ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ បានចេញសេចក្ដីប្រកាសព័ត៌មាន ឆ្លើយតបនឹងការរិះគន់ បង្ហាញហេតុផលពីការអនុញ្ញាតឲ្យក្រុមហ៊ុន « លឹម រ៉ូយ៉ាល់ ជ័ញ ស្ដុក » បង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹម នៅខេត្តក្រចេះ ដោយបញ្ជាក់ថា វាមិនផ្ទុយពីច្បាប់ ស្ដីពីព្រៃឈើនោះទេ ព្រោះតំបន់ដែលបានអនុញ្ញាតនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ជាតំបន់ឧស្សាហកម្មពាណិជ្ជកម្ម ដែលជាតំបន់សមស្រប ពុំមានផ្ទុយនឹងច្បាប់ស្ដីពីព្រៃឈើ លើការបង្កើតរោងម៉ាស៊ីនកែច្នៃឈើនេះ ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ដែរថា ការអនុញ្ញាតឲ្យបង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹមនេះ គឺជាការលើកទឹកចិត្តដល់វិនិយោគិន ក្នុងការចូលរូមចំណែកបង្កើនការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា បង្កើនតម្លៃបន្ថែមលើការកែច្នៃអស់ពីលទ្ធភាពផល អនុផលព្រៃឈើ និងបង្កើតចំណូលថវិកាជាតិ ៕