៏សម្រេច រត់មកប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍ តែម្តង។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងពីបុរសខាងលើរួចហើយ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជំនាញ ដើម្បី តាមស្វែងរកនារីរងគ្រោះមកប្រគល់ឱ្យក្រុម គ្រួសារវិញ តែរហូតមកដល់ពេលនេះ នៅពុំទាន់ ទទួលបានលទ្ធផលនៅឡើយ។
ក្រុមគ្រួសារនារីរងគ្រោះ បានអំពាវនាវ ដល់បងប្អូនដែលបានឃើញនារីវ័យក្មេងដែល មានភិនភាគដូចខាងលើ សូមជួយផ្តល់ដំណឹង មកគាត់ តាមរយៈទូរស័ព្ទលេខ ០១៥ ៤៣ ៧៥ ៧៩ និង ០៩៧ ៧៣ ៤៤ ៣៥៥ ដោយអនុ– គ្រោះផងចុះ៕